ប្រធានាធិបតី​ឥណ្ឌូណេស៊ី បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​ប៉ូលិស​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-12-2016, 9:39 pm         140

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ឥណ្ឌូណេស៊ី បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​ប៉ូលិស​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ទទួលបន្ទុក​ស​ន្តិ​សុខ បើក​ការស៊ើបអង្កេត​លើ​ករណី​ជាប់​ពាក់ព័ន្ធ​របស់​មន្ត្រីប៉ូលិស ក្នុងការ​ជួញដូរ​គ្រឿង​ញៀន​ក្នុងប្រទេស​។ លោក​ប្រធានាធិបតី ចេញ​បញ្ជា​ដូចនេះ បន្ទាប់ពី​មាន​របាយការណ៍​ថា មន្ត្រីប៉ូលិស​ឥណ្ឌូណេស៊ី ទទួល​ប្រាក់​សំណូក​ពី​ឈ្មួញ​គ្រឿងញៀន ដើម្បី​ការពារ​មុខរបរ​ពួកគេ​។

​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១១ ខែសីហា ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​បញ្ជា​ឲ្យ​មេ​ប៉ូលិស​ជាតិ បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត​របាយការណ៍​មួយ​ដែល​អះអាងថា មាន​ប៉ូលិស​ឥណ្ឌូណេស៊ី ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​។ លោក វី​ដូ​ដូ ក៏បាន​ចោទសួរ​ពី​មូល​ហេតុដែល​សំណុំ​រឿងនេះ មិនត្រូវ​បាន​លើក​មក​តាំងពី​ពេល​កើតឡើង​។​

​ការដាក់​បញ្ជា​នេះ​ធ្វើឡើង នៅក្រោយ​សកម្មជន​ល្បីឈ្មោះ​ម្នាក់ បាន​ទម្លាយ​រឿងរ៉ាវ​នៃ​ការចូល​ដៃ​របស់​ប៉ូលិស​ជាមួយ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​។ លោក Haris Azhar សកម្មជន​នៃ​គណៈកម្មការ​សម្រាប់​ជន​បាត់​ខ្លួន បាន​និយាយថា Freddy Budiman ដែល​ឈ្មួញ​គ្រឿងញៀន បាន​សារភាពថា រួប​គេ​បានផ្ដល់​លុយរាប់​លាន​ដុល្លារ​ដល់​ប៉ូលិស ទាហាន និង​មន្ត្រី​គយ ដើម្បី​ការពារ​ជំនួញ​របស់ខ្លួន​។ យ៉ាងណាក្ដី ជន Budiman និង​មនុស្ស​បីនាក់​ទៀត ត្រូវបាន​ប្រហារជីវិត​រួចហើយ កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។
  
​តាម​សេចក្ដីថ្លែងការណ៍​ដដែល ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានដាក់​បញ្ជា​ឲ្យ​ប៉ូលិស «​តាមដាន ស៊ើបអង្កេត និង​ដំណើការ​ក្ដី​» ចំពោះ​ការចោទប្រកាន់​នេះ ប្រសិនបើ​នេះ​ជាការ​ពិតមែន​នោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​លោក វី​ដូ​ដូ ដែល​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១៤ បានចាត់ទុក​ការ​បោសសម្អាត​គ្រឿងញៀន ជា​អាទិភាព​របស់លោក ខណៈដែល​គ្រឿងញៀន នៅតែ​អុកឡុក​ពាសពេញ​ផ្ទៃ​ប្រទេស​។ នេះ​ក៏ដោយ​សារ​មានការ​ស៊ីសំណូក​រវាង​អ្នកអនុវត្ត​ច្បាប់ និង​ឈ្មួញ​គ្រឿងញៀន ដែល​បានផ្ដល់​លុយ​រាប់លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការបិទបាំង​ជំនួញ​បែបនេះ​។

​យ៉ាងណាមិញ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ​កាន់តំណែង ប្រធានាធិបតី វី​ដូ​ដូ ក៏បាន​ដាក់ចេញ​យុទ្ធនាការ​ប្រហារ​ឧក្រិដ្ឋជន​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដើម្បី​កម្ចាត់​ឈ្មួញ​រត់ពន្ធ​គ្រឿងញៀន និង​អ្នក​ដែល​ជា់ប់​ពាក់ព័ន្ធ​ផ្សេងទៀត​។ ការប្រហារជីវិត​ដោយ​ការបាញ់​កាំភ្លើង ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង ដោយ​អះអាងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មិន​គោរព​សិទ្ធិមនុស្ស​ថែមទៀត​ផង​៕