សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

តារាកំប្លែងស្រីសំដីបាន អ្នកនាង សំ ប៉ូលីដា បានបកស្រាយសារជាថ្មី និងច្បាស់លាស់ថា អ្នកនាងបាន​របួស​ជើង និង​មុខ​យ៉ាង​ធ្ងន់ធ្ងរនេះ ដោយសារការរអិលដួល នៅក្នុងហាងដែលនាងបានសម្ដែង និងដែលមាន​ស្វាមី​នាង ជាមេការ។
សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ

អ្នកនាង សំ ប៉ូលីដា ដែលកំពុងគេងឈឺ នឹងមុខរបួស និងលោក ស្វាយ ស៊ីសុថា។ (រូបថតផ្តិតពីវីដេអូ)

ផ្ទុយពីការអះអាង របស់មិត្តសិល្បៈករ ដែលទម្លាយថា របួសស្នាមរបស់តារាកំប្លែង បណ្ដាលមកពីការ​ធ្វើ​ទារុណ​កម្ម របស់ស្វាមីនោះ អ្នកនាង សំ ប៉ូលីដា បានងើបពីទីសម្រាកព្យាបាល មកបដិសេធ ការបែក​ធ្លាយ​ទាំង​នោះ និងបានអះអាងថា របួសស្នាមរបស់អ្នកនាង បណ្ដាលមកពីរអិលជើងដួល ដែលបណ្ដាល​មក​ពី​ការ​រើ​ឡើង នៃជំងឺទឹកនោមផ្អែម នៅក្នុងរាងកាយខ្លួន។ នេះបើតាមវីដេអូមួយ ដែលថតពីកិច្ចសម្ភាសផ្ទាល់ រវាង​អ្នក​យក​ព័ត៌មាន របស់គេហទំព័រ «សប្បាយ» ជាមួយអ្នកនាងផ្ទាល់ ដែលមានវត្តមាន​របស់ស្វាមីអ្នកនាង លោក ​ស្វាយ ស៊ី​សុ​ថា នៅនឹងក្បែរនោះផង។

អ្នកនាងបានថ្លែងក្នុងវីដេអូថា អ្នកនាងបានច្រៀង នៅក្នុងហាងយីហោ «១សប្បាយ​មែន» ដែលមានស្វាមី​អ្នកនាង​ជាមេការ។ ហាងនោះ ក៏ជាទីជម្រករបស់អ្នកនាង និងគ្រួសារដែរ ដោយហេតុថា អ្នកនាងនិងស្វាមី នៅ​មិន​​ទាន់​មាន​ផ្ទះ​ខ្លួនឯង​​នៅឡើយ។ នៅយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានេះ ដោយសារហាងមានភ្ញៀវ មាន​ចំនួន​ច្រើន និងមានបុគ្គលិកបម្រើការ មានចំនួនតិចនោះ ទើបអ្នកនាងបានចូលខ្លួន ទៅជួយរត់​ចាប់​ទឹក​កក។

តារាកំប្លែងបានបន្តទៀតថា ជើងរបស់អ្នកនាង មានរបួសធ្លាប់បាក់​រួចម្ដងហើយ តែនៅពេលជួយរត់តុនោះ ទំនង​ជាបណ្ដាល​ពីអាការៈ​ជំងឺទឹកនោមផ្អែម ដែលអ្នកនាងមិនដឹងខ្លួន ពីមុនមកនោះផង ទើបធ្វើឲ្យអ្នកនាង​រអិល​ជើង ហើយបានដួលមួយជំហរ នៅលើទូទឹកកក បណ្ដាលឲ្យប៉ះត្រូវមុខរបួស និងបណ្ដាលឲ្យបាក់ជើង ជាថ្មី​ទៀត។ ភ្លាមៗនោះ ស្វាមីនាង និងភ្ញៀវមួយចំនួន បានផ្អើលឈូឆរ ជូននាងទៅមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ ក៏អ្នកនាងបានទទួលស្គាល់ដែរថា ស្វាមីអ្នកនាង ពិតជាធ្លាប់បានប្រើអំពើហិង្សាម្ដងម្កាល ក្នុង​ពេល​ជជែក​គ្នា​នោះមែន ប៉ុន្តែគ្រាន់តែជាបិទបន្ទប់ទុកអ្នកនាងចោល ឬច្រានអីតិចតួច នៅពេលអ្នកនាង​ផឹក​ស្រវឹង​ប៉ុណ្ណោះ។ ប៉ុន្តែចំពោះរឿងដែលបានកើតឡើង កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានោះ គឺ​គ្មាន​ពាក់ព័ន្ធ​​នឹង​រឿង​ហិង្សាអ្វី​ទេ។ តារាកំប្លែង បានសម្ដែងការហួសចិត្ត ចំពោះអ្នកដែលនិយាយថា អ្នកនាង​​ត្រូវ​ប្ដី​​វាយ​នឹង​បំពង់​ទីប។ អ្នកនាង សំ ប៉ូលីដា បានអះអាងដោយកំប្លែងតិចៗថា បើសិនជាប្ដី ធ្វើដល់ថ្នាក់​នោះ​មែន ហើយ​​អ្នក​នាង​​នៅ​​តែ​​ការពារ​​ប្ដី​​ទៀត​​នោះ គឺ​អ្នកនាងលើសពីមនុស្សឆ្កួតទៅទៀត៕

---------------

សូមទស្សនាវីដែអូ នៃការលើកឡើង របស់អ្នកនាង សំ ប៉ូលីដា និងស្វាមីដូចខាងក្រោម៖

ដំណឹងរបួសរបស់តារាកំប្លែង ត្រូវបានតារាសម្ដែងជាច្រើន ចូលរួមជួយឈឺឆ្អាល បង្ហោះជាវីដេអូជាបន្តបន្ទាប់។ ខាង​ក្រោម​នេះ ជាវីដេអូមួយ របស់តារាសម្ដែង និងជាអ្នកកំប្លែងដ៏ល្បី អ្នកនាង ខាត់ សុខឃឹម ៖

» រូបថត នៅមុនអ្នកនាង សំ ប៉ូលីដា ចូលរោងការជាមួយលោក ស្វាយ ស៊ីសុថា៖

សំ ប៉ូលីដា ថ្លែងពីការពិត​​រឿង​បាក់ជើង និងបដិសេធប្ដីវាយ