សត្វ​ដំរី​ជាង​៣​ម៉ឺន​ក្បាល​នៅលើ​ពិភពលោក ត្រូវបាន​សម្លាប់​រៀងរាល់​ឆ្នាំ​ និពន្ធដោយ : រ៉ឹម ភារី       August-13-2016, 2:39 pm         178

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សត្វ​ដំរី​ជាង​៣​ម៉ឺន​ក្បាល​នៅលើ​ពិភពលោក ត្រូវបាន​សម្លាប់​រៀងរាល់​ឆ្នាំ​​ភ្នំពេញ​៖ លោក Thomas Gray នាយក​ផ្នែក​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​សកល ប្រចាំ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​អះអាងថា ដំរី​ជាង ៣ ម៉ឺន​ក្បាល​នៅលើ​ពិភពលោក ត្រូវបាន​ជនល្មើស​សម្លាប់​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលដៅ​អាជីវកម្ម​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១០ សីហា លោក Thomas Gray បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖«​នៅលើ​ពិភពលោក​មាន​ដំរី​ជាង​៣០,០០០​ក្បាល កំពុង​ត្រូវបាន​គេ​សម្លាប់​ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រមូល​ភ្លុក​ដំរី​ខុសច្បាប់ យកទៅ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារងងឹត​ដែល​កំពុង​កើនឡើង​»​។

​ដោយឡែក​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៦ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​រកឃើញថា មាន​ដំរី​អាស៊ី​៣៧​ក្បាល​ត្រូវបាន​សម្លាប់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។ តែ​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមកដល់​បច្ចុប្បន្ន​នេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ សហ​ការណ៍​ជា​រដ្ឋបាល​ព្រៃឈើ ក្រសួងបរិស្ថាន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​បាន​ចាប់​អន្ទាក់​ចំនួន​ជាង​១៤​ម៉ឺន ព្រមទាំង​ចាប់បាន​ជនល្មើស​ជាង​៣០០​នាក់​បញ្ជូនទៅ​តុលាការ​ផងដែរ​។ 

សត្វ​ដំរី​ជាង​៣​ម៉ឺន​ក្បាល​នៅលើ​ពិភពលោក  ត្រូវបាន​សម្លាប់​រៀងរាល់​ឆ្នាំ​ និពន្ធដោយ : រ៉ឹម ភារី       August-13-2016,  2:39 pm         178

​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ប៉ាន​ប្រមាណ​ថា នៅ​កម្ពុជា​នៅសល់​សត្វ​ដំរី​ប្រមាណ​ជាង​២០០​ក្បាល​នៅក្នុង​ខេត្តមណ្ឌលគិរី និង​ជាង​១០០​ក្បាល​ទៀត​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​។​ខណៈ​អង្គការ​រុក្ខជាតិ និង​សត្វ​អន្តរជាតិ (FFI) កាលពី​ឆ្នាំ​២០០៨ បាន​ប៉ាន​ប្រមាណ​ថា យ៉ាងហោចណាស់​ក៏មាន​សត្វ​ដំរី​ចំនួន​១៧៥​ក្បាល កំពុង​រស់នៅក្នុង​ច្រករបៀង​ភាគ​នីរ​តី​នៃ​ប្រទេស​កម្ពុជា​។ 

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៥ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ គយ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បាន​ឆែកឆេរ​កុងតឺន័រ​ដែល​ឈ្មួញ​លួច​ដាក់​បង្កប់​ភ្លុក​ដំរី​ក្នុង​បាវ​ពោត​ចំនួន ៦១៣​គីឡូក្រាម ដែល​ឈ្មួយ​បាន​បន្លំ​បង្កប់​ក្នុង​បាវ​ពោត​ក្នុង​កុងតឺន័រ​ចំនួន​ពីរ​។ បើតាម​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ លោក គិ​ន លី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភ្លុក​ដំរី​ទាំងនេះ បាន​នាំ​មកពី​ទ្វីបអាហ្វ្រិក ចូលមក​កម្ពុជា​តាម​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៤ ហើយ​ម្ចាស់​ទុកចោល​ពុំ​ចូលខ្លួន​មក​បំពេញបែបបទ​នាំចេញ​អស់​រយៈពេល ២​ឆ្នាំ​កន្លងទៅ​៕