លោក Duterte បដិសេធ​សុំទោស​រឿង​ហៅ​ទូត​អាមេរិក​«​ខ្ទើយ​» និពន្ធដោយ : សៅ ផលនិស្ស័យ       August-13-2016, 2:49 pm         154

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte បដិសេធ​សុំទោស​រឿង​ហៅ​ទូត​អាមេរិក​«​ខ្ទើយ​»​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បដិសេធ​សុំ​អភ័យទោស​ជាថ្មី​ចំពោះ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន Philip Goldberg ថា​ជា​«​ខ្ទើយ​» និង​«​ជា​កូន​របស់​អ្នករកស៊ី​ផ្លូវភេទ​»​នៅ​ថ្ងៃ​សុក្រ​ទី ១២ សីហា​នេះ​។ សម្តី​របស់​ប្រធានាធិបតី​ជើង​ខ្លាំង​នេះ បានធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ផ្នែក​ការទូត​ខ្លាំង​ដែរ​។​

​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានបញ្ជាក់​ជាថ្មី​ថា​លោក​មិន​សុំ​អភ័យទោស​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន ជុំវិញ​ការហៅ​គាត់​ថា​ជា​«​ខ្ទើយ​» និង​«​ជា​កូន​របស់​អ្នករកស៊ី​ផ្លូវភេទ​ឡើយ​។ លោក​សង្កត់ធ្ងន់ថា លោក​មិន​ខុស ព្រោះ​ជម្លោះ​គ្រប់យ៉ាង​វា​ផ្តើមឡើង​ពី​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប៉ុណ្ណោះ​។​

​លោក​ពោល​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​កងទ័ព​នៅ​កោះ Jolo នា​ថ្ងៃ​សុក្រ​ទី ១២ សីហា​ថា​៖«​ខ្ញុំ​នឹងមិន​សុំ​អភ័យទោស​ចំពោះ​រឿង​គ្រប់យ៉ាង​។ គាត់​មិន​សុំ​អភ័យទោស​ខ្ញុំ​ផង ពេលដែល​យើង​បាន​ជួបគ្នា​នោះ​។ ហេតុអ្វី​ខ្ញុំ​ត្រូវ​សុំទោស​គាត់​?»​។

​លោក​បាន​ឆ្លៀត​លើកឡើង​ពី​ចំណុច​ចាប់ផ្តើម​នៃ​ជម្លោះ​ពាក្យសម្តី​ជាមួយ​មន្ត្រី​ទូត​អាមេរិក​ផងដែរ​។ លោក​ថា កាល​អំឡុងពេល​ឃោសនា​បោះ​ឆ្នាំ​ប្រធានាធិបតី មន្ត្រី​ទូត​ខាងលើ​បានចេញ​មុខ​រិះគន់​លោក​ពាក់ព័ន្ធ​ការលើកឡើង​ពី​កា​របៀន​បៀ​ន​ផ្លូវភេទ​និង​សម្លាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​អូស្ត្រាលី​ម្នាក់​នៅក្នុង​ឆ្នាំ ១៩៨៩ នៅក្នុង​ក្រុង Davao ។​

 លោក​បាន​បន្ត វា​មិនមែនជា​ពេល​សមស្រប​ដែល​មន្ត្រី​អាមេរិក​ម្នាក់នេះ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​ក្នុងពេល​បោះឆ្នោត​ហ្វី​លី​ពី​ម​ឡើយ​។ ថា​៖« អ្នកណា​មិន​ខឹង​ជាមួយ​គាត់​កើត​ទៅ​? វា​ជា​ពេល​បោះឆ្នោត ហើយ​គាត់​ស្រាប់តែ​ចេញមុខ​មក​និយាយ​បែបនេះ​ទៅវិញ​»​។

​យ៉ាងណាមិញ​សម្តី​របស់លោក Duterte បានធ្វើ​ឲ្យ​មាន​ការប្រទាំងប្រទើស​ផ្នែក​ការទូត​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ផងដែរ​។ កាល​ដើម​សប្តាហ៍​នេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​កោះហៅ​ភារធារី​ហ្វីលីពីន​មក​សួរនាំ​និង​ពន្យល់​ឲ្យ​បាន​ច្បាស់​ជុំវិញ​ពាក្យសម្តី​របស់​ប្រធានាធិបតី​។ ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​បានបញ្ជាក់​ជាថ្មី​ដែរ​ថា សម្តី​របស់​ប្រធានាធិបតី​ហ្វីលីពីន​ពិតជា​មិន​សមរម្យ​និង​មិនអាច​ទទួលយក​បានឡើយ​។​

​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​មាត់ដាច ចិត្តសឿង និង​ជើង​ខ្លាំង Rodrigo Duterte បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា វា​ជា​រឿង​ជម្លោះ​បុគ្គល​ប៉ុណ្ណោះ ហើយ​លោក​មិន​គិតថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាមេរិក​និង​ហ្វីលីពីន​ឡើយ​៕