រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​បង្ក្រាប​យានយន្ត​គ្មាន​ពន្ធ​ចាប់ពី​ខែកញ្ញា​តទៅ បន្ទាប់ពី​ផុត​កំណត់ពេល​បង់ពន្ធ​ និពន្ធដោយ : ញ៉ុង​ ហេង       August-12-2016, 9:59 pm         506

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​បង្ក្រាប​យានយន្ត​គ្មាន​ពន្ធ​ចាប់ពី​ខែកញ្ញា​តទៅ បន្ទាប់ពី​ផុត​កំណត់ពេល​បង់ពន្ធ​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រើនរម្លឹក​ដល់​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ ដែល​មិនទាន់​បំពេញ​កាតព្វកិច្ច​ពន្ធ ត្រូវ​ទៅ​បង់ពន្ធ​ឲ្យ​ទាន់​កាលបរិច្ឆេទ​នៃ​ការអនុគ្រោះ​ទទួល​ការបង់ពន្ធ​។ ចំពោះ​ការខកខាន​បង់ពន្ធ​តាម​ពេល​កំណត់ រដ្ឋាភិបាល​នឹង​ផ្តើម​បង្ក្រាប​យានយន្ត​គ្មាន​ពន្ធ​ទាំងនោះ​។​

​សេចក្ដីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​ឲ្យ​ដឹងថា ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ​ទាំងអស់​អាចមាន​លទ្ធភាព​បំពេញ​កាត​ព្វ​ពន្ធអាករ​បាន ក្នុងពេល​កន្លងមក រដ្ឋាភិបាល​បានផ្ដល់​គោលការណ៍​អនុគ្រោះ​មួយចំនួន​។ ការ​អុ​គ្រោះ​ទាំងនោះ រួមមាន ការកំណត់​ប្រាក់​ពិន័យ​ក្នុង​កម្រិត​ទាប​, ការបន្ថយ​តម្លៃ​គិត​ពន្ធចំពោះ​យានយន្ត​ចាស់ៗ​, ការអនុញ្ញាត​ឲ្យ​រថយន្ត​ចង្កូត​ស្ដាំ​បង់ពន្ធ​ដោយ​មិនចាំបាច់​ប្ដូរ​ចង្កូត និង​ឲ្យ​កក់​ប្រាក់​ពន្ធ​២០​ភាគរយ ដោយ​ទុក​រយៈពេល​៦​ខែ​ដើម្បី​បង់​បង្គ្រប់​ចំពោះ​អ្នក​ដែល​ខ្វះខាត​ថវិកា និង  ការពន្យា​ពេល​អនុគ្រោះ​ទទួល​បង់ពន្ធ​ដោយ​ស្ម័គ្រចិត្ត​ជាដើម​។

​សេចក្ដីជូនដំណឹង​ដដែល​នេះ​បញ្ជាក់ទៀតថា ម្ចាស់​យានយន្ត​គ្មាន​ពន្ធ​មួយចំនួន នៅ​មិនទាន់​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ តាម​ការ​រម្លឹក​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នោះទេ​។ ហើយ​ម្ចាស់​យានយន្ត​ចង្កូត​ស្តាំ ដែល​បាន​កក់​ប្រាក់​២០​ភាគរយ មួយចំនួន​ពុំទាន់​មក​បង់ពន្ធ​បង្គ្រប់​នោះដែរ​។​

​កាលបរិច្ឆេទ​បិទ​បញ្ចប់​ការទទួល​បង់ពន្ធ សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង និង​យានយន្ត​ផ្សេងទៀត​គ្រប់​ប្រភេទ គឺ​ត្រឹម​ថ្ងៃទី​៣១​ខែសីហា ខណៈ​ថ្ងៃ​បង់ពន្ធ​ចុងក្រោយ សម្រាប់​រថយន្ត​ចង្កូត​ស្ដាំ ដែល​បាន​កក់​ប្រាក់​ពន្ធ​២០​ភាគរយ​រួចហើយ គឺ​ត្រឹម​ថ្ងៃទី​១៩​ខែកញ្ញា​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បញ្ជាក់ថា​៖«​ការខកខាន​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ​ក្រោយ​កាលបរិច្ឆេទ​ឱសានវាទ​ខាងលើ នឹងត្រូវ​ទទួលរង​នូវ​វិធានការ​បង្ក្រាប​ដោយ​ម៉ឹងម៉ាត់​ទូទាំងប្រទេស តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​ពុំមាន​ការរើសអើង​ឡើយ​»​។​

​ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​គ្មាន​ពន្ធ ដែល​មិនទាន់​បង់ពន្ធ ត្រូវ​រួសរាន់​បង់ពន្ធ​ឲ្យ​បាន​ឆាប់ ចៀស​វា​ការកកស្ទះ​នៅ​ថ្ងៃ​ជិត​ផុត​កាលបរិច្ឆេទ​បង់ពន្ធ​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ការដាក់​ឱសានវាទ​បង់ពន្ធ​សម្រាប់​យានយន្ត​គ្មាន​ពន្ធ គឺ​ដើម្បី​បញ្ចៀស​ការនាំ​ចូល​យានយន្ត​ទាំង​នោះមក​កម្ពុជា​បន្តទៀត​។ «​យើង​កត់ត្រា​រថយន្ត​(​គ្មាន​ពន្ធ​)​ណា ដែលមាន​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​បើសិន​មិន​កំណត់​កាលបរិច្ឆេទ​ទេ នឹងធ្វើ​ឲ្យ​អ្នករត់ពន្ធ​ចេះតែ​រក​វិធី​គេចពន្ធ​ចូលមក​ទៀត​»​។ លោក គុណ ញឹម ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​១២​ខែសីហា​៕