តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​អ្នក​ទោស​វៀតណាម​វាយ​អ្នក​ទោស​ខ្មែរ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស

សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ដែល​ចូល​សួរ​សកម្មជន​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា មាន​អ្នក​ទោស​វៀតណាម មួយ​ក្រុម​វាយ​ធ្វើ​បាប​អ្នក​ទោស​មនសិការ​ហូត​ដល់​សន្លប់​ពីរ​ដង​ទម្រាំ​ទទួល​បាន​ការ​អន្តរាគមន៍។

ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​ក្រុម​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​ជួប​បញ្ហា​នៅ​ក្នុង​ពន្ធនាគារ។  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​បន្ទប់​លេខ​១៧ ក្នុង​តំបន់​អាគារ​ប៊ី (B) នៅ​មណ្ឌល​កែប្រែ ម.១ ឬ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។

សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ថា លោក​ទទួល​ព័ត៌មាន​នេះ ពី​អ្នកទោស​មនសិការ បន្ទាប់ពី​លោក​បាន​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់ នៅ​គុក​ព្រៃស នៅ​ព្រឹក​ថ្ងៃ​១២ ខែ​សីហា។

​លោក ឡុង រី ចោទ​ប្រកាន់​ករណី​ហិង្សា​នេះ​ថា​ជា​ការ​ធ្វើ​ទារុណកម្ម​ក្រៅ​ប្រព័ន្ធ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដើម្បី​ធ្វើ​លិខិត​តាម​រយៈ​រដ្ឋសភា​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​លើ​រឿង​នេះ៖ «»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ពន្ធនាគារ ឬ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា។ ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ថា ជា​សិទ្ធិ​របស់​សមាជិក​សភា​ដែល​ដាក់​លិខិត​តាមរយៈ​រដ្ឋសភា​ចង់​ដឹង​ពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល៖ «»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា មន្ត្រី​អគ្គានុរក្ស​នៃ​ពន្ធនាគារ​ត្រូវ​រឹត​បន្តឹង និង​ដាក់​ពិន័យ ឬ​កសាង​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​បន្ថែម​ទៀត​ទៅ​លើ​ជន​ប្រព្រឹត្ត ក្នុង​ករណី​រឿង​នេះ​ជា​រឿង​ពិត។  មន្ត្រី​សង្គម​ស៊ីវិល​ដដែល​ថា ការ​ដែល​បន្ទប់​ពន្ធនាគារ​តូច​ចង្អៀត ផ្ទុក​អ្នក​ទោស​ច្រើន​លើសលប់​ដូច​នេះ ក៏​ជាដើម​ហេតុ​ធ្វើ​ឲ្យ​អំពើ​ហិង្សា​ដែរ៖ «»។

សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ថា ស្ថានភាព​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ត្រូវ​ឆ្មាំ​រឹត​បន្តឹង​មិន​អនុញ្ញាត​ឲ្យ​ជួប​គ្នា​ដែល​ផ្ទុយ​ស្រឡះ​ពី​អ្នក​ដែល​វាយ​តំណាងរាស្ត្រ និង​អ្នក​ទោស​បរទេស​មាន​សេរីភាព​នៅ​ក្នុង​ពន្ធនាគារ និង​រយៈពេល​ជួប​សាច់ញាតិ​ច្រើន​ជាង​អ្នក​ទោស​នយោបាយ។

​លោក​ថា លោក​នឹង​ស្នើ​ក្រសួង​មហាផ្ទៃ ឬ​ពន្ធនាគារ​ឃុំ​អ្នកទោស​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ និង​ទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ឆក់​ប្លន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។