ក្រុម​យុវជន​ ខ​៤ ​លើក​ពាន​មិន​អាជីព​ Goal Sport ​រដូវ​កាល​ទី​១

ក្រុម​បាល់ទាត់​យុវជន​ ខ៤ ក្រោម​ការ​គ្រប់​គ្រង​របស់​ឯកឧត្ដម ណុប​ រតនា​​ បាន​លើក​ពាន​បាល់ទាត់​មិន​អាជីព Goal Sport ​​មួយ​ហើយ​កាល​ពី​ល្ងាច​មិញ​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម ABA ​ស្ទឹង​មាន​ជ័យ​ដោយ​បាល់​ប៉េណាល់ទី ៣-២ ​ក្រោយ​ស្មើ​គ្នា​២-២។

 

ក្រុម​យុវជន​ ខ​៤ ​លើក​ពាន​មិន​អាជីព​ Goal Sport ​រដូវ​កាល​ទី​១ឯកឧត្ដម ណុប​ រតនា កណ្ដាលអាវស

 

ក្រោម​ការ​បង្វឹក​របស់​លោក អ៊ុង កនយ៉ាណូ ​និង​គ្រប់​គ្រង​ដោយ​ឯកឧត្តម ណុប រតនា ​ផង​នោះ ​ក្រុម​យុវជន​ ខ៤ ​បាន​រក​ឃើញ​ជ័យជម្នះ​មួយ​ហើយ ​ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាយ​ជាមួយ​ក្រុម​ABA ​ស្ទឹង​មាន​ន័យ។ ខណៈ​ដែល​ការ​ប្រកួត​នោះ ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ​ឈាន​ដល់​ទាត់​បាល់​កាត់​សេចក្ដី​ទើប​រក​ឃើញ​ក្រុម​ជយលាភី។

 

ក្រោយ​ចប់​ការ​ប្រកួត​ឯកឧត្តម ណុប រតនា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​សមាជិក​ក្រុម​​ទាំង​មូល​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ដែល​អាច​ទទួល​បាន​ជ័យ​ជម្នះ​នេះ។ វា​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​លោក មិនមែន​ជា​កីឡាករ​អាជីព​ តែ​ផ្ទុយ​ទៅ​វិញ​សុទ្ធ​សឹង​តែ​ជា​យុវជន។ អ្នក​គ្រប់គ្រង​ក្នុង​ក្លឹប​រូប​នេះ បន្ត​ថា​លោក​នឹង​ពង្រឹង​ក្រុម​មួយ​នេះ ហើយ​នឹង​ដាក់​ទៅ​លេង​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត នៅ​ពេល​ខាង​មុខ។

 

ក្រុម​យុវជន​ ខ​៤ ​លើក​ពាន​មិន​អាជីព​ Goal Sport ​រដូវ​កាល​ទី​១

 

ពាន​រង្វាន់ Goal Sport ​រដូវ​កាល​ទី​១​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​​​២៣​ក្រុម​​ បែងចែក​ជា​ពីរ​ពូល A ( មាន ១២​ក្រុម​) និង​ពូល B ( មាន ១១​ក្រុម ) ហើយ​ធ្វើ​ការ​ប្រកួត​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ចំពោះ​លទ្ធផល​វិញ ​ក្រុម ខ៤ ​បាន​លេខ​១ ​ទទួល​ប្រាក់​រង្វាន់​២​លាន​រៀល ​ក្រុម​លេខ​២ ​ABA ​ស្ទឹង​មាន​ជ័យ​ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​៨​សែន ​និង​ក្រុម​លេខ​៣ ​KhmerNorKor FC ​ទទួល​បាន​ប្រាក់​រង្វាន់​៨០​ម៉ឺន​រៀល៕

 

អត្ថបទ៖ មុន្នី រម្យ