គ្រួសារ​​​ដែលរងការ​​​បណ្តេញ​​​ចេញ​​​ និង​​​ក្រុមហ៊ុន​​​ស្ករស​​​ឈានដល់ការព្រមព្រៀង​​គ្នា​​​ហើយ​​

តំណាងគ្រួសារដែលត្រូវបានបណ្តេញចេញពីដីធ្លី និងតំណាងក្រុមហ៊ុនចម្ការអំពៅដែលគ្រប់គ្រងដោយសមាជិកព្រឹទ្ធសភាដ៏លេចធ្លោមកពីគណបក្សប្រជាជនកម្ពុជាបានប្រកាសការព្រមព្រៀងមួយកាលពីម្សិលមិញដែលផ្តល់សំណងចាប់ពី៥០០ដុល្លារដល់៥.០០០ដុល្លារដល់អ្នកភូមិដែលមានសិទ្ធិ បន្ទាប់ពីការតតាំងអស់រយៈពេល៥ឆ្នាំពាក់ព័ន្ធបញ្ហាដីធ្លី។ ការព្រមព្រៀងនេះធ្វើឡើងក្នុងបំណងបញ្ចប់ការអះអាងដែលថា មានការទន្ទ្រានយកដីធ្លីពីសំណាក់ក្រុមហ៊ុនភ្នំពេញស្ករសរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា។ បន្ទាប់មក អ្នកភូមិជាង១០០នាក់មកពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានធ្វើដំណើរទៅកាន់ការិយាល័យរបស់អង្គការសមធម៌កម្ពុជានៅក្នុងរាជធានីភ្នំពេញ  ហើយបានបន្តដំណើរទៅកាន់ការិយាល័យរបស់សហភាពអឺរ៉ុបដោយស្នើឲ្យអង្គការសិទ្ធិដីធ្លីនេះដកពាក្យបណ្តឹងរបស់ខ្លួនដែលប្តឹងក្រុមហ៊ុននេះ។ អ្នកស្រី ឡូត សុវណ្ណ តំណាងអ្នកភូមិបាននិយាយថា “យើងទាំងអស់គ្នាទទួលបានសំណងហើយ”។ អ្នកស្រីបានបន្ថែមថា អ្នកភូមិចំនួន៣២០គ្រួសារដែលមានប័ណ្ណកម្មសិទ្ធិដី ធ្លី ឬឯកសារផ្សេងដែលគាំទ្រសិទ្ធិកាន់កាប់លើដីធ្លីរបស់ខ្លួន ឥឡូវនេះបានព្រមព្រៀងទទួលយកកញ្ចប់សំណងហើយ។ អ្នកស្រី ឡូត សុវណ្ណ បានលើកឡើងទៀតថា អ្នកភូមិដែលនៅសល់ប្រហែល២០ឬ៣០គ្រួសារគ្មានសិទ្ធិស្របច្បាប់នោះឡើយជាការអះអាងដែលគាំទ្រដោយបដាមួយមានសរសេរពាក្យថា “កុំប្រើប្រាស់បញ្ហារបស់យើងបម្រើការងារអង្គការរបស់អ្នក” ដែលអ្នកភូមិបានលាតត្រដាងនៅខាងមុខការិយាល័យរបស់អង្គការសមធម៌កម្ពុជា។ អ្នកស្រីបាននិយាយថា “ប្រសិនបើមានក្រុមថ្មីបង្ហាញមុខ ពួកគេប្រហែលជាត្រូវប្រឈមមុខចំពោះច្បាប់”។ ការព្រមព្រៀងថ្មីនេះធ្វើឡើងបន្ទាប់ពីការព្រមព្រៀងកាលពីខែឧសភា ដែលគ្រួសារមានសិទ្ធិមិនសូវរឹងមាំលើដីរបស់ខ្លួនបានឈានដល់ការព្រមព្រៀងយល់ព្រមទទួលយកសំណងនោះ។តំណាងអ្នកភូមិបានលើកឡើងអំឡុងពេលនោះថា គ្រួសារដែលមានសិទ្ធិកាន់កាប់ដីធ្លីរឹងមាំបានតស៊ូបន្តដើម្បីទាមទារសំណងច្រើន។ លោក សិុន សុថា អ្នកនាំពាក្យក្រុមហ៊ុនស្ករសនេះបានលើកឡើងកាលពីម្សិលមិញថា គណៈកម្មការដែលមានសមាសភាពជាអាជ្ញាធរមូលដ្ឋានបានវាយតម្លៃលើភាពស្របច្បាប់នៃការអះអាងសិទ្ធិកាន់កាប់ដីធ្លីហើយថាសំណងត្រូវបានផ្តល់ទៅតាមការវាយតម្លៃនោះ។ លោកបានថ្លែងថា “មានគ្រួសារសរុបចំនួន៣១៣គ្រួសារទទួលបានសំណង”។ លោកបានបន្ថែមថា គ្រួសារចំនួន៧ផ្សេងទៀតបានឈានដល់ការព្រមព្រៀង បន្ទាប់ពីគណកម្មការនេះបានបញ្ចប់ការងាររបស់ខ្លួន។ យោងតាមលោក សិុន សុថា បានឲ្យដឹងបន្តថា អ្នកភូមិដែលខ្វះឯកសារ ប៉ុន្តែ បានវាស់វែងដីធ្លីរបស់ខ្លួនដោយយករបងជាគោលទទួលបាន៥០០ដុល្លារ រីឯអ្នកដែលសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនត្រូវបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែ ខ្វះឯកសារជាលាយលក្ខណ៍អក្សរទទួលបានចន្លោះពី១.០០០ទៅ២.០០០ដុល្លារ។ អ្នកភូមិដែលមានឯកសារពេញលេញទទួលបានចន្លោះពី២.៥០០ដុល្លាររហូតដល់៥.០០០ដុល្លារ។ លោក សិុន សុថា បានលើកទៀតឡើងថា អាជ្ញាធររកមិនឃើញមូលដ្ឋានថា គ្រួសារដែលនៅសល់មានសិទ្ធិកាន់កាប់ដីធ្លីឡើយហើយថាវាជារឿង “គួរឲ្យអស់សំណើច” សម្រាប់អង្គការសមធម៌កម្ពុជាដែលបន្តតស៊ូមតិសម្រាប់ពួកគាត់។ លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជានេះបានលើកឡើងថា អង្គការរបស់លោកគោរពការព្រមព្រៀងនេះ ប៉ុន្តែត្រូវការពិនិត្យមើលឈ្មោះរបស់អ្នកភូមិដែលមិនត្រូវគ្នាជាមួយឯកសាររបស់ខ្លួនមុនពេលបិទសំណុំរឿង។ លោកបានមានប្រសាសន៍ថា”យើងព្រមដកពាក្យបណ្តឹងរបស់ពួកគាត់ ប៉ុន្តែយើងត្រូវការពិនិត្យមើលគ្រួសារដែលមានឈ្មោះក្នុងឯកសាររបស់តំណាងអ្នកភូមិជាមុនសិន”។ លោកបានបន្ថែមថា “ប្រសិនបើមានឈ្មោះខ្លះដែលមិនស្ថិតនៅក្នុងឯកសារសុំឲ្យដកពាក្យបណ្តឹងនោះ […]

The post គ្រួសារ​​​ដែលរងការ​​​បណ្តេញ​​​ចេញ​​​ និង​​​ក្រុមហ៊ុន​​​ស្ករស​​​ឈានដល់ការព្រមព្រៀង​​គ្នា​​​ហើយ​​ appeared first on The Cambodia Daily.