លោក​ធី​ម ខេន​អង្រួន​បេះដូង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ Richmond និពន្ធដោយ : ម៉ែន គឹម​សេង VOA       August-13-2016, 7:39 am         296

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក​ធី​ម ខេន​អង្រួន​បេះដូង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ Richmond​ក្រុង RICHMOND រដ្ឋ VIRGINIA ៖ លោក Tim Kaine បេក្ខជន​អនុ​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ មាន​អាជីព​នយោបាយ​ទាក់ទង​នឹង​ក្រុង Richmond រដ្ឋ Virginia ដែល​នៅ​ទីនោះ​លោក​បាន​ស្គាល់​ខ្មែរ​អាមេរិកាំង​ដែរ​។​

​លោក សា​ម៉ូ​អែល នួន (Samuel Nuon) តាមដាន​ជាប្រចាំ​នូវ​ការ​ឈានឡើង​ខាង​អាជីព​នយោបាយ​របស់​អតីត​មិត្ត​រួម​ជំនាន់​របស់គាត់​គឺ​លោក​សមាជិក​ព្រឹទ្ធសភា ធី​ម ខេន (Tim Kaine)​។​

​នៅឯ​គេហដ្ឋាន​របស់លោក​នា​ជាយក្រុង Richmond រដ្ឋ Virginia (​វី​ជី​នៀ​) លោកគ្រូ​បណ្ឌិត សា​ម៉ូ​អែល នួន ដែល​ពេលនេះ​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​គ្រូ គង្វាល​នៅ​វិហារ​សាសនា​គ្រឹ​ស្ត​បាន​រំលឹក​ពី​លោក ធី​ម ខេន ថា​៖

«​ខ្ញុំ​ធ្លាប់បាន​ស្គាល់​គាត់​តាំងពី​ឆ្នាំ​៩១​ដែល​យើង​បាន​សិក្សា​ជាមួយគ្នា​ខាង LMR (​ឬ​ថ្នាក់ដឹកនាំ​នៅ​តំបន់​ក្រុង Richmond)​។ ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ហើយ​គាត់​ជា​អ្នក​ដែល​យកចិត្តទុកដាក់​ប្រជាជន​ហើយ​មាន​ប្រជាប្រិយ​ខាង​និយាយ​ពីរោះ​ក្បោះ​ក្បា​យ‍​»​។​

​បន្ទាប់ពី​សិក្សា​វគ្គ LMR ឬ​ថ្នាក់ដឹកនាំ​នៅ​តំបន់​ក្រុង Richmond រយៈពេល​មួយឆ្នាំ​កាលពី​ឆ្នាំ​១៩៩១​នោះមក លោក ធី​ម ខេន បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ក្នុង​ឆ្នាំ​១៩៩៤​និង​ជា​បន្តបន្ទាប់​មកជា​ចៅហ្វាយក្រុង Richmond អភិបាលរដ្ឋ​និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​Virginia​។​

លោក​ធី​ម ខេន​អង្រួន​បេះដូង​អ្នកបោះឆ្នោត​ខ្មែរ​អាមេរិកាំង​នៅ Richmond និពន្ធដោយ : ម៉ែន គឹម​សេង VOA       August-13-2016,  7:39 am         296

​លោក ធី​ម ខេន អ្នកនយោបាយ​ដែលមាន​វ័យ​៥៨​ឆ្នាំ​រូបនេះ ត្រូវបាន​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បេក្ខជន​ប្រធានាធិបតី​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជ្រើសរើស​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ខាងមុខនេះ​។​

​លោក សា​ម៉ូ​អែល នួន បញ្ជាក់​ពី​ជំនឿ​លើ​លោក ធី​ម ខេន ថា​៖ «​ខ្ញុំ​ជឿថា គាត់​នឹង​ជា​បេក្ខជន​មួយ​ដ៏​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ផង​និង​គ្រប់​សាសន៍​នៅ​សហរដ្ឋអាមេរិក​នេះ​»​។​

​រីឯ​នៅ​វត្ត​ខ្មែរ​សាមគ្គី​ក្នុង​ទីក្រុង Richmond ឈ្មោះ​របស់លោក ធី​ម ខេន​និង​ស្នាដៃ​ត្រូវបាន​គេ​ស្គាល់​ផងដែរ​។​

​លោក​កែវ ស៊ុម ពលរដ្ឋ​ខ្មែរ​ដែល​ចូលនិវត្តន៍​បានបញ្ជាក់​ថា​៖ «​គាត់​ជា​ប្រមុខរដ្ឋ​មួយ​ដ៏​ល្អ​។ គាត់​បាន​កសាង​សេដ្ឋកិច្ចសង្គម​នៅ​រដ្ឋ Virginia បានល្អ​។ ហើយ​ពេល​ជា​សមាជិក​ព្រឹទ្ធសភា​គាត់​តែងតែ​រិះរក​មធ្យោបាយ​ជួយ​ប្រជាជន​នៅ​រដ្ឋ Virginia ហ្នឹង​។ នេះ​បើតាម​ខ្ញុំ​មើល​ឃើ​ញ‍​»​។​

​លោក កែវ ស៊ុម បាន​បន្ថែមទៀតថា លោក​នឹង​បន្ត​គាំទ្រ​លោក​ធី​ម ខេន​៖ «​ខ្ញុំ​បានសម្រេច​ហើយ​ថា ខ្ញុំ​មិន​បោះឆ្នោត​ប្រឆាំងនឹង​បក្ស​សាធារណរដ្ឋ​ទេ ប៉ុន្តែ​ទម្លាប់​ខ្ញុំ​គឺ ខ្ញុំ​បោះឆ្នោតឱ្យ​គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ‍ គឺ​បោះឆ្នោតឱ្យ​លោក​ធី​ម ខេន​ហ្នឹង​ហើ​យ‍​!​​»

​លោក​ធី​ម ខេន ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ជា​ដៃគូ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដោយសារតែ​រដ្ឋ Virginia គឺជា​រដ្ឋ​ដែលមាន​លក្ខណៈ​ប្រទាញប្រទង់​គ្នា​។​

​លោក សាន អឿន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង Richmond ដែល​តែងតែ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ប៉ុន្តែ​គាំទ្រ​លោក ធី​ម ខេន សម្រាប់​ការបោះឆ្នោត​ក្នុង​រដ្ឋ​បានបង្ហាញ​ពី​ជំហរ​ថ្មី​។​

«​ខ្ញុំ​ធម្មតា​ពី​ដើម​មក មាន​បោះឆ្នោត​ជូន​សាធារណរដ្ឋ​ខ្លះ ប៉ុន្តែ​យោល​ទៅតាម​សភាពការណ៍​នយោបាយ​ទៅតាម​ប្រទេសជាតិ​បច្ចុប្បន្ន​ដែល​យើង​មើលឃើញ​ដូច្នេះ​នៅ​ឆ្នាំនេះ​ប្រហែលជា​ខ្ញុំ​ប្តូរ​ចិត្ត​បោះ​ទៅខាង​ប្រជាធិបតេយ្យ​ម្ត​ង‍​»​។​

​លោក សាន អឿន ចង់ឱ្យ​មេដឹកនាំ​ថ្មី​មានការ​យកចិត្តទុកដាក់​ថែមទៀត​មកលើ​សហគម​ន៍​ខ្មែរ​អាមេរិកាំង​។​

«​ទីមួយ​គឺថា​ចង់​សន្តិភាព​ប្រទេសជាតិ ទី​ពីរ​ទៅលើ​បញ្ហា​សេដ្ឋកិច្ច ដូចជា​ការដោះស្រាយ​ប្រជាជន​ឱ្យបាន​រស់នៅ​បាន​ដោយ​ស្រួល​និង​បញ្ហា​ស​ង្គ​ម‍​»​។​

​អ្នកស្រី​សាមឿន ផូ យល់ស្រប​ចំពោះ​តម្រូវការ​សេដ្ឋកិច្ច​និង​ការងារ​។ ប៉ុន្តែ​មាន​សំណូមពរ​បន្ថែម​៖ «​ចង់​ផ្តោត​ដែរ​គឺថា យើង​ទៅ​ពេទ្យ​ចង់​ថា កុំឱ្យ​គេ​យក​ថ្លៃ​ពេក​ដូចជា​ថ្នាំសង្កូវ​ចង់ឱ្យ​គេ​ជួយ​ឱ្យមាន​ភាព​តិចតួច​កុំឱ្យ​ច្រើនពេក​ជាពិសេស​គឺ​ពេទ្យ​ហ្នឹង​ហ្ម​ង‍​»​។​

​សហគមន៍​ខ្មែរ​នៅក្នុង​រដ្ឋ Virginia មិន​ជាធំ​ប៉ុន្មាន​ទេ គឺមាន​ពលរដ្ឋ​ចំនួន​រាប់ពាន់នាក់​ប៉ុណ្ណោះ ហើយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​ទីក្រុង Richmond នេះ​គឺ​មានតែ​ប្រហែល​បួន​រយ​គ្រួសារ​តែប៉ុណ្ណោះ​។

​លោក ហុក ហាក់ សមាជិក​នៃ​គណៈកម្មការ​វត្ត​នៅ​ទីក្រុង​Richmond នេះ​ទទួលស្គាល់ថា សហគមន៍​របស់លោក​នៅ​មិនទាន់​ពូកែ​ខាង​ទាក់ទង​ឱ្យ​រដ្ឋាភិបាល​ថ្នាក់ជាតិ​ចាប់អារម្មណ៍​ខ្លាំង​លើ​សហគមន៍​ដ៏​តូច​នេះ​នៅឡើយ​ទេ​។ លោក​សង្ឃឹមថា លោក​ធី​ម ខេន នឹង​អាចជួយ​ផ្តោត​ការចាប់អារម្មណ៍​បន្ថែម​។​

«​ទំនាក់ទំនង​និង​រក​ច្រក​ដើម្បី​ពឹងពាក់​ឬក៏​សំណូមពរ​អ្វីៗ​ផ្សេង​ខ្មែរ​យើង​មានលទ្ធភាព​ពុំ​ចម្រើន​ទេ​ក្នុងការ​ទាក់ទង​របៀប​នេះ​។ ក៏ប៉ុន្តែ​បើសិនជា​លោក​មាន​ព្រហ្ម​វិហារធម៌​និង​មាន​មនោសញ្ចេតនា​ថា​ចង់​ជួយ​សហគមន៍​ខ្មែរ​គឺថា​សហគមន៍​ខ្មែរ​នឹង​ត្រេកអរ​និង​ឱបក្រសោប​និង​ស្វាគមន៍​នូវ​អ្វីៗ​ដែល​លោក​ចង់បាន​ទាំង​អ​ស‍់​»​។​

​លោក ហុក ហាក់ ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​ដែល​លោក​ធី​ម ខេន​ត្រូវធ្វើ​ការឃោសនា​បន្ថែមទៀត​ដើម្បី​បញ្ចុះបញ្ចូល​ដោយ​លោក​ថា​លោក​នៅ​មិនទាន់​សម្រេចចិត្តថា តើ​នឹងត្រូវ​បោះឆ្នោត​ជូន​បេក្ខជន​ណា​នៅឡើយ​៕