ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា

ប្រទេសកម្ពុជាជាប្រទេសដែលគ្របដណ្តប់ទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែបដូចជា ព្រៃព្រឹក្សាសមុទ្រ ទន្លេ ដងអូរ ដែលមានទេសភាពដ៏ស្រស់ត្រកាល ។ ធនធានទាំងអស់នោះត្រូវបានគេមើលឃើញថាមានសក្តានុពលយ៉ាងខ្លាំងអាចជួយលើកស្ទួយវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានកំណើនខ្ពស់ប្រសិនបើគ្រប់គ្រងវាបានល្អ ។

ដោយសារតែមើលឃើញពីផលប្រយោជន៍ទាំងអស់នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាតាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្នបានយកចិត្តទុកដាក់អភិរក្សឧទ្យានជាតិសំខាន់ចំនួន ៧ ដើម្បីទុកជាសម្បត្តិជាតិដែលមានដូចជា ៖
-ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ។ ភ្នំបូកគោមានរយៈកម្ពស់ ១.០៧៥ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងកំពតនិងចម្ងាយ៣២គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ ។ ឧទ្យានជាតិភ្នំបូកគោត្រូវបានរកឃើញ្ញនៅឆ្នាំ១៩១៧ដោយជន ជាតិ បារាំងឈ្មោះ រូលួសនិងត្រូវបានអភិវឌ្ឍឱ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ ១៩២១ ។

កាលពីមុនភ្នំបូកគោធ្លាប់ជាទីកន្លែងសម្រាកនិងលម្ហែកាយដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំងនិងរាជវង្សានុវង្សប៉ុណ្ណោះ ។ ឧទ្យានជាតិភ្នំបូកគោជាឧទ្យានជាតិមួយក្នុងចំណោម ឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ឧទ្យានជាតិភ្នំបូកគោល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិ ដ៏ខៀវស្រងាត់និងស្រស់បំព្រង ។

ភ្ញៀវទេសចរអាចគយគន់មើលទេសភាពទាំងឡាយពីលើកំពូលភ្នំទៅទីរួមខេត្តកំពតដោយឃើញឆ្នេរសមុទ្រនិងកោះជាច្រើនដែលនៅខាងក្រោមនោះយ៉ាងសប្បាយរីករាយ ។

ឧទ្យានជាតិភ្នំបូកគោមានដើមឈើត្រូពិកពាសពេញលើភ្នំព្រមទាំងសត្វព្រៃជាច្រើនប្រភេទនិងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល ។ភ្នំបូកគោជាទីកន្លែងកម្សាន្តដ៏សម្បូរបែបបំផុតដែលធ្វើឱ្យគ្រប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរពោរពេញដោយភាពរីករាយនិងបំភ្លេចមិនបាន ។ ភ្នំបូកគោមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកំពតមានផ្ទៃដី ១៤០.០០០ ហិកតារ ។សព្វថ្ងៃនៅលើកំពូលភ្នំបូកគោត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនសុខា អូតែល អភិវឌ្ឍឡើងវិញបន្ទាប់ពីត្រូវបំផ្លាញខ្ទេចខ្ទីនៅពេលស្រុកមានសង្គ្រាមហែកហួរគ្នា ។

-ឧទ្យានជាតិព្រះសុរាម្រិតឬឧទ្យានជាតិគិរីរម្យ

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ឧទ្យានជាតិព្រះសុរាម្រិត ឬ ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលបំផុតសម្រាប់លម្ហែអារម្មណ៍និងជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិទាំងប្រាំពីរដែលបានបង្កើតឡើងជាផ្លូវការដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។

ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងនិងជាកន្លែងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ជាទីទាក់ទាញអន្ទងទឹកចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទស្សនាយ៉ាងច្រើនកុះករក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិម្តងៗ ។ ឧទ្យានជាតិនេះបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ ។ ឧទ្យានជាតិគិរីរម្យមានចម្ងាយ ១១៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ១៤៧ គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ឬ មានចម្ងាយ ៤៤ គីឡូម៉ែត្រ ពីទីរួម ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ។

ឧទ្យានជាតិនេះជារមណីយដ្ឋានប្រណីតមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យ សង្គមរាស្ត្រនិយមមកម្ល៉េះនិងត្រូវបានគេចាត់ទុកថាជាកន្លែងដែលសម្បូរទេសភាពស្រស់បំព្រង ជាពិសេសគឺមានអំណោយផលដោយមានដើមស្រល់ធម្មជាតិតូចធំជាច្រើនដែលដុះតម្រៀបគ្នាជាជួរៗនៅលើខ្ពង់រាបនៃភ្នំគិរីរម្យនេះ ។

ក្រៅពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតហើយនោះនៅទីនេះក៏ជាជម្រកនៃពពួកសត្វម្រឹគីម្រឹគា និងពពួកសត្វបក្សាបក្សីជាច្រើនអម្បូររស់នៅនិងមានទឹកជ្រោះធ្លាក់ដ៏ស្រស់ត្រកាលជាច្រើនកន្លែង ។ ជារៀងរាល់ចុងសបា្តហ៍ ជាពិសេសថ្ងៃបុណ្យប្រពៃណីជាតិម្តងៗមានភ្ញៀវទេសចរជាច្រើនដែលទៅពីក្រុងភ្នំពេញក៏ដូចជាពីតាមបណ្តាខេត្តនានាបាននាំគ្នាទៅសម្រាកលម្ហែកាយកម្សាន្តជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនេះនិង បានទទួលទានភោជនីយាហារដ៏ឈ្ងុយឆ្ងាញ្ញ់នៅទីនោះទៀតផង ព្រោះនៅ ទីនោះទោះបីជាស្ថិតនៅចំកណ្តាលព្រៃស្រោងលើកំពូលភ្នំយ៉ាងណាក្តីក៏មានម្ហូបអាហារខ្មែរជាច្រើនប្រភេទដាក់លក់ដើម្បីបំពេញតម្រូវការរបស់ ភ្ញៀវទេសចរផងដែរ ។

ឧទ្យានជាតិគិរីរម្យមានតំបន់ទេសចរណ៍សំខាន់ៗសម្រាប់កម្សាន្តសប្បាយជាច្រើនក្នុងនោះមានដូចជារមណីយដ្ឋានទឹកជ្រោះដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចម្ការតែ ភ្នំថ្មដា និង តំបន់ល្អាងភ្នំជាស ជាដើម ។ ក្រៅពីតំបន់ទេសចរណ៍សំខាន់ៗខាងលើនៅមានទឹកធ្លាក់អូរច្រាកឬហៅថាទឹកធ្លាក់ចំបក់ដែលមានទីតាំងនៅ ផ្នែកខាងជើងនៃតំបន់ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយសារតំបន់គិរីរម្យជាតំបន់ខ្ពង់រាបដែលគ្របដណ្តប់ដោយព្រៃឈើមានពណ៌បៃតងគ្រប់រដូវកាលនោះ ជា ហេតុបណ្តាលឱ្យមានបរិមាណទឹកភ្លៀងខ្ពស់ប្រហាក់ប្រហែលនឹងតំបន់មាត់សមុទ្រផងដែរហើយក៏ជាកត្តាបង្កើតឱ្យមានជ្រោះនិងអូរមានទឹកហូរ ធ្លាក់ជាច្រើននៅតាមចន្លោះភ្នំនីមួយៗ ។ដោយសារលក្ខណៈអំណោយផលពីធម្មជាតិនេះហើយទើបតំបន់គិរីរម្យបង្កើតជាប្រភពទឹកសម្រាប់បង្កើតជាវារី អគ្គិសនីដំបូងបំផុតនៅប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ដែលគេ អាចនាំយកចរន្តថាមពលអគ្គិសនីទាំងនោះមកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ្ញ បានមួយភាគធំរហូតដល់ពេលបច្ចុប្បន្ន ។

– ឧទ្យានជាតិកែប

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
មានទីតាំងស្ថិតនៅក្នុងដែនដីនៃបុរីកែបមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពតនិង មានចម្ងាយ ១៧៣ គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ្ញ ។ តំបន់នោះបានផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ ។ល។ ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់គឺតំបន់ឧទ្យានជាតិកែបដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិង អន្តរជាតិ ឱ្យស្នាក់នៅកម្សាន្តក្នុងតំបន់នោះផងដែរ ។ ផ្នែកមួយនៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិច តំបន់នេះមានព្រៃកោងកាងលាតសន្ធឹងពីតំបន់ទំនាបទឹកប្រៃរហូតដល់មាត់ សមុទ្រ ហើយព្រៃកោងកាងខាងលើនេះបានផ្តល់ជាថ្នាលបណ្តុះពូជនិងជាទីសម្បុកពងកូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និង សត្វសមុទ្រ គ្រប់ ប្រភេទ ។ ក្រៅពីនេះក៏នៅមានតំបន់តូច ធំ ធ្លាប់មានប្រវត្តិជាតំបន់ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃដូចជាប្រភេទសត្វចតុប្បាទ សត្វបក្សាបក្សី យ៉ាងសម្បូរបែប ។

-ឧទ្យានជាតិបទុមសាគរ

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ឧទ្យានជាតិបទុមសាគរមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកោះកុងមានព្រំប្រទល់ផ្លូវជាតិលេខ ៤៨ ពីចំណុចឃុំអណ្តូងទឹករហូតទៅដល់ឃុំត្រញំងរូង ក្រៅពីនោះគឺមានព្រំប្រទល់ជាប់មាត់សមុទ្រទាំងអស់ ។ ឧទ្យានជាតិនេះជាតំបន់ធម្មជាតិនិងជាដែនជម្រកសត្វព្រៃនិងមច្ឆជាតិគ្រប់ប្រភេទ ។

ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែជាច្រើនមុខនោះឧទ្យានជាតិនេះនៅជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅដោយព្រៃកោងកាងយ៉ាងក្រាស់នៅក្នុងតំបន់នោះក៏មានប្រជាពលរដ្ឋរហូត ដល់ទៅ ២៤ ភូមិ ដែលសុទ្ធសឹងតែប្រជានេសាទសមុទ្រទាំងអស់ ។ កត្តា ទាំងអស់ខាងលើនេះក៏ជាអំណោយផលយ៉ាងគាប់ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរទាំងឡាយឱ្យទៅទស្សនាកម្សាន្តជាពិសេសដោយតំបន់នោះជាតំបន់សមុទ្រគេអាចជិះអូប័រទៅលេងកម្សាន្តនៅកោះស្តេចដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧទ្យានជាតិនេះ។ប៉ុន្តែគួរឱ្យស្តាយដោយក្នុងតំបន់នោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរៀបចំបានស្រួលនៅឡើយមិនទាន់អាចទទួលភ្ញៀវទេសចរទៅកម្សាន្តបាននោះដែរ ។

– ឧទ្យានជាតិវីរជ័យ

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ឧទ្យានជាតិវីរជ័យមានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា លាត សន្ធឹង និង គ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ឧទ្យានជាតិវីរជ័យត្រូវបានគេចាត់ទុកជាដែនជម្រកមួយដ៏ធំសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជា មានដូចជា ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម ។ លក្ខណៈជីវសាស្ត្រឧទ្យានជាតិវីរជ័យនេះ មានសារសំខាន់ដល់ការងារអភិរក្សអន្តរជាតិ ។ ឧទ្យានជាតិវីរជ័យ ជា ដែនជម្រកសត្វព្រៃ និង ព្រៃឈើដ៏ធំមួយរបស់ប្រទេសកម្ពុជា ។ ភាគ ច្រើននៃតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃជម្រុះ ស្លឹក និង ព្រៃពាក់កណ្តាលស្រោង ។

ព្រៃឈើឧទ្យានជាតិវីរជ័យ ភាគ ច្រើនជាប្រភេទព្រៃពាក់កណ្តាលស្រោង និង ព្រៃស្រោងបៃតង ។ ទិដ្ឋ ភាពចម្រុះរបស់ឧទ្យានជាតិនេះក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក វាលស្មៅ ព្រៃឫស្សី ព្រៃចម្រុះជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។ ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសល់ចុងក្រោយ បង្អស់ ដែលមានរុក្ខជាតិប្រចាំតំបន់ដែលចាំបាច់ត្រូវតែការពារ ។ នៅ តំបន់នោះមានទន្លេធំៗពីរ គឺទន្លេសេសាននៅភាគខាងត្បូងនិងទន្លេសេកុងនៅភាគខាងលិចជាប់នឹងឧទ្យានជាតិ ។ ទន្លេធំៗទាំងពីរនិងស្ទឹងធំៗមួយចំនួនទៀតដែលមាននៅក្នុងឧទ្យានជាតិគឺជាប្រភពអាងទឹកដ៏សំខាន់របស់តំបន់នេះហើយវាក៏បានទ្រទ្រង់ដល់ធម្មជាតិនិងសត្វទឹកនានាមួយចំនួនធំដែលខ្លះជាប្រភេទសត្វប្រចាំតំបន់។

– ឧទ្យានជាតិរាម

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ឧទ្យានជាតិរាម ខេត្តព្រះសីហនុ ស្ថិតនៅរវាងកោះថ្មី និង ក្រុងព្រះ សីហនុ មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។ឧទ្យានជាតិនេះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និង មានផ្លូវអមតាមឆ្នេរសមុទ្រដើមកោងកាង ព្រៃភ្នំនិងសត្វស្លាបជាច្រើនប្រភេទនិងឆ្នេរស្រស់បំព្រង ដូចជា កោះតាគាវ និងកោះឫស្សីព្រមទាំងមានផ្ទះសម្រាប់ស្នាក់នៅមានសេវាកម្មម្ហូបអាហារនិងទូកសម្រាប់ធ្វើដំណើរទៀតផង ។

ឧទ្យានជាតិរាមមានចម្ងាយប្រមាណ ៣០ គឺឡូម៉ែត្រ ពីក្រុងព្រះសីហនុ និង មានសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាឆ្នេរខ្សាច់យ៉ាង ស្រស់ស្អាត ។ មានកន្លែងសម្រាប់កម្សាន្ត និង មានទូកសម្រាប់ធ្វើដំណើរទៅទស្សនាតាមតំបន់កោះជាច្រើន ដូចជា កោះតាគាវ កោះឫស្សី កោះស្រមោច និង មានកោះជាច្រើនទៀត ដែលមានឆ្នេរខ្សាច់ស្អាត និង អាចមើលផ្កាថ្ម ព្រមទាំងមានទេសភាពគួរជាទីគយគន់ ។ ឧទ្យានជាតិរាមជាកន្លែងសម្រាប់បងប្អូនកងទ័ពរស់នៅ និង ជាកន្លែងការពារដែនទឹករបស់ប្រទេសជាតិ ។ បច្ចុប្បន្នមានកងទ័ពជាច្រើនដែលបានជួយការពារបូរណភាពទឹកដីនៅទីនោះ ជាពិសេសយុវជនជំនាន់ក្រោយដែលជាទំពាំងស្នង ឫស្សីជួយការពារទឹកដី ។

-ឧទ្យានជាតិគូលែន

ឧទ្យាន​ជាតិ​ទាំង ៧ នៅ​កម្ពុជា
ភ្នំគូលែន ត្រូវបានរាប់បញ្ចូលជាឧទ្យានជាតិផងដែរ ។ ភ្នំនេះជាភ្នំដាច់តែឯងមួយដែលមានទីតាំងក្នុងស្រុកស្វាយលើ និង មានចម្ងាយ ៤៨ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបដែលមានកំពូលកម្ពស់ ៤៨៧ ម៉ែត្រ មាន ផ្ទៃដីទំហំ ៣៧ ។០០០ ហិកតារ ។ ឧទ្យានភ្នំគូលែនមានប្រវត្តិសាស្ត្រកេរដំណែលជាង ១ ពាន់ឆ្នាំ និង ប្រកបដោយភាពស័ក្តិសិទ្ធិនៅក្នុងអប្បិយជំនឿខ្មែរដ៏ល្បីល្បាញមួយដែលត្រូវបានអង្គការយូណេស្កូកំណត់ជាតំបន់មានប្រាសាទហើយមានសម្បត្តិធម្មជាតិដ៏ស្រស់បំព្រងព្រមទាំងមានការអភិរក្សបានយ៉ាងល្អប្រសើរជាមួយផែនការច្បាស់លាស់ផងដែរ ។

គេក៏មានគម្រោងដាក់ឧទ្យានជាតិភ្នំគូលែននេះឱ្យទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅពេលអនាគតផងដែរ ។ ទោះបីជាគេមើលឃើញថាប្រទេសកម្ពុជាមានសក្តានុពលធម្មជាតិជាច្រើនប្រភេទ ដូចជា ព្រៃឈើ សត្វព្រៃ និងមានវប្បធម៌ដ៏សម្បូរបែបនៅតំបន់ឧទ្យានជាតិទាំងនោះក្តី ក៏នៅពេលនេះ ដី ព្រៃឈើនិងធម្មជាតិនៅបរិវេណឧទ្យានជាតិទាំងនោះកំពុងតែទទួលរងការកាប់ ការបរបាញ់សត្វព្រៃ បំផ្លាញយ៉ាងធ្ងន់ដែលធ្វើឱ្យផ្ទៃដីឧទ្យានជាតិកាន់តែរួមតូចទៅៗ ៕

ប្រភព ៖ pmhotnews