​លោក យឹម សុវណ្ណ បញ្ជាក់​ពី​ការវិវត្ដន៍ នៃ​ស្ថានភាព​នយោបាយ​ជូន​ដល់​អ្នកសារព័ត៌មាន​

នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ចាត់ទុកថា​កំពុងមាន​ភាព​តានតឹង​នៅឡើយ ហើយ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​នៅមុន​ដំណើរការ​បោះឆ្នោត​ខាងមុខ​។​

លោក យឹម សុវណ្ណ ក្នុងនាម​ជាម​ន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​៣​ចំណុច​សំខាន់ៗ​ក្នុងនោះ​រួមមាន​៖ ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​សាសនា នៅ​ខេត្តពោធិ៍សាត់ ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​យន្ដការ​ចូលរួម​កម្មវិធី​សម្ដែង​មតិ ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ជា​សាធារណៈ​ទេ និង​ទី​៣-​យើង​មិនមាន​សន្និសីទ​សារព័ត៌មាន ជា​រៀងរាល់ថ្ងៃ​ទៀត​ទេ​។​

នៅ​ថ្ងៃ​ម្សិលមិញ​នេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់ដែរថា​ក្នុង​កាលៈទេសៈ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​កិច្ចការ​៣​យ៉ាងសំខាន់ៗ​គឺ​៖ ទី​១-​ការរៀបចំ​ខ្លួន​ដើម្បី​ទៅ​បោះឆ្នោត ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ការតស៊ូ​មតិ ដើម្បី​ទាមទារ​យុត្តិធម៌ និង​ជំរុញ​ឲ្យ​ស្ថានភាព​នយោបាយ​មាន​ភាពប្រក្រតី​ឡើងវិញ និង​ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​បាននិងកំពុង​ត្រៀមលក្ខណៈ​សម្បត្តិ​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា កន្លងមក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ច្បាស់លាស់ និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​នយោបាយ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​។ ទន្ទឹង​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​យល់ឃើញថា បើទោះជា​ស្ថានភាព​នយោបាយ​កំពុងមាន​ភាព​តានតឹង​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ទទួលបាន​ប្រជាប្រិយ​ភាពកើនឡើង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ចិត្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ជ័យជំនះ​ក្នុង​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

ys