បើក​លឿន​ពេក​គេច​ម៉ូតូ ឡើង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០៩​និង​១០​នាទី យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មាន​ករណី​រថយន្ត​មួយ​គ្រឿង បើក​លឿន​គេច​ម៉ូតូ​ឆ្លងថ្នល់​ជ្រុល​ទៅ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់ និង​ខូច​ទ្រង់ទ្រាយ​អស់​២​កង់​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក IZUSU ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន ខណៈនោះ​បាន​គេច​នឹង​ម៉ូតូ​មួយ​គ្រឿង​បាន​ឆ្លងថ្នល់ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​ឆ្វេង​ជ្រុល​ទៅ​បុក​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​ផ្ទាំង និង​ខូច​ទ្រង់ទ្រាយ​អស់​២​ផ្ទាំង ហើយ​រថយន្ត​ក៏​ជ្រុល​ល្បឿន​ឡើង​របាំង​ថ្ម​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​រថយន្ត Rav4 មួយ​គ្រឿង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បាន​ប៉ះ​នឹង​របាំង​ថ្ម​ដែល​បាន​ខ្ទាត​នោះ បណ្ដាល​ឲ្យ​បែក​កង់​ផ្នែក​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​នោះ​ដែរ​គេ​សង្កេត​ឃើញ​បុរស​ដែល​បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ជញ្ជូន​ទៅ​កាន់ ចរាចរណ៍​រាជធានី ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​បន្ទាប់​៕