សមត្ថកិច្ច​មិន​បង្ក្រាប​ល្បែងស៊ីសង​អាប៉ោង បៀ នៅក្នុង​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​និយាយថា ល្បែងស៊ីសង​អាប៉ោង  បៀ នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​អាច​ដំណើរការ​រហូតដល់​ស​ព្វ​ថ្ងៃ​នេះហើយ​គ្មាន​ការបង្ក្រាប​នោះ គឺ​ដោយសារ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លែង​លេងល្បែង​ស៊ីសង បើក​ដំណើរការ​ដូចជា​មុខរបរ​ស្របច្បាប់ ខណៈ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប គឺ​បាន​ត្រឹម​ឃុបឃិត​ជាមួយ​ម្ចាស់​កន្លែង​លេងល្បែង​ដើម្បី​ផលប្រយោជន៍​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រតនមណ្ឌល បាន​រៀបរាប់ថា ល្បែងស៊ីសង​អាប៉ោង បៀ នៅ​ចំណុច​ខាងលើនេះ ត្រូវគេ​បើក​លេង​ដោយ​បើកចំហ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សមត្ថកិច្ច​អើពើ​នោះទេ  ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទាំង​៩​ចំណុច​របស់​រដ្ឋាភិបាល ហើយ​ល្បែងស៊ីសង​ខាងលើនេះ អាច​ជំរុញ​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​នៅ​មូលដ្ឋាន​មិនខានឡើយ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក ខិត ណាត នាយប៉ុស្ដិ៍​រដ្ឋបាល​ត្រែង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ​ថា លោក និង​មន្ត្រី​ពាក់ព័ន្ធ​ទទួលស្គាល់ថា ទីតាំង​ល្បែងស៊ីសង​អាប៉ោង បៀ ក្នុងស្រុក​រតនមណ្ឌល មាន​ពិតប្រាកដ​មែន ប៉ុន្តែ​ការលេង​នេះ គឺមាន​ការ​លួច​លេង​ម្តងម្កាល ហើយ​លោក​ធ្លាប់បាន​ចុះទៅ​មើល និង​ធ្លាប់​ណែនាំ​រួចហើយ​ដែរ​។

​ប្រជាពលរដ្ឋ​ស្រុក​រតនមណ្ឌល​បាន​រិះគន់ថា អធិការនគរបាល​ស្រុក​រតនមណ្ឌល និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​គប្បី​ដោះស្រាយ​បញ្ហា​ខាងលើ​ព្រោះ ការលេង​ល្បែង​ក្នុងស្រុក​រតនមណ្ឌល​មិនមែន​លេង​ម្តងម្កាល និង​លេង​ចាញ់​តិចតួច​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​លេងល្បែង​ចាញ់​ដល់​ថ្នាក់​លក់​ម៉ូតូ ក៏មាន​ហើយ​បើទោះជា​យ៉ាង​ក៏​មិនគួរ​ឲ្យ​មាន​កន្លែង​លេងល្បែង​ឡើយ ព្រោះ​វា​ជា​អំពើ​ល្មើសច្បាប់ និង​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់​៕

08_12_2016_10_06_03ដ បប(4)