កុំចេះតែហ៊ាន! រឿងដាក់ស៊េរ៉ូម​តាមផ្ទះ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ចំណាស់​ម្នាក់​​បាន​ប្រកាច់​បែកពពុះមាត់ និង​​​រឹង​ថ្គាម​ហា​មាត់​​លែង​​រួច ក្រោយ​ពេល​​គាត់​មិនសូវ​ស្រួលខ្លួន ហើយ​​បាន​អញ្ជើញ​គ្រូពេទ្យ​ម្នាក់​ ទៅ​ដាក់​សេរ៉ូម​​ព្យាបាល​ជំងឺ​​ លុះ​​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​​កាន់តែ​ខ្លាំង​ថែម​ទៀត ដែលធ្វើ​ឱ្យ​ក្រុម​គ្រួសារ​​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ក៏​​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព៧១១​​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យព្រះ​កុ​សុ​មះ​ ដើម្បី​សង្គ្រោះ​វិញ​ ។

ហេតុ​ការ​ណ៍​នោះ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​សង្ស័យ​គាត់​​ប្រតិកម្ម​ថ្នាំ ​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង០​៩ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ ​សីហា ​២០១៦ នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភ​ព​​ឱ្យ​ដឹង​ថា ស្ត្រី​រង​​គ្រោះ​​ឈ្មោះដ​ន ស្រេង អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ នៅ​មុន​ពេល​កើតហេតុ គាត់​​មាន​អាកា​រៈ​វិលមុខ​ខ្លាំង​ខុស​ប្រក្រតី រហូត​ទ្រាំ​មិន​បាន ​ក៏​បាន​អញ្ជើញ​គ្រូពេទ្យឯកជន​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជិត​គ្នា ទៅ​ជួយ​ព្យាបាល ​ខណៈ​នោះ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឲ្យ ដើម្បី​ឲ្យ​គាត់​បាន​ធូរស្រាល​ ។

ក្រោយ​ពេល​ដាក់​សេរ៉ូម​រួច គ្រូពេទ្យ​ទៅ​ផ្ទះ​បាត់មិន​មានការ​ធូរស្រាល​នោះ​ឡើយ បែរជា​មាន​អាកា​រៈ​រឹតតែ​ធ្ងន់ធ្ងរ​ទៅ​វិញ ដោយ​ប្រកាច់​​បែកពពុះមាត់ និង​រឹងថ្គាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ហើយ ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រះ​កុ​សុ​មះ ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​ក្រុម​សង្គ្រោះ​បាន​សង្ស័យ​ថា គាត់​ប្រតិកម្ម​ថ្នាំ​ទើប​មាន​អាកា​រៈ​បែប​នេះ​ ។