ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​នៅតាម​ច្រក​បាក់ដៃ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដោយមាន​ការឃុបឃិត​ជាមួយ​ប្រធានការិយាល័យ​គយ​ច្រក​បាក់ដៃ ឈ្មោះ នាង សុខុម និង​លោក អេង ឃាង មេបញ្ជាការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣០១​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​បាក់ដៃ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ចំណែក​ផលប្រយោជន៍​បាន​ទៅលើ​ឈ្មួញ​ខិលខូច​និង​មន្ត្រី​ពុករលួយ​ដែលមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​បំផ្លាញ​ចំណូល​ពន្ធ​ដែរ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ​មាន​ទូកប៉ុក​ចាយ​ធំៗ​ចំណុះ​រាប់សិប​តោន បាន​ដឹកទំនិញ​ជាច្រើន​ប្រភេទ​ដូចជា ប្រេងសាំង គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត​ម៉ូតូ គ្រឿងសំណង់ ដែក និង​ត្រី​ជាដើម​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​។ ក្នុងចំណោម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ស្រុក​យួន​ចូល​តាម​ច្រក​ព្រែក​បាក់ដៃ គឺមាន​លោក​ស័​ក្ដិ៍​៥ អេង ឃាង មេបញ្ជាការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១​ផងដែរ ហើយ​ភាគច្រើន​នៃ​ទំនិញ​ដែល​មន្ត្រី​យោធា​រូបនេះ​នាំចូល​មានដូចជា គ្រឿងសំណង់ និង​ដែក ហើយ​ផ្ទេរ​ដាក់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​ការដែល​លោក អេង ឃាង អាច​នាំ​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​បាក់ដៃ គឺមាន​ការឃុបឃិត​ពី​លោក នាង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​បាក់ដៃ ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ រហូតមកដល់​ពេលនេះ​លោក អេង ឃាង មេបញ្ជាការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ នៅតែ​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ហើយ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ទៀត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំនង​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក នាង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាក់ដៃ ទើប​បណ្ដោយ​ឲ្យ​លោក នាង សុខុម ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ជាបន្ទាន់​៕

PLAY-19-1920x768 - Copy - Copy PLAY-19-1920x768 - Copy PLAY-19-1920x768