ញាក់​​សាច់! ​​រត់​​ទៅដេក​ឱ្យរថភ្លើ​ង​កិន​​ខ្ទេច​​​​ខ្លួន​

រាជ​ធានី​​ភ្នំពេញ​៖ ​ហេតុ​ការ​ណ៍ដ៏​គួរ​ឱ្យ​​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង​ទាំង​យប់ បន្ទាប់​ពី​​បុរស​​ជា​កម្មករ​លើក​កា​តុង​​​នៅ​ក្នុង​រោងចក្រ​ម្នាក់​ បាន​​ឈ្លោះ​ទាស់ទែង​​ជាមួយ​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​​ជាមួយ​ប្ដី​មុន បន្ទាប់​មក​​បាន​ដើរ​ចេញពីផ្ទះ​ ហើយទៅ​​ដេក​នៅ​លើផ្លូ​វ​រ​ថ​ភ្លើង​ខ្សែពី​ភ្នំពេញ-​កំពត​ ​ក៏​ត្រូវ​​​រថភ្លើង​កិន​​ស្លាប់​​​​​ភ្លាម​ៗ​​​មួយ​រំពេច​​​ ​។

ហេតុ​ការ​ណ៍​​នេះ​​​កើតឡើង កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ ​សីហា ​២០១៦ ស្ថិតនៅ​លើ​ផ្លូ​វ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​ខេត្ត​កំពត ​​​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​​ខាង​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​​ជ័យ រាជធានី​ភ្នំពេញ ​។

បុរស​​​ចិត្តធំ​ជាង​​ប៉ែ​ត​សុខចិត្ត​ស្លាប់​ក្រោម​ទម្ងន់​​រថភ្លើង​នោះ ត្រូវ​​គេ​ស្គាល់ឈ្មោះប៉ាត់ សិ​ត្យា អាយុ​២៩​ឆ្នាំ ជា​អ្នក​ដើរ​ស៊ី​ឈ្នួលលើក​ កា​តុងនៅ​តាម​រោងចក្រ មានស្រុក​កំ​ណើត​នៅ​ក្នុង​ភូមិ​អង្គ​ក្តី ឃុំ​សឹង ​ស្រុក​​សំរោង ខេត្តតាកែវ​ មាន​ប្រពន្ធ​ក្រោយ​ឈ្មោះ​ឃឹម ណៃ អាយុ​៣៦​ឆ្នាំ ជា​​កម្មករ​រោងចក្រ​ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប​ច្ចុ​ប្ប​ន្ន​ស្នាក់​​នៅផ្ទះ​ជួល​ ក្នុងភូមិ​កើតហេតុ​ខាងលើ​​នោះ ហើយ​ទាំង​២​នាក់​នេះ​ បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេលប្រ​ហែ​ល​៧​ខែ​​ ប៉ុន្តែ​មិន​បាន​រៀប​​ការ​​ឡើយ​។

តាម​ប្រភព​​​ឲ្យ​ដឹង​ថា នៅ​វេលា​ល្ងាច​ថ្ងៃកើត​ហេតុ​ខាងលើ បុរស​នោះ​​បាន​​មាន​ទំនាស់​គ្នា​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន ព្រោះតែ​ប្រចណ្ឌ ដោយសារ​អតីត​ប្ដីរបស់​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​ហើយ​នោះ ចេះ​តែ​ទូរស័ព្ទ​មក​រកជា​​ញឹកញាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​បុរស​នោះ​កើត​ភ្លើង​ប្រច​ណ្ឌ​ពេញ​ខ្លួន ហើយ​ក្រោយ​ពេល​ផឹកស្រា​ស្រវឹង ក៏​បាន​មាន​ទំនាស់​គ្នា​ជាមួយ​ប្រពន្ធ​។

បន្ទាប់​មក ​បុរស​នោះ​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ ហើយ​ប្រពន្ធ​តាម​រក​​មិនឃើញ ក្រោយមក​ ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​​ឈាមលើ​​ផ្លូវ​រទេះ​ភ្លើង​បែប​នេះ​តែ​ម្ដង ទើប​រាយ​ការ​ណ៍ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​នគរបាល​ឱ្យ​​ចុះ​ទៅ​ពិនិត្យ​មើល និងបាន​ប្រគល់​សាកសពឱ្យ​​ទៅ​ក្រុម​គ្រួសារ ធ្វើបុ​ណ​តាម​ប្រពៃណី​៕