អភ័ព្វ! យក​ប្រុសទៅខុស លុះយកស្រីរឹត​តែ​ខុស​

រាជធានី​​ភ្នំពេញ​ ៖ អ្នក​​​មេម៉ាយ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់បាន​លង់​ស្នេ​ហ៍​​ជាមួយ​​​នាង​កម្មការិនី​ដូចគ្នា​ ដោយ​​នាង​សុខចិត្ត​ដើរ​តួ​ជា​​ប្ដី និង​​នាង​ជា​គូ​កំណាន់នោះ​ តួ​ជា​ប្រពន្ធ​ ដោយ​​​សន្យា​រួម​រស់​ជាមួយ​គ្នា​​ ក្រោយ​​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​ពី​ស្រុក​កំណើតវិញ​រៀង​ៗ​ខ្លួន​ ។

មិនតែប៉ុណ្ណោះ​ នាង​ដែល​ដើរតួ​ជា​ប្រពន្ធ​​ បាន​លួងលោម​នាង​ជា​ប្ដី​ឱ្យ​​ទិញគ្រឿងអលង្ការ សុំ​លុយកាក់ និង​ទូរស័ព្ទ​ពី​នាង​ជា​បន្ត​បន្ទាប់ ដែល​សរុប​ជិត​២​ពាន់​ដុល្លារ​​អា​មេ​រិ​ក ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ក្ដី​ស្រ​មៃ​​របស់​នាងជា​ប្ដី​នោះ​ ត្រូវ​បាន​រលាយ​បាត់​អស់ ដោយនាង​ជា​​ប្រពន្ធ​បាន​បោក​ទាំង​ចិត្ត​ និង​លុយកាក់ គឺ​បាត់​ស្រមោល​សូន្យឈឹង មិនឃើញ​ត្រឡប់​ទៅ​រក​នាង​វិញ​ឡើយ ។ នាង​បាន​ចាំ​បាត់​ៗ​ស្ងាត់ឈឹ​ង គ្មាន​ដំណឹង​សោះឡើយ ចំណែក​ទូរស័ព្ទ​បាន​បិទ​ខ​ល​មិន​ចូល​ទៀត ទើបតែ​ពេល​នេះ​​ត្រូវ​​ប្រទះ​ឃើញ​ប្រពន្ធ​កំពុង​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​មិត្តភក្ដិ ក៏​​​ឃាត់ខ្លួន​ប្រគល់​ឱ្យ​​នគរបាល​តែ​ម្ដង​ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៣ ​សីហា ​​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​ដែល​ដើរតួ​ជា​ប្ដី​នោះឈ្មោះប៊ុត ស៊ី​ណាត អាយុ​២៦​ឆ្នាំ ជា​​​កម្មការិនី​រោងចក្រ​កាត់ដេរ​ ស្នាក់​បន្ទប់​ផ្ទះ​ជួល​​ក្នុ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​វាល​អំពិល ឃុំ​ទ្រាល ស្រុក​បារាយ​ ខេត្តកំពង់ធំ​ ។​ នាង​បាន​អះអាង​ថា បាន​ចាញ់បោក​ប្រពន្ធ​អស់​កងដៃ​១​ឈុត ​ដែល​មាន​តម្លៃ​២​លាន​៨០​ម៉ឺន​រៀល​ចិញ្ចៀន, ប្លា​ទី​ន​ដាំ​ត្បូង​តម្លៃ​៣៨​ម៉ឺន​រៀល, ទូរស័ព្ទ​ដៃ​១​គ្រឿង​តម្លៃ​២៥០​ដុល្លារ លុយ​ចំនួន​៧៥០​ដុល្លា​ ​​។

​ដោយឡែក​ នារី​​ដើរតួ​ជា​ប្រពន្ធ​នោះឈ្មោះគង់ អម្ព ហៅណៃ អាយុ​២៣​ឆ្នាំ ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើតនៅ​ក្នុងភូមិ​ផ្សារ​អណ្តែត ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។

នាងជាប្តី​​ឈ្មោះប៊ុត ស៊ី​ណាត ​បាន​និយាយ​ថា ​នាង​ធ្លាប់​មាន​ប្ដី​​បាន​រៀប​ការ​ជាមួយ​គ្នា ​តាម​ផ្លូវច្បាប់​និង​តាម​ប្រពៃណី​ដែរ ប៉ុន្តែ​
ក្រោ​ពេល​រស់នៅ​ជាមួយ​គ្នា ​បាន​ត្រឹមតែ​រយៈពេល​៣​ឆ្នាំ​​ប៉ុណ្ណោះ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ទើបបាន​ឈាន​ដល់​ការ​លែងលះ​គ្នា ។ បន្ទាប់​មក ​នាង​បាន​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​បាន​ស្គាល់គ្នា​ជាមួយ និង​នារី​ម្នាក់ឈ្មោះគង់ អម្ព ហៅណៃ ដែល​ការ​ស្គាល់គ្នា​នោះ ​មាន​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ ។

ក្រោយមក​ពួក​នាងបានចិត្ត​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាង​នឹកឃើញ​​ថា យកប្ដី​នាំ​តែ​លំបាក​ដូច​មុន​ទៀត​នោះ​ទេ ទើប​សម្រេចចិត្ត​ស្រលាញ់​ស្រី​ដូច​គ្នា​វិញ និង​កសាង​គ្រួសារ​ថ្មី​មួយ ដោយនៅ​ពេល​នោះ នាង​បាន​សម្រេចចិត្តដើរតួ​ជា​ប្ដី ចំណែក​នាង​គូ​កំណាន់ចិត្ត​សុខចិត្ត​ដើរតួ​ជា​ប្រពន្ធ​វិញ ​។

ប្រភព​​ដដែល​​​បន្ត​ថា ក្រោយ​ពេល​ឯកភាព​គ្នា​ហើយ នាង​ជា​​ប្រ​ពន្ធ​បាន​លួងលោម​សុំ​ឱ្យ​​នាង ដែល​ជា​ប្ដី​ទិញ​គ្រឿងអលង្ការ​ឲ្យ ព្រមទាំង​សុំ​លុយ និង​ទូរស័ព្ទ​ផង ហើយ​នាង​បាន​ប្រគល់​ឲ្យ​ជា​បន្តបន្ទាប់ និង​បាន​សន្យា​ថា​ នឹង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ ក្រោយ​ពេល​ចប់​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក្រោយ​ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​មក​ពី​លេង​ស្រុក​កំណើត​វិញ​រៀង​ៗ​ខ្លួន​។

ប៉ុន្តែ​ក្រោយមក​បាន​បាត់​ស្រមោល ស្រី​ស្រស់​ទងវង​សូន្យ​ឈឹង មិនឃើញ​ពាលពៅ​ត្រឡប់​មក​វិញ​ឡើយ ចំណែកឯ​ទូរស័ព្ទ​ក៏​ខ​ល​មិន​ចូល​ថែម​ទៀត នាង​រង់ចាំ​រយៈពេល​ជាង​៤​ខែ​ហើយ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ទើប​ប្រទះ​ឃើញ​ប្រពន្ធ​កំពុង​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​នៅផ្ទះ​ជួល នាង​ក៏​បាន​ប្ដឹង​នគរបាល​​តែ​ម្ដង​។

បន្ទាប់​មក​ នគរបាល​បាន​ធ្វើការ​សាកសួរ ហើយ​នាង​ជា​ប្រពន្ធ​នោះ បាន​សុខ​ចត្ត​ចេញ​សំណង​ទៅ​ខាង​ប្ដី​ក្នុង​១​ខែ​ចំនួន​៥០​ដុល្លារ ជា​រៀង​រាល់​ខែ​ រហូត​ដល់​គ្រប់​ចំនួន និង​បាន​ប្រគល់​១០០​ដុល្លារ​ផ្សេង​ទៀត សម្រាប់​ថ្លៃ​ទិញ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ ដើម្បី​បញ្ចប់រឿង​ ៕