ពលរដ្ឋ​ខ្មែរ​ជាង ៩​លាន​នាក់​គ្រប់​អាយុ​បោះឆ្នោត​ និពន្ធដោយ : រឿន ភារុន       August-12-2016, 8:39 pm         194

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលរដ្ឋ​ខ្មែរ​ជាង ៩​លាន​នាក់​គ្រប់​អាយុ​បោះឆ្នោត​​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ​ចំនួន ៩​លាន​៦​សែន​នាក់ មាន​អាយុ​គ្រប់ ដើម្បី​ចូលរួម ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨​ខាងមុខ​។ នេះ​បើតាម​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ បោះឆ្នោត​។​

​លោក គួ​យ ប៊ុន​រឿន ធានា​អះអាងថា ការចុះបញ្ជី​បោះឆ្នោត​នា នឹង​ធានាបាន​នូវ​តម្លាភាព គុណភាព និង​សុវត្ថិភាព ពេលខាងមុខ ព្រោះ​អ្នកជំនាញ​ការបោះឆ្នោត​អឺរ៉ុប និង​ជប៉ុន បាន​ជួយ គ​.​ជ​.​ប លើ​បច្ចេកទេស​រៀបចំ​បញ្ជី​បោះឆ្នោត​នេះ​គ្រប់គ្រាន់​។​

​លោក​ជឿជាក់ថា វា​នឹង​បម្រើ​ឲ្យ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់ឆ្នោត និង​គ្រប់​គណបក្សនយោបាយ​ទាំងអស់​កាន់តែ​ប្រសើរ​ជាង​មុន​។ លោក​អះអាង​បែបនេះ មុនពេល គ​.​ជ​.​ប បើកទ្វារ​ឃុំ​សង្កាត់​ចំនួន ១៦៣៣​កន្លែង ឲ្យ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ទូទាំងប្រទេស​។​

​អនុប្រធាន គ​.​ជ​.​ប​រូបនេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ស្តីពី ការចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ ២០១៦​នៅ​ថ្ងៃទី​១២ ខែសីហា​នេះ​ថា ពលរដ្ឋ​ចំនួន ៩​លាន​៦​សែន មាន​អាយុ​គ្រប់​បោះឆ្នោត ខាងមុខ​។ ក្នុងនោះ ភាគច្រើន​នៃ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ជា​យុវជន​អាយុ​ក្រោម ៣០​ឆ្នាំ​។​

​បន្ថែម​លើសពីនេះ លោក​បាន​ផ្ញើ​តាមរយៈ​អ្នកសារព័ត៌មាន​អំពាវនាវ​ពលរដ្ឋ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​បោះឆ្នោត មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ទាំងចាស់ និង​ថ្មី ឲ្យ​អញ្ជើញ​ទៅ​ចុះ ឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ជាមួយគ្នា លោក​បន្ត​និយាយ​ពី​ការជំរុញ​ការចុះឈ្មោះ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​នាពេលខាងមុខ​ថា គ​.​ជ​.​ប បាន​បោះពុម្ព​លិខិតអញ្ជើញ​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ជាង ១២​លាន​សន្លឹក​ផងដែរ ដើម្បី​ធានាថា​សេចក្តីជូនដំណឹង​ពី​ការបោះឆ្នោត​បាន​ដល់ដៃ​ពួក​គ​គ្រប់គ្រាន់​។​

«​ច្បាប់​របស់​យើង​កំណត់​ឲ្យ​មនុស្សម្នា​ក់បោះ​តែមួយ​ទេ​។​ទី​ពីរ ប្រសិទ្ធិភាព​នៃ​ការរៀបចំ​ប្រព័ន្ធ បោះឆ្នោត​លើក​នេះ គឺមាន​លក្ខណៈពិសេស​មួយ ដើម្បី​ឲ្យ​បញ្ជី​បោះឆ្នោត​មួយ​មាន​តម្លាភាព បញ្ជី​បោះឆ្នោត​ដែលមាន​គុណភាព ហើយ​បញ្ជី​បោះឆ្នោត​មាន​សុវត្ថិភាព​។ សុវត្ថិភាព មានន័យថា ការពារ​ទិន្នន័យ​ពលរដ្ឋ​មានឈ្មោះ​បោះឆ្នោត កុំ​ឲ្យ​បាត់បង់​។ តម្លាភាព​បានន័យថា មនុស្ស​ម្នាក់​ចុះ​បានតែ​ម្នាក់​។ រីឯ គុណភាព គឺថា បញ្ជី​បោះឆ្នោត​អាច​ប្រើប្រាស់​បាន ដោយ​ពុំមាន​បញ្ហា​ដូច​ពីមុន​ដែល​រង​ការចោទប្រកាន់​»​។ លោក គួ​យ ប៊ុន​រឿន និយាយ​បញ្ជាក់បន្ថែម​លើ​ការរៀបចំ​បញ្ជី​បោះឆ្នោត​របស់​អ្នកជំនាញការ​អឺរ៉ុប និង​ជប៉ុន​។​

​បើតាម​លោក គួ​យ ប៊ុន​រឿន មកទល់ពេលនេះ គ​.​ជ​.​ប បាន​ដោះស្រាយ​សំណើ​ជូន​គណបក្ស នយោបាយ និង​ភាគី​ពាក់ព័ន្ធ​នានា​ជាង ៨០​ភាគរយ​ហើយ​។​

​សូមបញ្ជាក់​ថាគ​.​ជ​.​ប បាន​ត្រៀម​ថវិកា​ចំនួន​២៣​លាន​ដុល្លារ​ផងដែរ​ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​នា​ឆ្នាំ​២០១៧ ខាងមុខ​៕