ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន គឺជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ព្រៃ​ជលផល​ពុករលួយ​

សកម្មភាព​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តតាកែវ មក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យឡើងវិញ​ចំពោះ​ករណី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​មក​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ និង​ទីផ្សារ​តាម​បណ្ដា​ខេត្ត​នានា​។ ដោយហេតុថា​ភាគច្រើន​នៃ​ត្រី​ទាំងនោះ​គឺ​នាំចូល​ដោយ​ខុសច្បាប់ ហើយ​មាន​ទាំង​ត្រី​ខូចគុណភាព ក៏ដូចជា​មាន​លាយ​សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទិញ​យកមក​ចំអិន​ទទួលទាន​។

​ថ្មី​កន្លងទៅនេះ​ក្រសួងកសិកម្ម បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ​ញ្ចឹ​ម​ត្រី​រ៉ស់​ត្រី​ឆ្ដោ​ឡើងវិញ ដើម្បី​បំពេញ​តាម​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​ខិលខូច​នៅតែ​បន្ត​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តតាកែវ ក្នុង​មួយថ្ងៃៗ​មិនតិចជាង​៣០០​តោន​នោះទេ ហើយ​មាន​ទាំង​ត្រី​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​ផងដែរ​។ មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ខិលខូច​ទើប​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​កម្ពុជា​យ៉ាង​ពេញបន្ទុក​។

​តាម​ការ​បង្ហើប​ពី​ឈ្មួញ​នាំចូល​ត្រី​ចូល​ខុសច្បាប់​ពី​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​មិន​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ទេនោះ គឺ​ពួកគេ​មិនអាច​នាំ​ត្រី​ពី​តំបន់​ព្រំដែន​ចូលមក​ដល់​រាជធានី​ភ្នំពេញ​បានឡើយ​។ ក្នុងចំណោម​មន្ត្រីរដ្ឋបាល​ជលផល​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន គឺ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ត្រី​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​ដែល​ឈ្មួញ​នាំ​ចូលមក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​ត្រី​ខុសច្បាប់ ជាងនេះទៅទៀត​មាន​ឈ្មួញ​ខ្លះ​នាំចូល​ប្រហុក និង​ត្រីប្រឡាក់​ដែលមាន​លាយ​សារធាតុ​គីមី​ពី​ស្រុក​យួន​យកមក​លក់​ចែកចាយ​លើ​ទីផ្សារ​ស្រុក​ខ្មែរ បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​៕

13620245_638147749670835_81087711198468630_nលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល vayo-c2016072103