មេដឹក​នាំកំពូល ​ISIS​ ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​ និង​ អាហ្វហ្គានីស្ថាន​ ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​

(អ៊ីស្លាម៉ាបាដ)៖ មេដឹកនាំកំពូលរបស់ពួកសកម្មប្រយុទ្ធ ISIS ប្រចាំប្រទេសប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់យន្តហោះគ្មានមនុស្ស បើក បញ្ជាដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Fox News នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Gordon Trowbridge បាននិយាយថា មេដឹកនាំ ISIS ឈ្មោះ Hafiz Saeed Khan បានស្លាប់តាំងពីថ្ងៃទី២៦ ខែកក្កដា មកម្ល៉េះ ដោយសារតែការវាយប្រហារនៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះជាលទ្ធផលដែលអាមេរិក ចាត់ទុកថាជារឿង គាប់ប្រសើរបំផុត សម្រាប់ប្រតិបត្តិការតាមប្រមាញ់មេដឹកនាំសំខាន់ៗរបស់ ISIS។

តាមសម្តីរបស់មន្ត្រីអាមេរិក មេដឹកនាំ Hafiz កន្លងមកតែងតែធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំង សម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេសនោះគឺខេត្ត Nangarhar តែម្តង។ ពួក ISIS បានសកម្មខ្លាំងនៅក្នុងតំបន់នេះ ចាប់តាំងពីរដូវក្តៅឆ្នាំមុនមកម្ល៉េះ៕

ប្រភព៖ freshnewsasia


Related Posts