ត្រេក​អរណាស់! ​​រក​ឃើញ​​អ្នកទេសចរបារាំង​វង្វេង​ក្នុង​​ព្រៃ​

ខេត្តសៀមរាប ​៖ ​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​ចំនួន​៤​នាក់ និង​មគ្គុទេសក៍​ម្នាក់ ដែល​បាន​​បាត់​ខ្លួន​នៅ​រមណីយដ្ឋាន​​ក្បាលស្ពាន ក្នុង​ស្រុក​បន្ទាយស្រី កាលពី​ម្សិលមិញ ត្រូវ​បាន​​អាជ្ញាធរ​ខេត្ដបាន​រក​ឃើញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ សីហា ​២០១៦​ ។

បើ​តាម​​ការ​អះអាង​ពី​លោក​គឹ​ម ឆៃ​ហៀ​ង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ដ​សៀមរាបឱ្យ​ដឹង​​ថា លោក​បាន​ស្រង់​សម្តី​ពី​លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ដដោយ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​​៤​នាក់ និង​អ្នក​នាំ​ភ្ញៀវ​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២​ សីហា ​នោះ​ គឺ​ពួក​គេ​បាន​ឡើង​ទៅ​ដើរ​​លេង​ខាង​លើ ដើម្បី​មើល​ទឹកជ្រោះ​នៅ​លើ​ភ្នំ​ក្បាលស្ពាន ។ លុះដល់​ពេល​ល្ងាច​ចុះ​មក​វិញ​ ក៏​វង្វេងផ្លូវ​រក​មិនឃើញ​ ក៏​បាត់​មួយ​យប់​ ។

​លុះដល់​ព្រឹក​ឡើង ទើប​សមត្ថកិច្ច​ខេត្ដសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​បេតិកភណ្ឌ រុករក​ឃើញ​ហើយ នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ខាងជើង​ភ្នំក្បាលស្ពាន ដោយ​ពួក​គេ​មាន​សុ​ត្ថិ​ភាពល្អ​ប្រសើរ​ទាំងអស់​គ្នា​ទេ​ ។

ជុំវិញ​ករណី​ខាងលើ​នោះ លោកខៀវ ធី ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​អង្គរ​ខេត្ដសៀម​រាប​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​​ជន​ជាតិ​បារាំង​​៤​នាក់ និង​អ្នក​នាំ​ភ្ញៀវ​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​រមណី​ដ្ឋា​ន​ទេសចរណ៍​ក្បាលស្ពាន នៅ​ក្នុ​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី ខេត្ដសៀមរាប​នោះ លោក​សង្ស័យ​ថា ការ​បាត់​ខ្លួន​នោះ​ អាច​បណ្ដាល​មក​ពី​វង្វេងផ្លូវ ព្រោះ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទាំង​នោះ ជា​អ្នក​ឱ្យ​មគ្គុទេសក៍​ខ្មែរ​នាំ​ផ្លូវ​តាម​ផ្លូវ​បុរាណ ខណៈ​មគ្គុទេសក៍​នោះ​ស្គាល់​ភូមិសាស្ដ្រ​មិន​បាន​ច្បាស់លាស់ ទើប​វង្វេង​យ៉ាង​ដូច្នេះ ​៕