តួ​ក​គី​ចិត្តសឿង​ដល់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អាមេរិក បើ​គ្មាន​បត្យាប័ន​លោក Gulen? និពន្ធដោយ : សៅ ផលនិស្ស័យ       August-12-2016, 8:59 pm         1446

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី​ចិត្តសឿង​ដល់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អាមេរិក បើ​គ្មាន​បត្យាប័ន​លោក Gulen?ប្រធានាធិបតី​តួ​ក​គី​ហាក់បីដូចជា​កំពុង​ដាក់​ឱសានវាទ​ឲ្យ​សហរដ្ឋអាមេរិក​ចំពោះ​ការសម្រេច​បញ្ជូន​បុព្វ​ជិត Fethullah Gulen ដែល​ត្រូវ​តួ​ក​គី​ចោទប្រកាន់ថា​នៅ​ពីក្រោយ​រដ្ឋប្រហារ​បរាជ័យ​នោះ​។ រឿង​ធ្វើ​បត្យាប័ន​អ្នកទោសនយោបាយ​ជា​រឿង​ស្មុគស្មាញ​សម្រាប់​អាមេរិក​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា សំណើរ​សុំ​ធ្វើ​បត្យាប័ន​អាចធ្វើ​ទៅបាន​ដរាបណា​តែ​តួ​ក​គី​មាន​ភស្តុតាង​និង​សម្អាង​ផ្លូវច្បាប់​គ្រប់គ្រាន់​ស្របតាម​សន្ធិសញ្ញា​ឬ​ច្បាប់​នានា​។ គេ​មិនដឹងថា តួ​ក​គី​ចិត្តសឿង​កម្រិតណា​ឡើយ បើសិនជា​អាមេរិក​មិន​ព្រម​ប្រគល់​បុព្វ​ជិត​ខាងលើ​តាម​ការស្នើសុំ​។ ប៉ុន្តែ​តែ​ការ​ឈានទៅ​ផ្តាច់ចំណង​ការទូត​ឬ​កិច្ចសហប្រតិបត្តិការ​នោះ​មិនអាច​កើតឡើង​ឡើយ​។  

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​នៅ​សប្តាហ៍​នេះ​សម្ព័ន្ធមិត្ត​អាមេរិក តួ​ក​គី បានដាក់​ឱសានវាទ​ឬ ដាក់​កំហិត​ចុងក្រោយ​ឲ្យ​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​បញ្ជូន​ខ្លួន បុព្វ​ជិត​ផ្សព្វផ្សាយ​សាសនា​ឥស្លាម Fethullah Gulen មកកាន់​តួ​ក​គី​វិញ​តាម​ការធ្វើ​បត្យាប័ន​នោះ​។ យោងតាម​សារព័ត៌មាន CNN ប្រធានាធិបតី​តួ​ក​គី​លោក  Recep Tayyip Erdogan បាន​អះអាងថា ក្រុង​វ៉ាស៊ីនតោន ត្រូវ​សម្រេចចិត្តថា​តើ​ត្រូវ​ជ្រើស​រើសយក​មួយណា​រវាង​ទំនាក់ទំនង​ជាមួយ​តួ​ក​គី​និង​មេដឹកនាំ​ចលនា Gulen បុព្វ​ជិត​សាសនា​ឥស្លាម Fethullah Gulen​នោះ​។​

​សូម​បើក​វង់ក្រចក​បន្តិច​ចុះ លោក Fethullah Gullen ត្រូវបាន​រដ្ឋាភិបាល​ក្រុង អង់កា​រ៉ា​ចោទប្រកាន់ថា​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ចលនា​រដ្ឋប្រហារ​បរាជ័យ​ថ្ងៃ ១៥​កក្កដា​កន្លងទៅ​។ ហើយ​លោក​ជា​អតីត​សម្ព័ន្ធមិត្ត​នយោបាយ​របស់​ប្រធានាធិបតី Erdogan ដែរ ប៉ុន្តែ​ក្រោយ​មាន​ជម្លោះ​លោក​ក៏ត្រូវ​និរទេស​ខ្លួន​ទៅ​រស់នៅ​រដ្ឋ Pennsylvania ក្នុង​ឆ្នាំ ១៩៩៩ ។​

​យ៉ាងណា​ក៏ដោយចុះ​ការបន្ត​ទាមទារ​របស់​រដ្ឋាភិបាល​តួ​ក​គី​នេះ​ក្លាយជា​បញ្ហា​ប្រឈម​មួយ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឈឺក្បាល​ខ្លាំង​ដែរ​។ រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ថ្លឹងថ្លែង​មើល​ពី​ព្យសនកម្ម​ដែល​ប​ណា្ត​ល​មកពី​ការមិន​គោរព​ឱសានវាទ​របស់​ក្រុង​អង់កា​រ៉ា ហើយ​គេ​ព្យាយាម​វាយតម្លៃថា អនាគត​នៃ​ទំនាក់ទំនង​ការទូត​រវាង​តួ​ក​គី​និង​អាមេរិក​នឹង​ប្រែប្រួល​បែប​ម៉េច​ខ្លះ​។ គេ​ជឿថា​តួ​ក​គី​មិន​ហ៊ាន​បោះបង់​អាមេរិក​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ តែ​អ្វីដែល​អាមេរិក​មិនអាច​ព្រងើយកន្តើយ​បាននិងកំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នោះ​គឺ ការ​ត្រឡប់​ទៅរក​ភាពស្អិតល្មួត​នៃ​ទំនាក់ទំនង​រុស្ស៊ី​និង​តួ​ក​គី​តែម្តង​។ បើ​ថ្លឹងថ្លែង​ខុស សម្ព័ន្ធភាព​ពិសេសរ​វា​តួ​ក​គី​និង​អាមេរិក​ដែលមាន​រាប់​ឆ្នាំ អាច​ប្រេះឆា​ផង​ក៏​មិនដឹង​។​

១. លោក អូ​បា​ម៉ា ថា បត្យាប័ន​ធ្វើទៅបាន​បើសិន​ជាមាន​សម្អាង​ផ្លូវច្បាប់​ត្រឹមត្រូវ​
​ពាក់ព័ន្ធ​ការធ្វើ​បត្យាប័ន​បុព្វ​ជិត​សាសនា​ខាងលើនេះ គេ​ឃើញ​មានការ​ជជែក​ដេញដោល​គ្នាច្រើន​ដែរ​ក្នុងចំណោម​អ្នកជំនាញ​ច្បាប់​អាមេរិក​។  តួ​ក​គី​បានស្នើ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​បុព្វ​ជិត​ខាងលើ ដោយមាន​បញ្ជូន​របាយ​ការណ៍​ច្រើនសន្ធឹក​មក​ឲ្យ​មន្ត្រី​អាមេរិក ដើម្បី​គាំទ្រ​សំណើរ​របស់ខ្លួន​ផង​។ ឯកសារ ៨៥ ប្រអប់​ត្រូវបាន ក្រុង​អង់កា​រ៉ា​បញ្ជូនទៅ​អាមេរិក ហើយ​តួ​ក​គី​អះអាងថា របាយការណ៍​ច្រើនសន្ធឹក​នេះ​អាច​ផ្តល់​អំណះអំណាង​ផ្លូវច្បាប់​សម្រាប់​ការរៀបចំ​បត្យាប័ន​លោក Fethullah Gulen បាន​ហើយ​។​

​យ៉ាងណា​ក៏ដោយចុះ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក Fethullah Gullen អាច​ត្រូវធ្វើ​បត្យាប័ន​បញ្ជូនទៅ​តួ​ក​គី​ដើម្បី​កាត់ទោស​បាន​ដរាបណា​មាន​ដំណើរការ​ផ្លូវច្បាប់ ហើយ​បើសិន​សំណើរ​សុំ​ធ្វើ​បត្យាប័ន​ត្រូវបាន​គេ​រកឃើញថា​មាន​ទម្ងន់​គតិយុត្តិ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​និង​សន្ធិសញ្ញា​ដែលមាន​នោះ​។ ជាធម្មតា ផ្អែក​តាមច្បាប់ ការធ្វើ​បត្យាប័ន​នេះ​អាចធ្វើ​ទៅបាន​ដរាបណា​មាន​សន្ធិសញ្ញា​រវាង​ភាគី​ទាំងពីរ​។ នេះ​បញ្ជាក់​ច្បាស់​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ទម្រាំ​មានការ​ធ្វើ​បត្យាប័ន​ឬ​មិន​អាចមាន​បើសិនជា​អាមេរិក​យល់ថា វា​មិនមែនជា​បទល្មើស​ដែល​ស្ថិតក្នុង​ប្រភេទ​ឧក្រិដ្ឋកម្ម​ដែល​អាចធ្វើ​ប​ត្យ​ប័ន​បាន​។ បើសិន​ជន​ដែល​ត្រូវធ្វើ​បត្យាប័ន មាន​ពាក់ព័ន្ធ​បញ្ហានយោបាយ​នោះ វារឹតតែ​លំបាក​ទៀត​។​

​មកទល់ពេលនេះ​លោក Gulen បន្ត​បដិសេធ​ការចោទប្រកាន់ថា​លោក មាន​ជាប់​ពាក់ព័ន្ធ​រដ្ឋប្រហារ​បរា​ជ័យ​កាលពី​ខែកក្កដា​នោះ ហើយ​លោក​ទាត់ចោល​ដីការ​ចាប់ខ្លួន​របស់​អា​ជ្ញា​ធរ​តួ​ក​គី​ថែម​ទៀតផង​។​

២. ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រុស្ស៊ី ធ្វើ​ឲ្យ​តួ​ក​គី​កាន់តែ​ចិត្តសឿង​?
​យ៉ាងណា​ក៏ដោយចុះ ឱសានវាទ នេះ​គ្រាន់តែ​ជា​គំនៀប​បង្ខំ​លោកខាងលិច​ប៉ុណ្ណោះ​។ តួ​ក​គី​មើលឃើញ​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​នោះ​។ ចង់​មិន​ចង់ តួ​ក​គី​មិន​ចិត្តសឿង​ដល់​ថ្នាក់​ផ្តាច់ចំណង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឡើយ តែ​ទំនាក់ទំនង​ដែលមាន​វា​ប្រាកដ​ណាស់​ថា​នឹង​កាន់តែ​ល្អក់​ករក​បើសិនជា​អាមេរិក​នៅ​រឹងរូស​មិន​ព្រម​បញ្ជូន​លោក Fethullah Gulen ទៅ​តួ​ក​គី​។  កាលពី​ថ្ងៃ​ពុធ​ទី ១០ សីហា ទីប្រឹក្សា​ប្រធានាធិបតី​តួ​ក​គី Ilnur Cevik បាន​ថ្លែងថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា មិនមាន​ជំហរ​ណាមួយ​ក្នុងការ​លះបង់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ឡើយ ហើយក៏​រឹតតែ​គ្មាន​ចេតនា​បិទ​មូលដ្ឋានទ័ព​អាមេរិក​នៅ Incirlik ដែល​អាមេរិក​កំពុង​ប្រើប្រាស់​ដើម្បី​វាយប្រហារ​ក្រុម​ដែ​ស្ហ​ដែរ​។

​តែ​យ៉ាងណាក៏ដោយ វា​នៅតែ​ពិបាក​ស្មាន ព្រោះ រដ្ឋាភិបាល​តួ​ក​គី​កាន់តែ​កៀក​ជិត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ខ្លាំង​ផង​។ ទំនាក់ទំនង​ការទូត​រុស្ស៊ី​និង​តួ​ក​គី ត្រូវបាន​ចាប់ផ្តើម​ឡើង​វិញ ហើយ​ភាគី​សន្យាថា នឹង​បន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរឡើង​ទ្វេដង​។ រុស្ស៊ី​សម្រេច​ដក​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​ចេញ និង​ចាប់ផ្តើម​គម្រោង​នានា​ពាក់ព័ន្ធ​វិស័យ​ថាមពល​ឡើងវិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុង​ម៉ូស្គូ​នឹង​ជំរុញ​ឲ្យ​អ្នកទេសចរ​ទៅលេង​នៅ​តួ​ក​គី​ឡើងវិញ​ផង​។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក Erdogan ក៏​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​ទៀត​។ រឿង​មួយទៀត ក្រុង​អង់កា​រ៉ា​ធ្លាប់​ព្រលយ​ពាក្យ​ថា ខ្លួន​អស់ចិត្ត​ក្នុងការ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ទៀត​៕