ការ៉េមកី​លក់​ដាច់​ខ្លាំង​ក្នុង​រដូវ​វស្សា?

ការ៉េមកី​លក់​ដាច់​ខ្លាំង​ក្នុង​រដូវ​វស្សា?

 

ហេតុ​អ្វី​បាន​ជា​ការ៉េមកី​ផលិត​ផល​ខ្មែរ​លក់​ដាច់​ខ្លាំង​ក្នុង​រដូវ​វស្សា​ជាង​រដូវ​ប្រាំង? ហេតុផល​មួយ​ក្នុង​ចំណោម​ផល​ផ្សេង​ទៀត គឺ​រដូវ​ប្រាំង​ អាកាសធាតុ​ក្ដៅ​ជាហេតុ​បណ្ដាល​ឲ្យ​អ្នក​ពិសា​ការ៉េម​កាន់តែ​ស្រេក​ទឹក​ខ្លាំង ដូច្នេះ អតិថិជន​មួយ​ចំនួន​ងាក​មក​ពិសា​កាហ្វេ ឬ ភេសជ្ជៈ​ផ្សេង​ៗ​ជំនួស​វិញ។ នេះ​ជា​ការ​ឆ្លើយ​តប​របស់ លោក ឆន ឈៀត វ័យ ៣០ ឆ្នាំ អ្នក​បោះ​ដុំ​ការ៉េម​កី ផលិត​ផល​ខ្មែរ​ នៅ​​ខាង​កើត​ផ្សារ​តាកែវ ខេត្ត​តាកែវ។

 

ការ៉េមកី​លក់​ដាច់​ខ្លាំង​ក្នុង​រដូវ​វស្សា?

 

លោក ឈៀត បាន​និយាយ​ទៀត​ថា ​រដូវវស្សា មុខរបរ​នេះ​កើនឡើង​ច្រើន​គ្រាន់បើ​​ប្រៀបធៀប​ទៅ​នឹង​រដូវប្រាំង។ “ជា​ធម្មតា​ខ្ញុំ​​បោះ​ដុំ​អោយ​ម៉ូយ​បាន​ប្រហែល​ជាង៣៥០ដើម​ ប៉ុណ្ណោះ​នៅ​រដូវប្រាំង​ផ្ទុយទៅវិញ​នៅ​រដូវវស្សា​បាន​ជាង ៥០០ដើម​ ឯណោះ​ដោយ​ក្នុង១ដើម​អាច​ចំណេញ​បាន១០០រៀល។

 

ទោះបី​យ៉ាងណា​គាត់​មិន​ពឹងផ្អែក​តែ​លើ​ការ​លក់ដុំ​ប៉ុណ្ណោះ​ទេ។ ដោយ​រៀងរាល់​ព្រឹ​ក​បន្ទាប់ពីរាប់​ការ៉េម​អោយ​ម៉ូយ​រួចហើយ​ លោក​ឈៀ​ត ត្រូវ​ចេញ​ដំណើរ​លក់ខ្លួន​ឯង​ទៀត​ដោយ​មួយ​ថ្ងៃៗ​ជិះ​ម៉ូតូ​តាម​ភូមិ​ឆ្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ​ឯណោះ​ដល់​ល្ងាច​ម៉ោង៤ទើប​ត្រលប់​មកវិញ។ “មុខរបរ​នេះ​ហត់​ណាស់​តែ​ជា​មធ្យម​ខ្ញុំ​អាច​រកចំណូលបាន ៨ម៉ី​ន​រៀល​ដែរ​ក្នុង១ថ្ងៃ ​រួម​ទាំង​ប្រាក់ចំណេញ​ពី​ការ​បោះ​ដុំ​ផង។

 

បុរស​ចំណាកស្រុក​មកពី​ខេត្ត​កំពង់ធំ​រូបនេះ​ ទទួល​បាន​សិទ្ធ​លក់​ផ្ដាច់មុខ​ក្នុង​ខេត្ត​តាកែវ​ កាលពី​ឆ្នាំ ២០១៤ នូវ​ផលិតផល​ការ៉េម​ខ្មែរ​ពីរ​ប្រភេទ​មកពី​ភ្នំពេញ​មក​បោះ​អោយ​ដល់​ផ្ទះ។ ហើយ​លោក​ក៏បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ផង។

 

ការ៉េមកី​លក់​ដាច់​ខ្លាំង​ក្នុង​រដូវ​វស្សា?

 

 

អត្ថ​ប​ទៈ ជិន វេន​
រូប​ថ​តៈ ទូ​រស​ព្ឌ័​ដៃ

ចង់​ក្លាយ​ជា​អ្នក​កាសែត​មហាជន​ សូម​ទំនាក់ទំនង
E: [email protected]
P: 077 777 463 / 099 588 880