RIO៖ ហែម ថុនវិទិនី បំបែក​កំណត់​ត្រា​ចាស់​របស់ខ្លួន​ក្នុងព្រឹត្តិការណ៍​អូឡាំពិក

កីឡាការិនីហែលទឹក ហែម ថុនវិទិនី បានប្រើថេរវេលា២៩.៣៧វិនាទី នាការប្រកួតវិញ្ញាសាហែលទឹកក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលមានការចូលរួមពីកីឡាការិនីសរុប៩២នាក់នៅអាងទឹក Barra Olympic Park ក្នុងទីក្រុង Rio de Janeiro នារាត្រីថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា)។

សម្រាប់ព្រឹត្តិការណ៍នេះ វិទិនី ស្ថិតនៅក្នុង Heat 4 ជាមួយកីឡាការិនីមកពីម៉ាយក្រូនេស៊ី ម៉ាឡាវី សេនេហ្គាល់ កោះម៉ាហ្សាល តង់ហ្សានី ម៉ុងហ្គោលី និងប៉ាលេស្ទីន។ នៅក្នុងក្រុមនេះ វិទិនី ស្ថិតនៅចំណាត់ថ្នាក់ទី៤ ដោយឈរពីលើកីឡាការិនីតង់ហ្សានី Magdalena Moshi, កីឡាការិនីម៉ាឡាវី Ammara Pinto កីឡាការិនីម៉ាយក្រូនេស៊ី Debra Baniel និងកីឡាការិនីសេនេហ្គាល់ Awa Ly Ndiaye ដែលបានបោះបង់ចោលការប្រកួត។

ចំពោះលទ្ធផលជារួមក្នុងការប្រកួតវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្រ នៅ Rio Olympic នេះ វិទិនី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦៦ ក្នុងចំណោមកីឡាការិនីសរុប៩២នាក់។ កីឡាការិនីកំពូលចំនួន១៦នាក់ឈានបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នាព្រឹត្តិការណ៍អូឡាំពិកក្រុងឡុងដ៍កាលពីឆ្នាំ២០១២ វិទីនី សម្រេចបាន ៣០.៤៤វិនាទី ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៥៧ក្នុងចំណោមអត្តពលិក៧៤នាក់។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី វិទិនីប្រើថេរវេលា ៣០.៦០វិនាទី។

សម្រាប់វិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រនេះ កីឡាការិនីអាល្លឺម៉ង់ Britta Steffen គឺជាម្ចាស់កំណត់ត្រាពិភពលោក (World Record) ដែលធ្វើបានសម្រេចក្នុងរយៈពេល ២៣.៧៣វិនាទី នាព្រឹត្តិការណ៍ហែលទឹកពិភពលោកឆ្នាំ២០០៩ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ចំពោះកំណត់ត្រាអូឡាំពិក (Olympic Record) កីឡាការិនីហូឡង់ Ranomi Kromowidjojo បានប្រើថេរវេលា ២៤.០៥វិនាទី កាលពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១២ នៅទីក្រុងឡុងដ៍។

ប្រភព៖ ថ្មីៗ


Related Posts