ក្រោយ​ការចោទ​ប្រកាន់​ថា​ជា​អ្នក​បង្កើត ​ISIS​ លោក​ស្រី​ Clinton ​បាន​លើក​ឡើង​ថា ​លោក​ Trump​ នឹង​ធ្លាក់​ដល់​បាត​ ហើយ​គ្មាន​ថ្ងៃ​ក្លាយ​ជា​ប្រធានាធិបតី​

(វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន បានដាស់តឿនគូប្រជែង គឺលោក Donald Trump ដែលចោទលោក ស្រី និងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាជាសហស្ថាបនិកនៃក្រុម ISIS នោះ ថាជារឿងមិនពិតទាល់តែសោះ ហើយលោក Trump ខ្លួនឯងហាក់កំពុងតែលិចលង់ជិតដល់បាតទៅហើយ ដែលបុគ្គលបែបនេះមិនគួរមានថ្ងៃណាមួយ ដែលអាចក្លាយជាប្រធានាធិបតីនោះទេ។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។

លោកស្រី គ្លីនតុន បានថ្លែងនៅក្នុងពិធីធ្វើបទបង្ហាញមួយនៅសាលាវិទ្យាល័យ Abraham Lincoln ក្នុងទីក្រុង Des Moines រដ្ឋ Iowa នៅថ្ងៃព្រហស្បតិ៍ថា «ទេ! លោក បារ៉ាក់ អូបាម៉ា មិនមែនជាស្ថាបនិក ISIS នោះទេ។ អ្នកដែល ចង់ព្យាយាមពន្លិចខ្លួនឯងដល់បាតនោះ មិនគួរត្រូវបានជ្រើសរើសឲ្យក្លាជាមេដឹកនាំពួកយើងនោះទេ»។

ថ្លែងចំពោះមុខក្រុមអ្នកគាំទ្រនៅទីក្រុង Fort Lauderdale រដ្ឋផ្លូរីដា ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក លោក Trump បានលើកឡើងថា «ក្រុមសកម្មប្រយុទ្ធនោះ កំពុងតែស្វាគមន៍ប្រធានាធិបតី អូបាម៉ា។ គាត់ជាអ្នកបង្កើតក្រុម ISIS។ គាត់ជាអ្នកបង្កើត ISIS, ដឹងអត់? គាត់ជាស្ថាបនិក! គាត់បានបង្កើត ISIS។ ជាការពិតណាស់ សហស្ថាបនិក ប្រាកដជាលោកស្រី ហ៊ីលឡារី គ្លីនតុន»។

ខណៈដែលមានការស្រែកពាក្យចោទប្រកាន់ខាងលើនេះ ក្រុមអ្នកគាំទ្រលោក Trump រាប់ពាន់នាក់ ក៏បានស្រែកហ៊ោរ ដោយក្តីពេញចិត្តទៅនឹងអ្វីដែល មេដឹកនាំពួកគេ បានលើកឡើង។ វាជាការថ្លែងដោយអត្ថន័យចោទប្រកាន់ធ្ងន់ធ្ងរ លើកទីមួយហើយ សម្រាប់លោក Trump ទៅលើលោកស្រី គ្លីនតុន បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានទទួលរងព្រនង់ នៃពាក្យរិះគន់ លើការបញ្ចេញមតិស្តីពីច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក ដែលនាំឲ្យលោកស្រី គ្លីនតុន ហៅលោក Trump ថាជាមនុស្សចូលចិត្តបំផុសឲ្យមានអំពើហិង្សា៕

ប្រភព៖ freshnewsasia


Related Posts