មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ជំរិត​យកលុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​

លោក ចៅ ម៉េង មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក អ៊ិន សុផល មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​តាមរបៀប​ពុករលួយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ និង​ក្រុមអាជីវករ​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏ដូចជា​អំពាវនាវ​ដល់​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឈ្មោះ ចៅ ម៉េង និង​ឈ្មោះ អ៊ិន សុផល ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នៅតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

តាម​សេចក្ដីរាយការណ៍​ពី​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ចៅ ម៉េង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ិន សុផល តែងតែ​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាច្រើន​ក្រុម​បាន​កោសរូស​ជំរិត​យកលុយ​ពី​ពួកគាត់​យ៉ាង​គឃ្លើន បើទោះពី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​។ ក្រុមនគរបាល​ទាំងនោះ​ជំរិត​យកលុយ​ពី​ពួកគាត់​ដោយ​មិន​បង្ហាញ​លិខិត​បេសកកម្ម​ឡើយ ហើយ​បើ​ពួកគាត់​ហ៊ាន​តវ៉ា​ត្រូវ​ប្រឈម​នឹង​ការរំខាន​ឬ​ការបង្ក្រាប​នាំ​ឲ្យ​ខាត​ពេលវេលា​ជាមិនខាន​។

មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ជំរិត​យកលុយ​ពី​ឈ្មួញ ព្រមទាំង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត គឺ​លោក ចៅ ម៉េង និង​លោក អ៊ិន សុផល បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ប្រេងសាំង និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មានការ​រិះគន់​ចំៗ​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ មិនដែល​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​ខុសច្បាប់ ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​បាន​ប្រើប្រាស់​អំណាច​និង​តួនាទី​ជំរិត​យកលុយ​ពី​ឈ្មួញ​ព្រមទាំង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ដូច្នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង កុំ​ឲ្យ​មន្ត្រីនគរបាល​ឈ្មោះ ចៅ ម៉េង និង អ៊ិន សុផល ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

neth savoeunលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ WAT-110822