តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

ភ្នំពេញ៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យាទំនើប គេសង្កេតឃើញថា ការប្រាស្រ័យទាក់ទងគ្នា ហាក់បីដូចជាមាន ភាពងាយស្រួលច្រើនជាងមុន ទោះស្ថិតនៅទីឆ្ងាយពីគ្នាក៏ដោយ។ ក្នុងនោះអ៊ិនធឺណែត គឺដើរតួយ៉ាងសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងរបស់អ្នក តាមរយៈបណ្តាញសង្គមជាច្រើន ដើម្បីធ្វើការ ឆាតជជែកកម្សាន្ត ឬខលឃើញមុខគ្នា ទៅវិញទៅមកបាន យ៉ាងងាយស្រួលផងដែរ ដូចជា Facebook, Line, Viber, WhatsApp និង Skype ជាដើម ។

ជាមួយគ្នានេះដែរ បណ្តាញសង្គមថ្មីមួយទៀត ដែលយុវវ័យខ្មែរបច្ចុប្បន្ន កំពុងតែជ្រួលច្រលប់ ក្នុងការប្រើប្រាស់វា ដែលមានមុខងារថត Live វីដេអូ មិនខុសគ្នាប៉ុន្មានពីហ្វេសប៊ុកឡើយ នោះគឺ Bingo Live។ ខណៈមានមហាជនជាច្រើន បាននាំគ្នាលើកឡើងថា បណ្តាញសង្គមមួយនេះ ផ្តល់មកនូវគុណវិបត្តិជាច្រើន ដែលមនុស្សរាល់គ្នា គួរណាស់ត្រូវចេះស្វែងយល់បន្ថែមពីវា ដោយខ្លួនឯងផងដែរ។

ថ្ងៃនេះក្រុមផងដែរ ក្រុមការងារខ្មែរឡូត ក៏បានចុះសាកសួរ ពីទស្សនៈយល់ឃើញ របស់យុវជន និងយុវតីខ្មែរយើងមួយចំនួន ទាក់ទងពីបណ្តាញសង្គមមួយនេះ ដើម្បីចង់ដឹងថា តើវាមានផ្តល់មកនូវ ផលវិជ្ជមាន និងអវិជ្ជមាន អ្វីខ្លះដល់យើង?

ចង់ដឹងយ៉ាងណាតាមដានជាមួយនឹងពួកយើងទាំងអស់គ្នា?

ជួបជាមួយនឹងយុវជន ភារម្យ វ័យ ២២ឆ្នាំ សព្វថ្ងៃជានិស្សិតនៅ សាលកវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបរាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងថា «ទាក់ទងនឹងការលេង Bingo Live បើតាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថាការលេង Bingo Live នេះ គឺវាមានផល២ គឺទី១ ទាក់ទងនឹងផល វិជ្ជមាន ហើយទី២ ទាក់ទងនឹងផល អវិជ្ជមាន។ បើនិយាយពីផលវិជ្ជមានវិញ សម្រាប់អ្នកដែលប្រើប្រាស់ នូវបណ្តាញសង្គម Bingo Live នេះត្រឹមត្រូវ គឺគាត់ប្រើប្រាស់វា គ្រាន់តែទំនាក់ទំនងលេង ជាមួយនឹងមិត្តភក្តិតែប៉ុណ្ណោះ ដើម្បីលុបបំបាត់នូវភាពអផ្សុក បង្ហាញពីភាពសប្បាយរីករាយ ឬក៏ចង់ចែករំលែកអ្វីមួយ ទាក់ទងនឹងចំនេះដឹង ឬបទពិសោធន៍ការងារជាដើម»

យុវជន ភារម្យ បន្តថា «ឯអ្នកខ្លះទៀត ប្រើប្រាស់ Bingo Live ដើម្បីធ្វើអាជីវកម្ម ដូចជា៖ ការលក់តាមរយៈ អនឡាញ ទាក់ទងពីការបង្ហាញ ឬ Promote ពីផលិតផលផ្សេងៗជាច្រើនទៀត ហើយមួយវិញទៀត ការប្រើប្រាស់ Bingo Live នេះ ក៏ជាបណ្តុំនូវចំណេះដឹងផងដែរ។ ជាក់ស្តែង យើងឃើញថា សូម្បីតែព្រះសង្ឃ ក៏ប្រើប្រាស់វាដែរ ដូចជាការចែករំលែកនូវព្រះធម៌ទេសនាជាដើម ហើយក្នុងនោះក៏មានសាស្រ្តាមួយចំនួន ក៏ប្រើប្រាស់ Bingo Live ដើម្បីថត Live ចែករំលែក ជាមេរៀនរបស់ពួកគាត់ ទៅកាន់អ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ ដើម្បីទទួលបានចំណេះដឹងបន្ថែមផងដែរ»

ដោយឡែកទាក់ទងនឹងផលអវិជ្ជមានវិញ យុវជន ភារម្យ បានដឹងផងដែរថា «...ជាក់ស្តែងមានយុវវ័យយើងមួយចំនួន ប្រើប្រាស់ Bingo Live ក្នុងផ្លូវខុស គឺពួកគាត់បានបង្ហាញ នូវភាពស៊ិចស៊ី លេចលើលេចក្រោម ដែលវាមិនសមរម្យ បង្ហាញពីភាពខុសឆ្គង អ្វីដែលមិនមែនជា វប្បធម៌របស់ខ្មែរ ហើយវាធ្វើឲ្យប៉ះពាល់ដល់ ទំនៀមទំលាប់ប្រពៃណីខ្មែរយើងយ៉ាងខ្លាំង។ ឯអ្នកខ្លះទៀត ប្រើប្រាស់វាដើម្បី ធ្វើជារឿងនយោបាយ ឬចង់ធ្វើបាបនរណាម្នាក់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយវាមិនខុសគ្នាប៉ុន្មានពី បណ្តាញសង្គមហ្វេសប៊ុកនោះឡើយ។ មានន័យថា Bingo Live ក៏ជាបណ្តុំនៃគ្រោះថ្នាក់ផងដែរ ដោយសារតែការថត Live ហ្នឹងហើយ ដែលបង្កជារឿងអាស្រូវមួយចំនួន»

មិនខុសគ្នាប៉ុន្មាន ពីយុវជន ភារម្យ ដែលបានលើកឡើង ខាងលើឡើយ។ ដោយឡែក បងស្រី ពិសី វ័យ ២៨ឆ្នាំ ជាគ្រូបង្រៀននៅសាលារដ្ឋមួយកន្លែង ក្នុងក្រុងតាខ្មៅ ក៏បានឲ្យដឹងដែរថា «...សម្រាប់បងយូរៗ បើកមើលម្តងហ្នឹងអូន ភាគច្រើនពេលយប់ ព្រោះបងអត់មានពេលទំនេរឯណា ទៅបើកមើលចឹងៗទេ សឹងតែថាមិនដឹងគេលេងយ៉ាងម៉េចផង សូម្បីតែហ្វេសប៊ុក ក៏បងមិនសូវមានពេល ដូចគេផង ព្រោះបងរវល់ធ្វើការ បង្រៀនគេផង រៀនខ្លួនឯងផង ចង់អាងឹតមុខ។ ប៉ុន្តែបងអាចចែករំលែក ការយល់ឃើញរបស់បងបាន ភាគច្រើនបងឃើញយុវវ័យជាច្រើន ចូលចិត្តលេងអា Bingo Live ហ្នឹង ច្រើនគួរសមដែរ ជាពិសេសគឺអាពេលមុនចូល Sleep (គេង) ហ្នឹងម៉ង និយាយពីថា មិនដឹងជាស្អីគេទេមួយថ្ងៃៗ»

អ្នកគ្រូក្រមុំ រូបស្រស់នេះបន្តទៀតថា «...វាប៉ះពាល់មែនអូន ព្រោះថា បងឃើញអ្នកខ្លះហ្នឹង Live សុទ្ធតែដោះអាវ បង្ហាញសាច់ដុំគេអីណា មិនដឹងថាគេចង់ធ្វើអីគេ។ ឯប្អូនៗស្រីៗហ្នឹង ក៏មិនណយដែរ ពេលខ្លះវាធ្វើឲ្យវប្បធម៌ខ្មែរយើង ធ្លាក់ដុនដាបដោយសារតែអាទង្វើបែបហ្នឹង។ មួយទៀតងំត្រង់ថា តារាៗខ្មែរយើងក៏ Live ដែរ តែគេតារាមិនអីទេ គេចង់ជួប Fan គេ សាសងលេងជាមួយ Fan គេ វាជារឿងធម្មតា ធ្វើម៉េចបើគេមានមុខមាត់ ក្នុងសង្គមសិល្បៈដែរ តែសូមកុំឲ្យតែធ្វើអីលើសទៅបានហើយ»

សព្វថ្ងៃជានិស្សិត ផ្នែកអាធី (IT) ឆ្នាំទី៤ យុវជន អៀវ ប៊ុនា បានផ្តល់ទស្សនៈយល់ឃើញរបស់ខ្លួន មកកាន់ក្រុមការងារ Khmerload ដែរថា «បើនិយាយទៅខ្ញុំ ក៏ជាអ្នកប្រើប្រាស់ បណ្តាញសង្គម Bingo Live នេះម្នាក់ផងដែរ។ ប៉ុន្តែខ្ញុំមិនដែលបើកកាម៉េរាឯណា ថត Live ដូចគេឡើយ ភាគច្រើនគឺមើលតែគេ Live ហ្នឹង។ ហើយវាពិតជាសំបូរណាស់ ស្រីស្អាតប្រុសស្អាត មិនថាតែថៃ ខ្មែរ រៀតណាម ឬអឺរ៉ុបឡើយ សឹងតែថារាល់ថ្ងៃ រាល់យប់តែម្តង បើនិយាយទៅ ចង់ខ្លាំងជាហ្វេសប៊ុកទៀត។ ឯអ្នកខ្លះទៀត សឹងតែបង្ហាញល្វែងលើក្រោម ឲ្យគេមើលទៀត ពិតជាមិនចេះខ្មាសគេមែន។ ម្យ៉ាវិញទៀត សូម្បីតែហូបចុក អ្នកខ្លះហ្នឹងក៏ថត Live ឲ្យគេមើលដែរ ខ្លាចគេមិនដឹង»

ទន្ទឹមនឹងនោះផងដែរ កញ្ញា ស្រីណុច អាយុ ២២ឆ្នាំ ជានិស្សិតរៀនផ្នែកគ្រប់គ្រងមួយរូប ក៏បានលើកឡើងដែរថា «សម្រាប់ខ្ញុំវិញ ខ្ញុំយល់ឃើញថា Bingo Live នេះ ធ្វើឲ្យយុវវ័យមួយចំនួន ឈ្លក់វង្វេងនិងការថត Live វីដេអូជាហូរហែ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឲ្យ ប៉ះពាល់ដល់ការសិក្សា ឬការងារជាដើម ហើយថែមទាំងខាតបង់ ពេលវេលា និងប្រាក់កាសផងដែរ»

កញ្ញា ស្រីណុច បន្តថា «...មិនមែនអាក្រក់ទាំងអស់នោះឡើយ អ្នកខ្លះប្រើប្រាស់វា ដើម្បីចែករំលែកព័ត៌មាន ទាន់ហេតុការណ៍ជាដើម តាមរយៈការថត Live វីដេអូ មួយនេះ ហើយវាពិតជាងាយស្រួលខ្លាំងណាស់ និងផ្តល់មកនូវប្រយោជន៍ច្រើន ដល់អ្នកជាសារព័ត៌មានផងដែរ មិនខុសគ្នាប៉ុន្មានពីហ្វេសប៊ុកឡើយ»

ជាសារចុងក្រោយ ជូនដល់ប្រិយមិត្ត មិត្តអ្នកអានទាំងអស់ មុនពេលដែលយើង ប្រើប្រាស់នូវបច្ចេកវិទ្យាអ្វីមួយ ឬសម្ភារៈប្រើប្រាស់ណាមួយ គួរគប្បីត្រូវចេះស្វែងយល់ ពីវាឲ្យបានស៊ីជម្រៅជាមុនសិន ព្រោះវាសុទ្ធសឹងតែផ្តល់មកនូវ សារៈប្រយោជន៍ដូចគ្នា ប្រសិនបើអ្នកប្រើប្រាស់វា ក្នុងផ្លូវមួយដ៏ត្រឹមត្រូវ ផ្ទុយទៅវិញ ប្រសិនណាបើអ្នកប្រើប្រាស់វា ក្នុងផ្លូវមួយដែលខុស វានឹងផ្តល់មកនូវគុណវិបត្តិ ដល់ខ្លួនអ្នកដូចគ្នា។ ចូលចង់ចាំថា ផលវិជ្ជមាន និងអវិជ្ជមាន ដើរទន្ទឹមគ្នាជានិច្ច ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?
រូបភាព៖ យុវជន ភារម្យ

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?
រូបភាព៖ បងស្រី ពិសី

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?
រូបភាព៖ យុវជន អៀវ ប៊ុនា

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?
រូបភាព៖ កញ្ញា ស្រីណុច

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?

តើ Bingo Live ល្អលេងក្នុងសង្គមខ្មែរយើង ដែរឬទេ?