កម្តៅកាន់តែកើនខ្លាំង! នាយករដ្ឋមន្ត្រីរុស្ស៊ីប្រកាសថា នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន

(មូស្គូ)៖ កម្តៅតាមព្រំដែន និងការទូតរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានឈានទៅរកបញ្ហាធំឡើងបន្ថែមទៀតហើយ ខណៈទីក្រុងមូស្គូ បានប្រកាសថា នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតចោលតែម្តង ជាមួយនឹងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ត្រូវបានសារព័ត៌មាន Interfax ដកស្រង់សម្តីថា «ខ្ញុំមិនចង់ឲ្យវាកើតឡើងនោះទេ ប៉ុន្តែប្រសិនបើគ្មានជំរើស ផ្សេងទេនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹងជ្រើសយកការអនុវត្តបែបនេះ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី បានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានចោទប្រទេសអ៊ុយក្រែនថា បានរៀបចំផែនការអាក្រក់ ក្នុងការវាយប្រហារដោយភេរវកម្ម ទៅលើតំបន់គ្រីមា ដែលកំពុងតែគ្រប់គ្រងដោយប្រទេសរុស្ស៊ី។

ប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាឡើងវិញ ហើយចាប់តាំងពីថ្ងៃពុធមក រុស្ស៊ីបានសម្រេចឲ្យ មានការប្រុងប្រៀបបង្កើន កងកម្លាំងយោធា និងសព្វាវុធនៅតាមព្រំដែនជាមួយអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏មានការរៀបចំដើម្បីការពារខ្លួនផងដែរ៕

ប្រភព៖ freshnewsasia


Related Posts