សាលាដំបូង​បិទ​ការ​សាកសួរ​លើ​សំណុំ​រឿង​លោក កឹម សុខា

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ចៅក្រម​ស៊ើបសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​លោក កឹម សុខា អំពី​ការ​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​បដិសេធ​មិន​ចូល​ខ្លួន​របស់​លោក។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អោយ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) ថា​ចៅក្រម​នឹង​បន្ត​នីតិវិធី​ដោយ​បញ្ជូន​សំណុំរឿង​អោយ​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើ​ដីកា​សន្និដ្ឋាន​ស្ថាពរ និង​បន្ទាប់​មក​ចៅក្រម​ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ។

លោក កឹម សុខា កំពុង​បន្ត​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​បក្ស​បន្ទាប់​ពី​លោក​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ព្រោះ​តែ​សំណុំរឿង​នេះ បន្ទាប់​ពី​លោក​បដិសេធ​មិន​ចូល​ទៅ​បំភ្លឺ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ទាក់ទង​នឹង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។