ប៉ូលិស​ថៃ៖​ការបំផ្ទុះ​គ្រាប់បែក​​មិនជាប់​ពាក់ព័ន្ធ​​នឹង​​បណ្តាញ​​ភេរវកម្ម​​អន្តរជាតិ

នៅយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ១១-១២សីហានេះ ថៃបានរងការវាយប្រហារដោយគ្រាប់បែក១១គ្រាប់ នៅតាមខែត្រចំនួន៥ ភាគខាងត្បូង ធ្វើអោយមនុស្សស្លាប់៤នាក់ និងរបួសច្រើននាក់ ក្នុងនោះមានជនបរទេស របួសច្រើននាក់ផងដែរ។ ក្រុងឆ្នេរទេសចរដ៏ធំហួហ៊ីន និងភូកេត រងគ្រោះធ្ងន់ធ្ងរជាងគេ។

នៅមិនទាន់មានក្រុមណាប្រកាសទទួលខុសត្រូវហេតុការណ៍ទាងនេះទេ តែប៉ូលិសលើកឡើងថា ភេរវកម្មទាំងនេះមិនជាប់ពាក់ព័ន្ធបណ្តាញក្រុមភេរវជនអន្តរជាតិទេ។ ប្រមុខដឹកនាំ ប្រាយុទ្ធ ចាន់ អូចា លើកឡើងថា ហេតុការណ៍ទាំងនេះធ្វើឡើងក្នុងទិសដៅបង្កចលាចលក្នុងស្រុក។

ថ្ងៃសុក្រនេះ អាជ្ញាធរនៅតែរក្សាអោយមានក្បួនដង្ហែក្នុងកម្មវិធីបុណ្យចម្រើនព្រះជន្មព្រះអគ្គមហេសីថៃ សិរីគិត។

ប៉ូលិសថៃមិនគិតថាជាប់ពាក់ព័ន្ធបណ្តាញភេរវកម្មអន្តរជាតិ
ក្រុមភេរវជនអន្តរជាតិដូចជាក្រុមរដ្ឋអ៊ីស្លាម កំពុងគំរាមកំហែងសន្តិសុខគ្រប់ទិសទី ដោយផ្តោតផ្ទាំងស៊ីបលើពលរដ្ឋប្រទេសលោកខាងលិច វាជាការពិត តែនៅថៃ ការវាយប្រហារគ្រាប់បែកជាបញ្ហាផ្សេងមួយទៀត សម្រាប់អាជ្ញាធរ។ ជាញឹកញាប់ គេឃើញមានហិង្សាផ្សេងៗ ដើម្បីសងសឹកគ្នាទៅវិញទៅមក។ ករណីមានបញ្ហាដូចជា ជម្លោះរកស៊ីធំៗ រឺបញ្ហានយោបាយ គេច្រើនឃើញមានការគប់គ្រាប់បែក រឺការប្រើប្រាស់គ្រឿងផ្ទុះផ្សេងៗ។ ម្ល៉ោះហើយ បើមានរឿងផ្ទុះគ្រាប់បែក វាមិនមែនជារឿងប្លែកណាស់ណាទេ។

ប៉ូលិសថា ភេរវកម្មទាំងនេះ វាជាការបំផ្លិចបំផ្លាញក្នុងស្រុកប៉ុណ្ណោះ ទោះបីជាវាកើតឡើងនៅក្រុងឆ្នេរសំបូរដោយទេសចរបរទេសហួហ៊ីន និងភូកេតក៏ដោយ។

ហេតុការណ៍ទាំងនេះកើតឡើងចំពេលព្រះអគ្គមហេសីថៃចម្រើនព្រះជន្ម៨៤ព្រះវស្សា
នៅថ្ងៃសុក្រនេះ ព្រះអគ្គមហេសីសិរីគិត បានប្រារព្ធបុណ្យចម្រើនព្រះជន្ម ដូចការគ្រោងទុក។ គេឃើញមានក្បួនដង្ហែពិធីនៅប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីកន្លែងផ្ទុះគ្រាប់បែក។

ការបំផ្ទុះគ្រាប់បែកប៉ះពាល់ធ្ងន់ជាងគេនៅក្រុងឆ្នេរទេសចរហួហ៊ីន។ ហួហ៊ីនមិនត្រឹមតែសំបូរសណ្ឋាគារប្រណីតៗទេ នៅហួហ៊ីន ក៏មានគេហដ្ឋានគ្រួសារក្សត្រថៃដែរ។ ការបំផ្ទុះគ្រាប់បែក នៅហួហ៊ីន នៅក្រុងដែលមានគេហដ្ឋានក្សត្រថៃ នៅចំថ្ងៃសុក្រ ជាថ្ងៃចម្រើនព្រះជន្មក្សត្រីថៃ អញ្ចឹងយើងអាចគិតថា វាអាចមិនមែនជារឿងចៃដន្យ។

វាអាចពាក់ព័ន្ធនយោបាយផ្ទៃក្នុងថៃក៏ថាបាន។ ថៃទើបនឹងបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញថ្មី។អ្នកបោះឆ្នោតជាង៦០ភាគរយបានគាំទ្ររដ្ឋធម្មនុញ្ញថ្មីរបស់របបសឹក អនុញ្ញាតអោយ លោកប្រាយុទ្ធបន្តក្តាប់នយោបាយតទៅទៀត។ មានន័យថា ពេលនេះ ប្រជាជនថៃហាក់មានទំនោរទៅរករបបសឹក ដែលបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ទៅវិញ។

រដ្ឋធម្មនុញ្ញថៃថ្មីនេះ ផ្តល់សិទ្ធិអោយរបបសឹកតែងតាំងសមាជិកព្រឹទ្ធសភា។ តែប្រជាជននៅតែបោះឆ្នោតគាំទ្រ។ ដូច្នេះ សម្រាប់បក្សលោកថាក់ស៊ីនដែលតែងតែឈ្នះឆ្នោតជាមួយសម្លេងផ្តាច់មុខនោះ វាមិនមែនជាដំណឹងល្អទេ។ ក្រុមអាវក្រហមដែលគាំទ្របក្សគ្រួសារស៊ីនណាវ៉ាត់មួយនេះក៏ដូចគ្នា គឺពិតជាអាចមិនសុខចិត្តទេ ដែលអាចមានអ្នកបោះឆ្នោតសន្ធឹកសន្ធាប់ គាំទ្ររដ្ឋធម្មនុញ្ញរបស់របបសឹក។

ថៃតស៊ូទំរាំងើបផុតពីការកាន់អំណាចរបស់ក្សត្រ ឥឡូវ បែរជាត្រូវមកជ្រកក្រោមរដ្ឋធម្មនុញ្ញថ្មី ដែលហាក់មិនផ្តល់តម្លៃដល់ការបោះឆ្នោតប្រជាធិបតេយ្យទាល់តែសោះ។ ដូច្នេះ បក្សលោកថាក់ស៊ីន ប្រហែលពិបាកនឹងឡើងមកកាន់កាប់ថៃដូចមុនវិញណាស់។

មិនដឹងថា តើក្រុមអាវក្រហមដែលគាំទ្របក្សលោកថាក់ស៊ីន អាចរៀបចំភេរវកម្មទាំងនេះ អោយកើតឡើង ចំថ្ងៃបុណ្យចម្រើនព្រះជន្មក្សត្រីថៃ ដើម្បីផ្ញើសារអោយគ្រួសារក្សត្រថៃ បើកភ្នែកមើលច្បាប់ឡើងវិញរឺយ៉ាងណា ក៏មិនដឹង។ ប៉ូលិសកំពុងស៊ើបអង្កេត យើងមិនអាចសន្និដ្ឋានផ្តេសផ្តាសទេ។

ប៉ូលិសក៏មិនសង្ស័យក្រុមផ្តាច់ទឹកដីនិយមភាគខាងត្បូងដែរ
តំបន់ចុងភាគខាងត្បូងថៃជាប់ព្រំដែនជាមួយម៉ាឡេស៊ី ជាតំបន់តែមួយគត់ដែលគេប្រើគ្រាប់បែកដៃ បង្កការវាយប្រហារផ្សេងៗ។ ការបះបោររបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមផ្តាច់ទឹកដីនិយម ជាង១០ឆ្នាំនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់។ ក្រុមជ្រុលនិយមច្រើនវាយប្រហារកងទ័ពថៃ ហើយមិនដែលធ្វើភេរវកម្ម ក្រៅតំបន់ចុងភាគខាងត្បូងទេ។

ការបំផ្ទុះគ្រាប់បែកម្សិលមិញនិងថ្ងៃនេះ កើតឡើងនៅតាមខែត្រភាគខាងត្បូងមែន តែមិនរហូតដល់ចុងភាគខាងត្បូង ជាប់ជាមួយព្រំដែនម៉ាឡេស៊ី ដែលរងការបះបោររបស់ក្រុមផ្តាច់ទឹកដីនិយមដែរ។ នេះជាមូលហេតុដែលនាំអោយប៉ូលិសយល់ថា ក្រុមផ្តាច់ទឹកដីនិយមមិនបានធ្វើការវាយប្រហារទាំងនេះ។

ភេរវកម្មធ្ងន់ចុងក្រោយ កើតឡើងនៅក្រុងបាងកកខែសីហា ឆ្នាំ២០១៥
ខែសីហាឆ្នាំមុន ការវាយប្រហារនៅក្រុងបាងកក បានសម្លាប់មនុស្ស២០នាក់ក្នុងនោះមានទេសចរចិនច្រើននាក់ណាស់។ គេនៅមិនទាន់ដឹងថា ក្រុមណាបង្កវានៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាប្រកាសទទួលខុសត្រូវដែរ។ តែប៉ូលិសក៏មិនបានគិតថា វាជាប់ពាក់ព័ន្ធបណ្តាញភេរវជនអន្តរជាតិដែរ។ ក្រុមអង្កេតគិតថា ពួកអ៊ុយហ្គួរ នៅចិន អាចបង្កភេរវកម្មនេះ។ តុលាការក្រុងបាងកក នឹងបើកសវនាការកាត់ទោសជនសង្ស័យ២នាក់ នៅថ្ងៃ២៣សីហានេះ៕

ប្រភព៖ RFI


Related Posts