គួរ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​រឿង​នាវា​នេសាទ​យួន​ចូលមក​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខ្មែរ​

មួយ​រយៈពេល​កន្លងទៅ​នេះ​ទូក​នេសាទ​យួន ក៏ដូចជា​នាវា​នេសាទ​យួន​តែងតែ​ចូលមក​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ហើយ​យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​ខ្មែរ​ការពារ​ដែនសមុទ្រ​ចាត់វិធានការ​បង្ក្រាប​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ យោធា​ការពារ​ដែនសមុទ្រ​កម្ពុជា​នៃ​ខេត្តកោះកុង បាន​ស្ទាក់ចាប់​នាវា​នេសាទ​ខ្នាត​អន្តរជាតិ​ចេញពី​ប្រទេស​យួន​ចំនួន​១៨​គ្រឿង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​យោធា​ជើង​ទឹក​ការពារ​ដែនសមុទ្រ​ខ្មែរ ព្រោះ​វិធានការ​នេះ​អាច​ទប់ស្កាត់​កុំ​ឲ្យ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​តាម​អំពើ​ចិត្ត​ទៀត​។

តាម​ប្រភពពី​កម្លាំងយោធា​ជើង​ទឹក​ការពារ​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​នាវា​នេសាទ​ខ្នាត​អន្តរជាតិ​ពី​ប្រទេស​យួន​ទាំង​១៨​គ្រឿង​នោះ ត្រូវ​បង្ក្រាប​នៅក្នុង​ដែនសមុទ្រ​ទឹក​រាក់​នៅ​ខេត្តកោះកុង​។ នាវា​ទាំង​១៨​គ្រឿង​នោះ​ត្រូវបាន​បង្ក្រាប​ពេល​កំពុង​ប្រមូលផ្ដុំ​ចត​នៅ​ចំណុច​អៅ​វ៉ៅ ដែលជា​ទីបញ្ជាការ​វរ​សេនា​តូច​មួយ​នៃ​កង​យោធា​ជើង​ទឹក​កម្ពុជា និង​មាន​យោធា​ខាង​ម៉ា​រី​ន​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នាវា​ទាំង​១៨​គ្រឿង​នោះ​ត្រូវបាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​គណៈកម្មកា​រ​ជាតិ​លំហ​សមុទ្រ ហើយក៏​បានធ្វើ​សេចក្ដីរាយការណ៍​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ផងដែរ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​រំលឹកថា​កន្លងមក​ទូក​នេសាទ​និង​នាវា​នេសាទ​របស់​យួន​តែងតែ​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​កម្ពុជា​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ការពារ​ដែ​ន​សមុទ្រ​ខ្មែរ គឺជា​អ្នក​បើកដៃ​ឲ្យ​ទូក​និង​នាវា​នេសាទ​របស់​យួន​ចូលធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខ្មែរ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជុំវិញ​សមត្ថកិច្ច​ការពារ​ដែន​សមុទ្រ​ខ្មែរ​បង្ក្រាប​នាវា​ពី​ប្រទេស​យួន​១៨​គ្រឿង កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង និង​មជ្ឈដ្ឋាន​នានា​ទាមទារ​ឲ្យ​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​នាវា​នេសាទ​យួន​ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​តទៅទៀត​។ ការដាក់ទោស​ជនជាតិ​យួន​ដែល​បើក​នាវា​បំពាន​ចូលក្នុង​ដែនសមុទ្រ​ខ្មែរ គឺជា​រឿង​ចាំបាច់​បំផុត​ព្រោះ​ខ្មែរ​មាន​អធិបតេយ្យភាព​និង​បូរណភាព​ពេញលេញ មិនអាច​ឲ្យ​ប្រទេសជិតខាង​រំលោភបំពាន​តាម​អំពើ​ចិត្ត​ឡើយ​៕

13950702_1365394983489611_1820375058_o-610x380 13950571_1365395083489601_827640068_o-610x380 - Copy 13950571_1365395083489601_827640068_o-610x380