សម្តេច​ ហ៊ុន​ សែន​ និង ​អូ​បា​ម៉ា ​លេង​មួយ​ស្ទីល​ម្នាក់

អ្នកនយោបាយ​មិន​ត្រឹមតែ​ត្រូវ​ពូកែ​ធ្វើ​រៀបចំ​យុ​ទ្ធសាស្ត្រ​នយោបាយ​ និង​ដឹកនាំ​ទេ ប៉ុន្តែ​ក៏​ត្រូវ​មាន​ភាព​ទេព​កោសល្យ​ផង​ដែរ​ នៅ​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ និង​ការ​គាំទ្រ​ពី​មហាជន។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ សម្តេច ហ៊ុន សែន ហាក់បីដូចជា​កាន់តែ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​លោក​មន្ត្រីរាជការ និង​ប្រជាជន​កម្ពុជា​។ សកម្មភាព​របស់​លោក​ក៏​ទាក់ទាញ​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ​ក៏​ដូច​ជា​បរទេស​មួយ​ចំនួន​ផង​ដែរ ។ សម្រាប់​អ្នកគាំទ្រ​សកម្មភាព​របស់​លោក​នឹង​ជួ​​យ​​ប្រជាប្រិយភាព​របស់​លោក​ផ្ទាល់ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​។ លោក​កំពុង​តែ​បង្ហាញខ្លួន​ជា​មេដឹកនាំ​ដ៏​សាមញ្ញ​ម្នាក់​ដែល​ប្រឹង​ធ្វើការ ​ដើម្បី​ស្វែង​យល់ និង​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​របស់​ប្រជាជន និង​សង្គម ។

សកម្មភាព​ហូប​គុយទាវ​នៅ​ក្នុង​ផ្សារ អង្គុយ​ហូប​នំ​បញ្ចុក ហាត់ប្រាណ​តាម​សួន និង​ថត​សែ​ល​ហ្វី​ជាមួយ​ប្រជាជន​ធ្វើ​ឱ្យ​លោក​សប្បាយចិត្ត​ដែល​បាន​ភ្លក្ស​រសជាតិ​សាមញ្ញ​ៗ​ផង និង​ជួយ​ធ្វើ​ឱ្យ​លោក​កាន់តែ​មានការ​ស្រា​ឡាញ់​ច្រើន​ពី​ប្រជាជន ។

ប៉ុន្តែ​សម្រាប់​អ្នក​រិះគន់​គេ​និយាយ​ថា មាន​កិច្ចការ​ច្រើន​ទៀត​ដែល​គណបក្សកាន់អំណាច​ត្រូវធ្វើ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កំពុង​ញាំញី​ប្រទេស​កម្ពុជា ដូច​ជា​នយោបាយ​កសិកម្ម បញ្ហា​ពុក​រលួយ បញ្ហា​ដីធ្លី បញ្ហា​វិស័យ​សុខាភិបាល និង​បញ្ហា​អប់រំ​ជាដើម ។

តាម​ពិត​ទៅ​របៀប​ធ្វើ​ទំនាក់ទំនង​សាធារណ​: ដែល​សម្តេច​បាន​ធ្វើ​ជាមួយ​ប្រជាជន​កម្ពុជា​នោះ​ត្រូវ​ពង្រីក​ឱ្យ​ធំ​ជាង​នេះ​ដោយ​រដ្ឋមន្ត្រី​ និង​មន្ត្រីជាន់ខ្ពស់​ទាំងអស់​ត្រូវ​ចេះ​បង្កើន​ភាព​ស្និទ្ធស្នាល និង​សាមញ្ញ​ ដើម្បី​មាន​ទំនាក់ទំនង​ល្អជា​មួ​យ​ប្រជាជន និង​ដើម្បី​បានដឹង​អស់​រាល់​បញ្ហា​ដែល​ពួក​គេ​ប្រឈម​មុខ ។

អ្វី​ដែល​គេ​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែរ​នោះ សូ​ម្បី​តែ​លោក​អូ​បា​ម៉ា ​ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​លេង​ស្ទីល​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​នេះ​ដែរ​។ នៅ​ក្នុង​ទស្សនកិច្ច​មួយ​មក​កាន់​ប្រទេស​ក​ម្មុ​យ​នី​ស្ត​វៀតណាម កាលពី​ខែឧសភា​កន្លង​ទៅ លោក អូ​បា​ម៉ា ប្រធានាធិបតី​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​នោះ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ពេល​ដែល​លោក​បាន​ទៅ​បរិភោគ​អាហារ​វៀតណាម Bun Cha នៅ​ក្នុង​ហាង​តូច​មួយ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។

អ្នកនយោបាយ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​ខ្លួន​ពោរពេញ​ដោយ​ភាព​រស់​រវើក ស្រឡាញ់ ទុកចិត្ត និង​គោរព​ពី​មហាជន​នោះ​ទេ ពីព្រោះ​ភាព​ស្និ​ទ្ធស្នាល ភាព​ឈឺឆ្អាល និង​ការ​ដោះស្រាយ​បញ្ហា​ទាន់​ពេល​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ស្រឡាញ់ និង​ផ្តល់​ការ​ទុកចិត្ត​តាម​រយ​:​ការ​បោះ​ឆ្នោត​ដែល​ពេល​នោះ​ប្រជាជន​គឺ «​ស្តេច​» ៕