ជនជាតិ​យួន​ចូលមក​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ខេត្តមណ្ឌលគិរី តាម​អំពើ​ចិត្ត​

​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តមណ្ឌលគិរី បាន​ឆែកឆេរ​និង​ឃាត់ខ្លួន​ជាតិ​យួន​ចំនួន​៥​នាក់​ក្នុង​ផ្ទះជួល​មួយកន្លែង​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ឈើ​ប្រណីត​ចំនួន​១១១​កំណាត់​ផងដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា​ជនជាតិ​យួន​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ឈើ​ប្រណីត ក៏ដូចជា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​លើទឹក​ដី​ខ្មែរ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាប​ជនជាតិ​យួន​ជួញដូរ​ឈើ​ប្រណីត​និង​ជួញដូរ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​រកឃើញ​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​ចំនួន​១១ កន្ទោង​អាលុយមីញ៉ូម​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣ ដែកកេះ​ចំនួន​៣ និង​បង្កាន់ដៃ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ ព្រមទាំង​ឈើ​ប្រណីត​ចំនួន​១១១​កំណាត់​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សុខដុម បាន​ឲ្យ​ដឹងថា កន្លងមក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិនសូវ​គិតគូរ​ពង្រឹង​សន្តិសុខ​សង្គម​ទេ ទើប​ជនជាតិ​យួន​អាច​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ជួញដូរ​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​សមត្ថកិច្ច​ព្រំដែន​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​យួន​ទាំង​៥​នាក់​នោះ​ផងដែរ ទើប​ពួកគេ​អាច​ចូលមក​ទិញ​ឈើ ស្តុក​ឈើ​ប្រណីត និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​រលូន​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​។

មន្ត្រីរាជការ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ករណី​ជនជាតិ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញ​តាម​ច្រក​ដាក់​ដាំ និង​ច្រករបៀង​មួយចំនួនទៀត​ក្នុងស្រុក​កែវ​សីមា នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​មុន​ដដែល​។ ជាក់ស្ដែង​ជនជាតិ​យួន​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បង្ក្រាប​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ហើយ​រកឃើញ​ឈើ​ប្រណីត​១១១​កំណាត់​នៅក្នុង​ផ្ទះជួល ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាប្រចាំ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្រុង​សែន​មនោ​រម្យ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ព្រោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ជាពិសេស​អំពើចោរកម្ម​បំផ្លាញ​សន្តិសុខ​សង្គម​៕

Untitled-1-18-500x326 14017668_1750009928570903_1842924726_n-500x375 Untitled-1-18-500x326 - Copy