ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បញ្ជាក់​ពី​អត្ថន័យ​នៃ​ទិវា​យុវជន​អន្តរជាតិ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ចុង​សប្តាហ៍​នេះ បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ទិវា​យុវជន​អន្តរជាតិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ក្នុងឱកាស​ទិវា​យុវជន​អន្តរជាតិ ថ្ងៃ ១២ សីហា ២០១៦  យុវជន​ខ្លួនឯង​គួរតែ​រំលឹក​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​យល់ច្បាស់​ថា អនាគត​របស់​យុវជន​ខ្មែរ​មិនអាច​មាន​ភាព​ភ្លឺ​ថ្លា​បានទេ ក្រោម​របប​នយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រទេស ជាង​៣៧ ឆ្នាំ​មកហើយ គឺ​តាំងពី​យូរ​ឆ្នាំមុន​ក្មួយៗ​ជា​យុវជន​បច្ចុប្បន្ន កើត​ម្ល៉េះ​។

​លោក សម រង្ស៊ី ក្នុងនាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ ជា​អតីត​ខ្មែរក្រហម គឺជា​មនុស្ស​ល្ងង់ខ្លៅ មាន​ចរិត​សាហាវ និង​មានគំនិត​ចាស់គំរឹល​។  លោក សម រង្ស៊ី បាន​ពន្យល់ថា បំណង​របស់​ពួកគេ គ្រាន់តែ​នៅ​ក្រាញ​អំណាច​ជា​រៀងរហូត តែ​ពួកគេ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​អន់ថយ​ទៅៗ ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង ដែល​គេ​តែងតែ​ផ្លាស់ប្តូរ​មេដឹកនាំ​របស់គេ ៤-១០ ឆ្នាំ​ម្តង យ៉ាង​ទៀងទាត់​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា របប​ចាស់គំរឹល​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ នាំមក​នូវ​សង្គម​មួយ ដ៏​ពុករលួយ និង​អយុត្តិធម៌​ជាទីបំផុត ក្រោម​អំណាច​ផ្តាច់ការ ដែល​ជិះជាន់​ប្រជារាស្ត្រ​ឥតឈប់ឈរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​ពន្យល់ថា​មេដឹកនាំ​ផ្តាច់ការ ពុករលួយ និង​អសមត្ថភាព ចេះតែ​បំផ្លិចបំផ្លាញ​ជាតិ តែ​មិនចេះ​ដឹកនាំ​ប្រទេស និង​មិនចេះ​គ្រប់គ្រង​សេដ្ឋកិច្ច ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ដូច្នេះហើយ​បានជា​ប្រជារាស្ត្រ​ភាគច្រើន​លើសលប់ នៅតែ​ក្រ​រហេមរហាម​ដដែល ហើយ​យុវជន​កាន់តែ​ច្រើនឡើងៗ រក​ការងារ​ធ្វើ​មិនបាន ហើយ​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេសជិតខាង​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា បើ​យុវជន​ចង់​មាន​អនាគត​ភ្លឺ​ថ្លា គឺមាន​ការងារ​ធ្វើ​ត្រឹមត្រូវ និង​មាន​ជីវភាព​ខ្ពស់​សមរម្យ​ដោយ​រស់នៅ​ក្នុងសង្គម​មួយ​ដែលមាន​ភាព​ស្អាតស្អំ​ភាពយុត្តិធម៌ និង​ភាពជឿនលឿន យុវជន​ត្រូវ​ជំរុញ​ឲ្យ​ប្តូរ​ចេញ​អ្នកដឹកនាំ​ប្រទេស​សព្វថ្ងៃ​ដែល​ហួស​សម័យ​ហើយ​។ លោក សម រង្ស៊ី កន្លងមក​បានបញ្ជាក់​ថា ប្រទេស​កម្ពុជា​អាច​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​បាន គឺ​ត្រូវ​ពឹងផ្អែក​ជាសំខាន់​ទៅលើ​យុវជន ព្រោះ​ពលរដ្ឋ​ខ្មែរ​ភាគច្រើនបំផុត​ជា​យុវជន ហើយ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​៕

13891962_1164394873617244_8988417894598393327_n​    ​