រុស្ស៊ី​សង់​ផ្លូវ​យន្តហោះ​ចម្បាំង​នៅ​កំពង់ផែ Cam Ranh និង កោះ​គូ​រី​ល​ឡើងវិញ និពន្ធដោយ : សៅ ផលនិស្ស័យ       August-13-2016, 12:34 pm         624

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​សង់​ផ្លូវ​យន្តហោះ​ចម្បាំង​នៅ​កំពង់ផែ Cam Ranh និង កោះ​គូ​រី​ល​ឡើងវិញ​រុស្ស៊ី​អះអាងថា ខ្លូន​កំពុង​អនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​អាកាសចរណ៍​ទ្រង់ទ្រាយ​ធំ​ដោយ​ចាប់ផ្តើម​ជួសជុល​ផ្លូវ​ហោះហើរ​សម្រាប់​កងទ័ពអាកាស​នៅ​បរទេស​ជាពិសេស​សម័យ​សហភាព​សូ​វៀត​។ ផ្លូវ​ដែល​ត្រូវ​ជួសជុល​ឬ​សង់​ឡើងវិញ​នោះ​មាននៅ​វៀតណាម និង​នៅលើ​កោះ ប៉ាស៊ីហ្វិក​នៅ​ភាគ​ពាយ័ព្យ  Matua ផងដែរ​។ កាលពី​ថ្មីៗ​នេះ រុស្ស៊ី​ក៏​កំណត់​យក​មូលដ្ឋានទ័ព Hmeimim នៅ​ស៊ី​រី​ជា​មូលដ្ឋាន​អាកាស​របស់ខ្លួន​ថែម​ទៀតផង​។​

​ក្រោយពេល​ហក់​ចូលប្រឡូក​ក្នុង​ជម្លោះ​ស៊ី​រី និង​កម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់  រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ យល់ថា ការចាប់ផ្តើម​ពង្រឹង​យុទ្ធសាស្ត្រ​យោធា និង​ពង្រីក​តួនាទី​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ជា​រឿង​អាទិភាព​មួយ​។​

​បច្ចុប្បន្ននេះ ក្រសួងការពារជាតិ​រុស្ស៊ី ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ការ​ទំនើប​កម្មវិស័យ​អាកាសចរណ៍ ដើម្បី​សម្រួល​និង​ពង្រឹងកម្លាំង​ទ័ពអាកាស​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង​។​

 យោងតាម​សារព័ត៌មាន Sputnik អតីត​មេបញ្ជាការ​កងទ័ពអាកាស​រុស្ស៊ី Pyotr Deinekin បាន​អះអាង​យ៉ាងច្បាស់​ថា ឥឡូវនេះ​រដ្ឋាភិបាល​រុស្ស៊ី​មាន​ផែនការមេ​ដើម្បី​កែទម្រង់​វិស័យ​អាកាសចរណ៍​ដែល​វា​អាច​សម្រួល​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​យោធា​និង​ដល់​ការត្រៀម​លក្ខណៈ​សម្រាប់​ស​ង្គ្រា​ម​ទ័ពអាកាស​ជាដើម​។

​លោក​បន្តថា ដូច្នេះ​រុស្ស៊ី​នឹង​ជួសជុល​ក៏ដូចជា​សង់​ឡើងវិញ​រាល់​ផ្លូវ​យន្តហោះ​យោធា​តាំង​សម័យ​សង្គ្រាមលោកលើកទី​២ និង​សម័យ​សហភាពសូវៀត​នៅ​ព្រលានយន្តហោះ Cam Ranh ស្ថិតនៅ​វៀតណាម និង​នៅ​កោះ​ប៉ាស៊ីហ្វិក Matua ក្នុង​ប្រជុំ​កោះ​គូ​រី​ល ហើយ​វា​នឹងត្រូវ​រចនា​ដើម្បី​តម្រូវ​ជាមួយ​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ដែល​នឹងមាន​វត្តមាន​ពេលអនាគត​ផង​។​

​លោក​ពន្យល់ថា​៖ ប្រព័ន្ធ​អាកាស​យើង​កំពុង​ស្ថិតក្រោម​ការរុះរើ​ទ្រង់ទ្រាយ​ធំ ព្រោះ​ឧស្សាហកម្ម​ការពារជាតិ​រុស្ស៊ី​កំពុង​ផលិត​យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​។ បណ្តាញ​ផ្លូវ​ហោះហើរ​បម្រើ​វិស័យ​យោធា​កំពុង​ស្ថិតក្រោម​ការសាងសង់​ឡើងវិញ ទាំង​នៅ​តំបន់​អាក​ទិ​ក​, នៅ​វៀតណាម នៅ​កោះ​ប៉ាស៊ីហ្វិក និង​នៅ​ស៊ី​រី​ផង​»​។​

​បើតាម​ការលើកឡើងរ​បស់​មន្ត្រីជាន់ខ្ពស់​ខាងលើ រុស្ស៊ី​ត្រឡប់​មកកាន់​មូលដ្ឋាន​យោធា​ចាស់​របស់ខ្លួន​នៅ​វៀតណាម​ហើយ​។ មូលដ្ឋានទ័ព​នៅ Cam Ranh ជា​តំបន់​យុទ្ធសាស្ត្រ ហើយ​សូ​វៀត និង​រុស្ស៊ី​បាន​ប្រើប្រាស់​ទីតាំង​ខាងលើ​សម្រាប់​ទ័ពអាកាស​ខ្លួន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ ២០០២​។​ចាប់ពី​ឆ្នាំ ២០០២ រុស្ស៊ី​មិនបាន​ប្រើប្រាស់​ទីតាំង​ខាងលើ​ទៀតឡើយ តែ​ក្រុង​ហាណូយ​មិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​ផ្សេងទៀត​ប្រើប្រាស់​ដែរ ទោះបី​ជាមាន​ប្រទេស​ខ្លះ​សុំ​ប្រើប្រាស់​ក្តី​។

​ក្រោយមក រុស្ស៊ី​ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ត្រឡប់មក​ប្រើប្រាស់​មូលដ្ឋាន​ចាស់​វិញ​។​វា​ជា​រឿង​មិនអាច​ចៀសផុត​ដែល​វៀតណាម​ចង់​ឲ្យ​រុស្ស៊ី​មកវិញ ព្រោះ​រុស្ស៊ី​នៅតែ​ជា​អ្នក​ផ្គត់​ផ្គង​អាវុធ​ដ៏​ធំ​ឲ្យ​វៀតណាម ហើយ​អ្នកជំនាញ​រុស្ស៊ី​ជាច្រើន​នាក់​ត្រូវបាន​វៀតណាម​សុំ​ឲ្យ​មកជួយ​ជួសជុល​សព្វាវុធ​និង​ជួសជុល​មូលដ្ឋានទ័ព Cam Ranh ផងដែរ​។ ក្រៅពី​មាន​សិទ្ធិ​ប្រើប្រាស់​ផ្លូវ​យន្តហោះ​បម្រើ​វិស័យ​យោធា វៀតណាម​ក៏បានផ្តល់​សិទ្ធិ​ឲ្យ​កងទ័ពជើងទឹក​រុស្ស៊ី​ប្រើប្រាស់​កំពង់ផែ Cam Ranh ថែម​ទៀតផង​។​ឆ្នាំ ២០១៣ រុស្ស៊ី​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ឆក Cam Ranh សម្រាប់​កងទ័ពជើងទឹក ហើយ​ក្នុង​ឆ្នាំ ២០១៤ ទ័ពអាកាស​រុស្ស៊ី​បានទទួល​សិទ្ធិ​ពី​វៀតណាម​ដើម្បី​ប្រើប្រាស់​ទីតាំង​នេះដែរ​។​

​យ៉ាងណាក៏ដោយ ការ​ឈានទៅ សាងសង់​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ឡើងវិញ​នៅ Cam Ranh ក្លាយជា​ក្តីកង្វល់​របស់​សហរដ្ឋ​អាមេរិក​ដែរ​។ ដូច​ឃើញស្រាប់​ហើយ កន្លងមក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ជា​លើកដំបូង ហើយ​លោក​ក៏​ប្រកាស​ដក​ទណ្ឌកម្ម​លក់ស​ព្វា​វុ​ធ​ឲ្យ​វៀតណាម ដើម្បី​ធ្វើ​យ៉ាង​ពង្រីក​តួនាទី​អាមេរិក​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ឲ្យ​វៀតណាម​ដើម្បី​ទប់​ចិន​ផង និង​ដើម្បី​មាន​អាទិភាព​ក្នុងការ​ប្រើប្រាស់​វៀតណាម​ជា​មូលដ្ឋានទ័ព​ខ្លួន​ផង​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​រុស្ស៊ី អាមេរិក​មិនទាន់​ក្លាយជា​រដ្ឋ​ដែល​វៀតណាម​ទុកចិត្ត​ទេ​។ វៀតណាម​ហាក់ដូចជា​ព្យាយាម​យក​អាមេរិក​ជា​ខ្នងបង្អែក ច្រើនជាង​ប្រែក្លាយ​ទំនាក់ទំនង​ដែលមាន​ទៅជា​ជា​កល្យាណមិត្ត​ពិតប្រាកដ​ទៅ​ថ្ងៃមុខ​។​

​ដោយឡែក អតីត​ឧ​ត្ត​ម​សេនីយ៍​ទ័ពអាកាស​ខាងលើ បានបញ្ជាក់​ហើយ​ថា ផ្លូវ​យន្តហោះ​នៅ​កោះ Matua ក្នុង​ប្រជុំ​កោះ​គូ​រី​ល​ក៏​នឹងត្រូវ​សង់​ឡើងវិញ​ដែរ​។ ការបង្កើន​វត្តមាន​ទ័ព​នៅលើ​កោះ​ជម្លោះ​ដែលមាន​ជម្លោះ​ជាមួយ​ជប៉ុន​នេះ​បានធ្វើ​ឲ្យ​ជប៉ុន​បារម្ភ​មិនតិច​ដែរ​។ ផ្លូវ​យន្តហោះ​នៅលើ​ប្រជុំ​កោះ​គូ​រី​ល​ជា​ប៉ុស្តិ៍​យោធា ដែល​ជប៉ុន​ប្រើប្រាស់​សម័យ​សង្គ្រាមលោក​លើ​ទី ២ ផងដែរ​។​

​មួយវិញទៀត រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រុស្ស៊ី​កាលពី​ថ្មីៗ​នេះ​ក៏​ទទួលបាន​សិទ្ធិ​ពី​ក្រុង​ដា​ម៉ាស​ក្នុងការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស Hmeimim នៅ​ស៊ី​រី​ផងដែរ​។ លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បានដាក់​កិច្ចព្រមព្រៀង​នេះ​ទៅកាន់​សភា​រុស្ស៊ី​រួចរាល់​ហើយ ហើយ​គេ​រំពឹងថា​កងទ័ពអាកាស​រុស្ស៊ី​នឹងត្រូវ​បញ្ជូន​ទៅកាន់​ទីតាំង​ខាងលើ ហើយ​រុស្ស៊ី​មិនចាំបាច់​បង់ថ្លៃ​ឈ្នួល​សម្រាប់​ការប្រើប្រាស់​មូលដ្ឋានទ័ព​នេះឡើយ​៕