​កក្រើក​ម៉ាកាវ​ល្ងាច​នេះ​ ខណៈ​ជើង​ខ្លាំង​រួម​ទាំង​ ចាន់ រតនា​ត្រៀម​ខ្លួន​រួច​ហើយ

កំពូល​ជើង​ខ្លាំង​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ​ One Championship: Heroes of the World នៅ​ទី​ក្រុង​ម៉ាកាវ ប្រទេស​ចិន​​​ដែល​នឹង​ចាប់​ផ្តើម​ប្រកួត​នា​ល្ងាច​​ថ្ងៃ​សៅរ៍​ ទី​១៣​ ខែ​សីហា​នេះ​វេលា​ម៉ោង​៧​យប់​ (ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា)។

 

​កក្រើក​ម៉ាកាវ​ល្ងាច​នេះ​ ខណៈ​ជើង​ខ្លាំង​រួម​ទាំង​ ចាន់ រតនា​ត្រៀម​ខ្លួន​រួច​ហើយ

 

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ Adriano Moraes ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ក្តី​ស្រមៃ​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​គេ​បាន​វិល​មក​វិញ​ហើយ​ បន្ទាប់​ពី​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​គេ​ត្រូវ​បាន​កីឡាករ​ជីហ្គីស្ថាន​ដណ្តើម​យក​ពី​រូប​គេ​​កាល​ពី​ឆ្នាំ​២០១៥។

 

​កក្រើក​ម៉ាកាវ​ល្ងាច​នេះ​ ខណៈ​ជើង​ខ្លាំង​រួម​ទាំង​ ចាន់ រតនា​ត្រៀម​ខ្លួន​រួច​ហើយ Adriano Moraes

 

ក្នុង​តំណែង​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ Moraes ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មក​ពី​ជីហ្គីស្ថាន​ Batyrov ដណ្តើម​​ប្រជែង​យក​ខ្សែ​ក្រវាត់​​គុន​ចម្រុះ​ពិភព​លោក​ដែល​នៅ​ទំនេរ។ Moraes និយាយ​ថា រូប​គេ​បាន​ទៅ​ហាត់​នៅ​អាមេរិក​​ច្រើន​ខែ​ ដូច្នេះ​ការ​ប្រកួត​​ល្ងាច​នេះ​ រូប​គេ​ត្រៀម​ខ្លួន​រួច​ហើយ​ ហើយ​សង្ឃឹម​ថា ក្តី​ស្រមៃ​គ្រង​ខ្សែ​ក្រវាត់​នឹង​ត្រឡប់​មក​ម្តង​ទៀត។

 

ចំណែង​ជើង​ខ្លាំង​វ័យ​ក្មេង​ដ៏​ប្រជា​ប្រិយ​​មក​ពី​ហុងកុង​ NG បាន​និយាយ​ថា​ វា​ពិត​ជា​ពិសេស​​ណាស់​សម្រាប់​ការ​ប្រកួត​លើក​នេះ។ រូប​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដោយ​មិន​ខ្វល់​ពី​ដៃ​គូ​ខ្លាំង​យ៉ាង​ណា​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​រូប​គេ​ខ្វល់​គឺ​ការ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ស្មារតី​ខ្លួន​ឯង​ និង​វ៉ៃ​ដោយ​ភាព​ឆ្លាត​វៃ។

 

​កក្រើក​ម៉ាកាវ​ល្ងាច​នេះ​ ខណៈ​ជើង​ខ្លាំង​រួម​ទាំង​ ចាន់ រតនា​ត្រៀម​ខ្លួន​រួច​ហើយNG

 

កីឡាករ​ហុង​កុង​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ហ្វីលីពីន​ ​Banario ដែល​ធ្លាប់​បាន​សាង​កេរ្តិ៍​លើ​សង្វៀន​ One Championship នេះ​យូរ​មក​ហើយ។ វា​ច្បាស់​ណាស់​នៅ​លើ​ទឹក​ដី​របស់​ម៉ាកាវ​ប្រៀប​ដូច​ជា​ទឹក​ដី​ខ្លួន​ឯង​​សម្រាប់​ NG ហើយ​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា។

 

អ្វី​ដែល​អ្នក​គាំទ្រ​កម្ពុជា​ទន្ទឹម​រង់​ចាំ​ក៏​បាន​មក​ដល់​ដែរ​គឺ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ចាន់ រតនា ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដែរ។ ជួប​ជា​មួយ​ Sabay ក្នុង​សណ្ឋាគារ​នៅ​ម៉ាកាវ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​និយាយ​ថា​ ការ​ប្រកួត​លើក​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​ពោល​គឺ​ស្ទើរ​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​ការ​ប្រកួត​មុន។

 

រតនា​និយាយ​ថា ៖«ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ក្បាច់​គុន​ខ្មែរ​ ក្បាច់​គុន​យុទ្ធក្រម​ខម​ ដូច្នេះ​ខ្ញុំ​​តាំង​ចិត្ត​វ៉ៃ​ឲ្យ​បាន​ល្អ​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​ជូន​ជាតិ​ ឲ្យ​ពិភព​លោក​បាន​ស្គាល់ ហើយ​ក៏​អរគុណ​អ្នក​គាំទ្រ​ដែល​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ»។ ចាន់ រតនា ត្រូវ​ប្រឈម​នឹង​អ្នក​លេង​​ក្នុង​ទ្រុង​វ័យ​ក្មេង​របស់​ម្ចាស់​ផ្ទះ​ម៉ាកាវ Ma ដែល​ជា​កីឡាករ​ល្អ​ផ្នែក​ក្បាច់​ក្រោម​ក្នុង​នោះ​បោក​ ចំបាប់​ និង​ឃ្លេ។​​

 

ព្រឹត្តិការណ៍​ One Championship: Heroes of the World ​នឹង​ចាប់​ផ្តើម​ដំណើរ​ចាប់​ពី​ម៉ោង​៧​យប់​ទៅ​នៅ​​ក្នុង​អគារ​កាស៊ីណូ​ដ៏​ធំ​នៅ​ម៉ាកាវ​​គឺ Cotai Arena the Venetian។ កុំ​ភ្លេច​ណា! តាម​ដាន​លទ្ធផល​ជា​មួយ​​ Sabay ដែល​​ផ្តល់​ដំណឹង​ភ្លាម​ៗ​ពី​ការ​ប្រកួត​របស់​ ចាន់ រតនា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​