មិនធម្មតា! តារាស្រីសាច់ចាំ នាង Sandara Park ក្រសោបបាន តំណែងតួឯកស្រីជាលើកដំបូង

កូរ៉េខាងត្បូង៖ នេះជាលើកទី១ ដែលនាងSandara Park សមាជិកក្រុម 2NE1 ដែលអ្នកគាំទ្រជាច្រើនដាក់រហ័ស្សនាមឲ្យនាងថា ជាតារាស្រីសាច់ចាំវ័យមិនងាយចាស់ បើទោះបីជាមានវ័យជាង ៣០ឆ្នាំទៅហើយ បានក្រសោបតំណែងតួឯកស្រីជាលើកដំបូង។

ខ្សែភាពយន្តដែលនាងសម្តែងជាតួឯកស្រីជាលើកដំបូងនេះ មានចំណងជើងថា «One Step» ដោយក្នុងនោះផងដែរ Sandara នាងសម្តែងជាតួស្រីឈ្មោះ Si Hyun ជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីម្នាក់ ព្រមទាំងជាមនុស្សម្នាក់ដែលឈ្លក់វង្វេង ជាមួយនឹងតន្ត្រីបំផុត ប៉ុន្តែមិនថាយ៉ាងណា នាងក៏បានផ្លាស់ប្តូរខ្លួនឯង បន្ទាប់ពីបានជួបជាមួយនឹងតួប្រុស Ji LL (សម្តែងដោយ Han Jae Suk)។ 

យ៉ាងណាមិញ ខ្សែភាពយន្តរឿង«One Step»នេះ ខុសប្លែកពីខ្សែភាពយន្តនានា ដែលពួកគេនិយមលេងទាក់ទងនឹងវិស័យតន្ត្រី ប៉ុន្តែមិនថាយ៉ាងណា ខ្សែភាពយន្តដែលនាង Sandara សម្តែងជាតួឯកនោះ ជាប្រភេទរឿងដែលផ្តោតមនោសញ្ចេតខ្លាំង និងស៊ីជម្រៅបំផុតទៅក្នុងពិភពនៃតន្ត្រី។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះ ក៏មានការចូលរួមសម្តែងដោយ តារាសម្តែងល្បីៗនៅប្រទេសកូរ៉េជាច្រើននាក់ផងដែរ មានដូចជា៖ Jo Dal Hwan, Hong Ah Reum, និង Jo Dong In ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការថតខ្សែភាពយន្តមួយនេះ។

គួសបញ្ជាក់ថា ខ្សែភាពយន្តមួយនេះ គ្រោងនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងឆ្នាំ២០១៦នេះហើយ៕

ប្រភព៖Soompi

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ក៏ដូចជា កាលពីពីថ្ងៃទី៨ ខែសីហា កន្លងទៅនេះ តារាស្រីសាច់ចាំ Sandara Park ដែលជាសមាជិកក្រុម 2NE1 ត្រូវបានគេអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី”Abnormal Summit” របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េJTBC។

គួរឲ្យដឹងថា នៅកំឡុងពេលកិច្ចសម្ភាស៍នៅក្នុងកម្មវិធីនោះ Sandara នាងបានបង្ហើបប្រាប់អំពីជីវិតរស់នៅឯប្រទេសហ្វីលីពីន មុនពេលនាងចូលក្នុងផលិតកម្ម YG Entertainment។

នាងបានរៀបរាប់ថា នាងរស់នៅប្រទេសហ្វីលីពីន តាំងពីនាងរៀនថ្នាក់ទី៤ រហូតដល់ធំពេញវ័យអាយុ២០ឆ្នាំ។ នាងបានបន្តថា៖ «ខ្ញុំបានចំណាយពេលយុវវ័យរបស់ខ្ញុំ​ទាំងអស់នៅឯទីនោះ។ ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំ ជាតារាល្បីមួយរូបនៅទីនោះ ហើយខ្ញុំក៏បានខិតខំព្យាយាមរហូតដល់ខ្ញុំ មានឱកាសបានចូលទៅហ្វឹកហ្វាក់នៅក្នុង ផលិតកម្ម YG តែម្តង»។

បន្ថែមពីនេះ ពិធីករលោក Jeon Hyun Moo បានសួរទៅកាន់កញ្ញា Sandara Park ថា៖ «កាលជាតារាចម្រៀងនៅហ្វីលីពីន តើនាងមានប្រជាប្រិយភាពល្បីដែរឬទេ?» នាងបានឆ្លើយតបបែបកំប្លែងលេងថា៖ «ខ្ញុំមិនសូវជាល្បីទេ ប៉ុន្តែក៏គួរឲ្យកត់សម្គាល់ដែរ»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload