​កាន់ផ្គាក់​​ចូលក្នុងសាលាកាប់​គេ​ឯង​ ផ្អើល​រត់​​ប្រសាច​

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​គេ​ដឹង​ថា បែក​ថ្នាំ​បាន​ចូល​ទៅ​អុកឡុក​ក្នុង​សាលា ដោយ​ប្រើ​ហិង្សា​ទៅ​លើ​មនុស្ស​ជា​ច្រើន​នាក់ និង​​បំផ្លាញ​សម្ភារមួយចំនួនទៀត មិនតែប៉ុណ្ណោះ​​បាន​វាយ​នគរបាល បណ្ដាល​ឱ្យ​របួស​ទៀត ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ សីហា ស្ថិត​នៅ​ចំណុច​ «សាលា​វិទ្យាល័យ​ហ៊ុន សែន ត្រើយ​ស្លា» ក្នុងភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត កណ្តាល។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ប្រិ​យ ណុ​ប អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក អ្នក​រង​របួស​មាន​២​នាក់ ១-​ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​នាយក​សាលា​វិទ្យាល័យ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល (​មាន​របួស​ពក​ក្បាល​ខាងឆ្វេង​១​កន្លែង និង​រលាត់​កែងដៃ​ខាងឆ្វេង​១​កន្លែង​) និង​២-​ឈ្មោះ​គុណ សុភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​គ្រូបង្រៀន​វិទ្យា​ល​យ័យ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុ​តាង ចាប់​យក​ពេល​ឃាត់ខ្លួន​មានកាំបិត​ផ្គាក់​១, កាំបិត​បុ័ងតោ​ចំនួន​១, ពូថៅ​១, ចបជីក​ដែក​១, ដែក​ជំនីក​១ និង​ចបចក់​១​។

ចំពោះ​ការ​ខូចខាត​បាត់បង់​រួម​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​S.H ហុងដា​ពណ៌​.​ស ស្លាក​លេខ​កណ្ដាល​1O-7080 បែក​កុង​ទ័​រ និង​បែក​ស្តុ​ប​ក្រោយ​, ខូច​កញ្ចក់​កុំព្យូទ័រ​ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ម៉ាក​សាំង​សុង​, ស៊េរី​A8 ខូច​មួយ​គ្រឿង ជា​របស់​ឈ្មោះ​សុខ ពៅ និង​-​ម៉ូតូ​ម៉ាក Wave សេ​១១០ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ (​បែក​កុង​ទ័​រ​) ជា​របស់​ឈ្មោះ​គុណ សុភា​។

នៅ​ថ្ងៃ​កើតហេតុ ឈ្មោះ​ប្រិ​យ ណុ​ប មាន​សភាព​ស្រែក​ឡូឡា​ខុសធម្មតា (​បែក​ថ្នាំ​) ហើយ​កាន់​កាំបិត​បុ័ងតោ ចូល​វិ​ហ៊ា​រ​ចាស់ វត្ត​ស្លា​កេតុ រួច​ចេញ​មក​វិញ កាន់​កាំបិត​ផ្គាក់​មួយ​រត់​ចូល​ក្នុង​ការិយាល័យ​សាលា​វិទ្យាល័យ​ត្រើយ​ស្លា ក្របួច​.​ក​អាវ​លោកនាយ​សាលា ដែល​កំពុង​សំរាក រួច​វាយ​ឈ្មោះ​ពៅ ត្រូវ​កែងដៃ​ដោយ​ដងកាំបិត និង​វាយ​ក្បាល​មួយ​ដងកាំបិត​ពក​ក្បាល បន្ទាប់​មក​កាប់​កុំព្យូទ័រ​ខូច​មួយ​គ្រឿង​និង​កាប់​ទូរស័ព្ទ​ដៃ​ម៉ាក​សាំង​សុង​សេរី​A8​ខូច​មួយ​គ្រឿង រួច​ចេញ​មក​កាប់​ម៉ូតូ​ខូច ខាត​ចំនួន​០២​គ្រឿង ។

ភ្លាម​នោះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ត្រើយ​ស្លា សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ អន្តរា គមន៍ ពេល​នោះ​ឈ្មោះ ប្រិ​យ ណុ​ប ក៏​បាន​ប្រមូល​ពូថៅ ចបជីក ដែក​ជុំនីក និង​ចបចក់ ជា​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត ហេតុ មក​ទុក​នៅ​ក្បែរ​ខ្លួន​មិន​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រំពេច​នោះ​ជនសង្ស័យ​កាន់​កាំបិត​ផ្គាក់​កាប់​សមត្ថកិច្ច​ឈ្មោះ​ទុ​យ សក្ខី (​មន្ត្រី​ប៉ុស្តិ៍​) គាត់​បាន​គេច​ផុត ក៏​កាប់​ត្រូវ​វិទ្យុទាក់ទង​ខូច​០១​គ្រឿង រួច​កាប់​សមត្ថកិច្ច​ឈ្មោះ​ស៊ុប លាង​សែ (​អធិការរង​) មុត​កែងដៃ​ឆ្វេង​មួយ កន្លែង​និង​មុត​ក្បាល​ខាងឆ្វេង​មួយ​កន្លែង​។

ភ្លាម​នោះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ​ប្រិ​យ ណុ​ប បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​ច្បាប់ ៕