កង្វះ​មន្ត្រី ដែល​ចេះ​ប្រើ​កំ​ព្យូ​ទ័​រ គឺជា​បញ្ហា​ធំ​បំផុត សម្រាប់​គ.ជ.ប និពន្ធដោយ : ម៉ៅ សុផា       August-12-2016, 10:52 pm         12

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កង្វះ​មន្ត្រី ដែល​ចេះ​ប្រើ​កំ​ព្យូ​ទ័​រ គឺជា​បញ្ហា​ធំ​បំផុត សម្រាប់​គ.ជ.បគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) កំពុង​ខ្វល់ខ្វាយ នឹង​ការខ្វះខាត​ធនធានមនុស្ស ដែល​ចេះ​ប្រើប្រាស់​កំ​ព្យូ​ទ័​រ ខណៈដែល​ការចុះឈ្មោះ​បោះឆ្នោត កាន់តែ​ជិត​ចូលមក​ដល់។ តែ​ប្រធាន​គជប ប្តេជ្ញាចិត្ត ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន ដើម្បី​ធានា​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូត។

មន្ត្រី​និង​បុគ្គលិក ដែល​អាច​ប្រើប្រាស់​កំ​ព្យូ​ទ័​រ ដើម្បី​បំពេញ​កិច្ចការងារ​បោះឆ្នោត តាម​ប្រព័ន្ធ​ទំនើប គឺជា​តម្រូវការ​ដ៏​សំខាន់ ដែល គជប កំពុង​គិតគូរ​យ៉ាង​ដិតដល់។ ប៉ុន្តែ ចំនួន​មន្ត្រី ដែល​ចេះ​ប្រើ​កំ​ព្យូ​ទ័​រ មិន​គ្រប់គ្រាន់​នៅឡើយ​ទេ ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​គជប ព្រួយបារម្ភ​យ៉ាងខ្លាំង។

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប បាន​លើកឡើងថា ឧបសគ្គ​ដ៏​ធំ​បំផុត ដែល​គជប កំពុង​ជួបប្រទះ​ក្នុង​កាលៈទេសៈ​នេះ គឺ​ការខ្វះខាត​មន្ត្រី ដែល​អាច​ប្រើប្រាស់​កំ​ព្យូ​ទ័​រ ដើម្បី​បម្រើ​ការងារ​បោះឆ្នោត នៅតាម​តំបន់​ដាច់ស្រយាល។ លោកសង្កត់ធ្ងន់ៗបែបនេះ​ថា៖«ចំណុច (បញ្ហា) ដែល​ធំជាងគេ គឺ​ពិបាក​រក​អ្នកចេះ​កំ​ព្យូ​ទ័​រ​នៅតាម​ជនបទ​ដាច់ស្រយាល។ រឿង​ហ្នឹង ពិបាក​ណាស់។ កន្លែង​ខ្លះ រកតែ​ម្នាក់​មិនបាន​ផង។ ប៉ុន្តែ​ក្នុងការ​ដឹកនាំ ខ្ញុំ​មិនដែល​ទល់​ច្រក​ទេ។ ស្អី​ក៏ត្រូវ​តែ​រក ក៏​ត្រូវតែ​ដោះស្រាយ​ដែរ»

ការ​ថ្លែង​របស់លោក ស៊ិ​ក ប៊ុន​ហុក ខាងលើ ធ្វើឡើង បន្ទាប់ពី​បញ្ចប់​វគ្គ​វ​ណ្តុះ​បណ្តាល​ដល់​អ្នកសារព័ត៌មាន​ជាង១០០នាក់ ស្តីពី «ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី» ដែល​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេរ​បាសាក់២ នា​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។

កាលពីពេលថ្មីៗនេះ កំ​ព្យូ​ទ័​រ​ចំនួន២៦០០ ម៉ាក​អេ​ច​ភី (HP)គ្រឿង ត្រូវបាន​សហភាព​អឺរ៉ុប ប្រគល់ជូន​គជប ដោយ​ក្នុងនោះ កំ​ព្យូ​រ​យួរដៃ (laptop) មាន​ចំនួន ២៤០០គ្រឿង ហើយ​កំ​ព្យូ​រលើ​តុ (Desktop) មាន​ចំនួន២០០គ្រឿង។ ក្រៅពី​កំ​ព្យូ​ទ័​រ សហភាព​អឺរ៉ុប ក៏បានផ្តល់​សម្ភារ​ជាច្រើន​ទៀត ដល់​គជប ផងដែរ ដូចជា កាមេរ៉ា​សុវត្ថិភាព (Security Camera), ម៉ាស៊ីន​ព្រី​ន (Printer), ទឹកខ្មៅ, ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ផ្ទុក​ឯកសារ (Flash) និង​ឧបករណ៍​ស្កេ​ន​មេដៃ ជាដើម។ បើតាម​ការអះអាង​រប​ស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គជ​ប កំ​ព្យូ​ទ័​រ រួមទាំង​សម្ភារ​បច្ចេកទេស​ទាំងអស់ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​គ.ជ.ប មានតម្លៃ​ប្រមាណ​ជា៧លាន​ដុ​លា្ល​រ។

សូមបញ្ជាក់ថា គ.ជ.ប បាន​ត្រៀម​ថវិកា​ចំនួន២៣លាន​ដុល្លារ​ផងដែរ ដើម្បី​ចាយវាយ​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ-សង្កាត់ នា​ឆ្នាំ២០១៧ ខាងមុខ។ រហូតមកដល់​ពេលនេះ គ.ជ.ប បានចេញ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​ហើយ ជុំវិញ​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត។ យោងតាម​សេចក្តីជូនដំណឹង​នោះ  គ.ជ.ប នឹង​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦ តទៅ៕