ព័ត៌មាន​បន្ថែម​ទាក់ទង ចោរប្លន់​ជនជាតិ​ចិន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដឹកនាំ​ដោយ​លោក តូច ផ​ន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​រោងចក្រ​ផលិត​ប្រអប់​ភ្លើង ដែល​បាន​កើតហេតុ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​របង​វត្ត​អង្គ​តា​មិ​ញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ វេលា​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦​។

ដើម្បី​ត្រួតពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង និង​រក​វត្ថុ​តាង​ដែល​ក្រុម​ជនសង្ស័យ ចូល​ទៅ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជន​រង​គ្រោះ​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​ថៅកែ​រោងចក្រ​នោះ​រួម​នឹង​បុគ្គលិក​ម្នាក់​ទៀត បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ស្រាល កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦​។

នៅ​ក្នុង​ខណៈ​ដែល​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់ បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ធៀន អ៊ី​ចិន អាយុ​៣៤​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា​ក្រុម​ជនសង្ស័យ មាន​គ្នា​តែ​៥​នាក់​ប៉ុណ្ណោះ មិនមែន​៦​នាក់​ទេ ពួក​ចោរ​មាន​សោ​ចាក់​ចូល​តាម​ទ្វារ​មុខ រួច​បាន​ឡើង​ទៅ​លើ​ឡៅតឿ ហើយ​បាន​ចាប់ខ្លួន​ចង​ដោយ​ខ្សែ​ជ័រ និង​វាយ​ធ្វើបាប​។ បន្ទាប់​មក​ទើប​ទៅ​ធ្វើ​សកម្មភាព វាយ​ទ្វារ​បន្ទប់​ជន​រង​គ្រោះ ទាំង​ពី​នាក់​ប្ដី​ប្រពន្ធ ដែល​ស្ថិត​នៅ​ជាប់​គ្នា​នោះ បណ្ដាល​ឲ្យ​ធ្លុះធ្លាយ​ទ្វារ​ឈើ និង​បែក​កញ្ចក់​បង្អួច​ខ្ទេចខ្ទីរ រួច​ចូល​ទៅ​ប្រយុទ្ធ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ដោយសារ​តែ​ចោរ​មាន​គ្នា​ច្រើន​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ប្រយុទ្ធ​មិន​ឈ្នះ​ឡើយ និង​បាន​នាំ​គ្នា​រត់​ទាំង​មាន​របួស​ចុះ​មក​ក្រោម​ក៏​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ចុះ​តាម​វាយ និង​បាន​ចាប់​ចងជើង​បុរស​ជា​ប្ដី​ដោយ​ខ្សែលួស​ជាប់ រួច​យក​ញញួរ​វាយបំបាក់​ជើង ចំណែកឯ​ខ្លួន​បាន​ខំប្រឹង​រើ​បម្រាស់​រួច​ពី​ចំណង​ដែល​ចោរ​ចាប់ចង ហើយ​បាន​រត់ឡើង​ទៅ​លើដំបូល​រោងចក្រ ដើម្បី​គេច​ពី​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ពួក​ចោរ​។

បុរស​នោះ​បាន​បន្ត​ថា ដោយឡែក​ក្រុម​ចោរ​ក្រោយ​វាយ​ប្លន់​យក​បាន​កាបូប​លុយ និង​ទូរស័ព្ទ​ជន​រង​គ្រោះ​រួច​បក្ខពួក​ចំនួន​៤​នាក់ បាន​រត់​ចេញ​វិញ​តាម​ទ្វារ​មុខ​បាត់ រីឯ​បក្ខពួក​ម្នាក់​ឈ្មោះ ចេក ច​ន្នី រត់​ចេញ​មិន​ទាន់ ព្រោះ​ត្រូវ​ជន​រង​គ្រោះ​វាយ​តដៃ​ឲ្យ​របួស​ដែរ និង​ត្រូវ​ជន​រង​គ្រោះជា​ប្រពន្ធរ​ត់ទៅ​ចាក់សោ​ទ្វារ​ជាប់ ធ្វើ​ឲ្យ​ចេញ​មិន​រួច​បន្ទាប់​មក​ជន​នោះ​ក៏​បាន​ឡើង​ផ្លោះ​ចេញ​តាម​បង្អួច​ខាងក្រោយ បណ្ដាល​ឲ្យ​ធ្លាក់​មក​ក្រោម​បាក់ជើង និង​ត្រូវ​បាន​កម្លាំង​ចាប់ខ្លួន​បាន​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​បរិវេណ​រោងចក្រ និង​បន្ទប់​ជាន់​ឡៅតឿ​មាន​សុទ្ធតែ​ឈាម​គ្រប់កន្លែង​ទាំងអស់ ហើយ​ប្រឡាក់​សម្ភារ​នៅ​ក្នុង​រោងចក្រ​នោះ​ថែម​ទៀត​ផង ដែល​នេះ​គឺជា​សកម្មភាព​ប្លន់​ពិត​ៗ​។​ចំណែកឯ​ក្រុម​ជនសង្ស័យ​ដែល​ជា​ចោរប្លន់​នា​ពេល​នោះ មាន​គ្នា​តែ​៥​នាក់​ប៉ុណ្ណោះ មិនមែន​មាន​៦​នាក់​នោះ​ឡើយ មាន​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម ញញួរ និង​ដំបង​ដែល​បំពង់​ទីប​គ្រប់​ដៃ​ទៀត​ផង ដែល​ពេល​ចូល​ទៅ​ដល់ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ មិនតែប៉ុណ្ណោះ ជនសង្ស័យ​ឈ្មោះ ចេក ច​ន្នី ដែល​បាន​លោត​ពីលើ​របង​រោងចក្រ​បណ្ដាល​ឲ្យ ធ្លាក់​បាក់ជើង ហើយ​ជន​នេះ​ក៏​ជា​ជន​ដៃដល់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ជន​រង​គ្រោះ និង​បាន​កាន់​អំបែង​កញ្ចក់ ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ហើយ​យក​ញញួរ​វាយបំបាក់​ជើង បណ្ដាល​ឲ្យ​រង​របួស​សុះសាច់​ធ្ងន់ធ្ងរ​។

ម្យ៉ាងទៀត​ជនសង្ស័យ​រូប​នេះ ក៏​បាន​មុត​កញ្ចក់​បណ្ដាល​ឲ្យ​ហូរ​ឈាម​ស្ទើរ​ខ្សោះ​អស់​ខ្លួន ហើយ​កំពុង​សង្គ្រោះ​បន្ទាន់ ដើម្បី​បាន​សួរ​ចម្លើយ​ស្វែងរក​បក្ខពួក ដែល​កំពុង​រត់គេច​ខ្លួន​បាត់​នោះ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​ដែល​គេ​ប្រទះ​ឃើញ​ជនសង្ស័យ មុន​ដំបូង​ស្ថិត​ក្នុង​ស្ថានភាព​រង​របួស នៅ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ក្បែរ​រោងចក្រ​នោះ​ដែរ ហើយ​ភ្លាម​ៗ​នោះ​នគរបាល​មិន​ទាន់​បានដឹង​រឿង​នោះ ជនសង្ស័យ​ឈ្មោះ ចេក ច​ន្នី បាន​ប្រាប់​នគរបាល​ថា ខ្លួន​គេ​ត្រូវ​បាន​និយាយ​ថា មាន​មនុស្ស​មួយ​ក្រុម​ដេញ​កាប់​ប្រហារ​បណ្ដាល​ឲ្យ​រង​របួស ពេល​នោះ​នគរបាល​បាន​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ លុះ​បន្តិច​ក្រោយមក​ពេល​ដែល​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន ស្ថិត​ក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ទើប​ដឹង​ថា​ជន​នោះ​គឺជា​ចោរប្លន់​។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ពួក​គាត់​បានឮ​សំឡេង​វាយ​ទ្វារ​ក្ដុងក្ដាំង និង​បានឮ​សម្រែក​ជន​រង​គ្រោះជា​ប្រពន្ធ ស្រែក​ខ្លាំង​ដែរ ប៉ុន្តែ​មិន​បាន​ចាប់​អារ​ម្ម​ណ៏​ថា ពួក​គេ​ត្រូវ​ចោរ​ចូល​វាយ​ប្លន់​បែប​នេះ​ឡើយ ដោយ​នឹក​ស្មានថា​ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ​នោះ មាន​ជម្លោះ​គ្នា​កើតឡើង ដោយសារ​តែ​ស្រវឹងស្រា​។ ព្រោះ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ពួក​គេ​បាន​រៀបចំ​ធ្វើ​ពិធី​សែន នឹក​ស្មានថា​ពួក​គេ​ផឹកស្រា​ស្រវឹង​វាយតប់​គ្នា​ទើប​មិន​អើពើ លុះ​ក្រោយមក​ទើប​ដឹង​ថា​ពួក​គាត់​រង​របួស ដោយសារ​ចោរ​វាយ និង​ចាក់​ប្លន់​៕