វេជ្ជបណ្ឌិត អ៊ុំ សុភាព៖ “ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​កម្ពុជា​មិនតិចជាង ដប់​ម៉ឺន​ទៅ​ព្យាបាល​ជំងឺ​ក្រៅប្រទេស”

“តាម​ការ​ប៉ាន់ប្រមាណ​រ​បស់​យើង ជា​រៀងរាល់​ឆ្នាំមាន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មិនតិចជាង​ដប់​ម៉ឺន​នាក់​ទេ​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស” នេះ​ជាការ​លើកឡើង​របស់ លោក វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​ព្យាបាល​អន្តរជាតិ​ខេ​មា។

 

វេជ្ជបណ្ឌិត អ៊ុំ សុភាព៖ “ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​កម្ពុជា​មិនតិចជាង ដប់​ម៉ឺន​ទៅ​ព្យាបាល​ជំងឺ​ក្រៅប្រទេស”

 

លោក​វេជ្ជបណ្ឌិត បានលើកឡើង​ទៀតថា ការស្វែងរក​មន្ទីរពេទ្យ​ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ពី​ប្រទេស​កំណើត​ដូច្នេះ ធ្វើ​ឲ្យ​ពួកគេ​ចំណាយ​ពេលវេលា និង លុយកាក់​យ៉ាង​ច្រើន សម្រាប់​ធ្វើដំណើរ ស្នាក់នៅ ហូបចុក បន្ថែម​ពីលើ​ថ្លៃ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដែលជា​ចំណាយ​ចាំបាច់។
ជាទូទៅ​សម្រាប់​​អ្នកជំងឺ​ម្នាក់ យ៉ាងហោចណាស់​មាន​អ្នក​ជូន​ទៅជា ១ម្នាក់ ឬ ២នាក់​ទៀត ដែល​ត្រូវ​ចំណាយ​ពី ១ ០០០ដុល្លារ ទៅ ៥ ០០០ដុល្លារ ក្នុង​ការ​ទៅ​ពិនិត្យ និង​ព្យាបាល​ម្ដង។ ចំពោះ​ករណី​ជំងឺ​ធ្ងន់​ត្រូវ​ជួយសង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ក្នុង​រយៈពេល​យូរ (អាច​ពី ១ ទៅ ៤ សប្ដាហ៍) ការ​ចំណាយ​នឹង​កើន​ឡើង​ពី ៥០ ០០០ដុល្លារ រហូតដល់ ២០០ ០០០ដុល្លារ ឯណោះ។ វេជ្ជបណ្ឌិត អ៊ុំ សុភាព បន្ថែម។
ទាក់ទិន​ទៅ​នឹង​ការ​ចំណាយ​ច្រើន​បែបនេះ លោក វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា៖ ”នេះ​គឺជា បន្ទុក​ចំណាយ​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ការ​ខាតបង់​យ៉ាង​ធំធេង​សម្រាប់​គ្រួសារ​អ្នកជំងឺ ក៏ដូចជា​ការបាត់បង់​ធនធាន​របស់​កម្ពុជា​យើង​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ទៅ​ប្រទេសជិតខាង​ក្នុង​តំបន់”។
លោក​វេជ្ជបណ្ឌិត អ៊ុំ សុភាព បាន​បញ្ជាក់​ឲ្យ​ដឹង​ថែម​ទៀត​ថា «អ្នក​ជំងឺ​កម្ពុជា​យើង​ភាគច្រើន មាន​ហេតុផល​សាមញ្ញ​​ស្រដៀង​ៗ​គ្នា គឺ​ពួកគាត់​គ្រាន់តែ​ចង់បាន​សេវា​ពិនិត្យ​ព្យាបាល​ ដែល​ពួកគាត់​ទុកចិត្ត​ប៉ុណ្ណោះ។ ​តែ​ក៏​មាន​អ្នកជំងឺ​មួយ​ចំនួន លើក​ហេតុផល​មួយ​ថា ដោយសារ​នៅ​កម្ពុជា​យើង មិនទាន់​មាន​គ្រូពេទ្យ​ជំនាញ ឬ​គ្រូពេទ្យ​ឯកទេស ដែល​គាត់​ត្រូវការ និង​មិនទាន់​មាន​សម្ភារៈ​ទំនើប​ៗ​ដូច​ស្រុក​គេ»។

 

វេជ្ជបណ្ឌិត អ៊ុំ សុភាព៖ “ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​កម្ពុជា​មិនតិចជាង ដប់​ម៉ឺន​ទៅ​ព្យាបាល​ជំងឺ​ក្រៅប្រទេស”

 

Sabay បាន​ព្យាយាម​ទាក់ទង លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ តែ​ទូរសព្ទ​បាន​ចូល​ច្រើន​ដង​មិន​មាន​អ្នក​លើក​នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែសីហា​ នេះ។

 

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ មជ្ឈដ្ឋាន​មួយ​ចំនួន ក៏ដូចជា ក្រុម​គ្រូពេទ្យ​កាល​ពី​កន្លង​មក​ធ្លាប់​បាន​លើក​ឡើង​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ក៏​មាន​ការ​រីក​ចម្រើន​ទាំង​សេវា​ ក៏ដូចជា គ្រឿង​បរិក្ខារ​ទំនើប​មិន​ចាញ់​បរទេស ហើយ​ខាង​ក្រសួង​សុខាភិបាល​ជារឿយៗ រមែង​ធ្វើ​ការ​អប់រំ​ អំពី​ក្រម​សីលធម៌​គ្រូពេទ្យ ដល់​គ្រូ​ពេទ្យ​ផងដែរ។

 

ឯកឧត្ដម សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ ធា គ្រុយ រដ្ឋលេខាធិការ​​ក្រសួង​សុខាភិបាល និង​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា ធ្លាប់​បាន​ លើកឡើង​ថា ក្នុង​នាម​ជា​គ្រូពេទ្យ បើ​គ្មាន​សីលធម៌ គិត​តែ​ផល​ប្រយោជន៍​បុគ្គល គ្រោះ​ថ្នាក់​បំផុត គឺ​គ្រូពេទ្យ​ពូកែ ព្រោះ​ពួកគេ​នឹង​យក​ជំនាញពេទ្យ ទៅ​​រក​ស៊ី​តាម​រូបភាព​ផ្សេងៗ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកជំងឺ។

 

នៅ​ក្នុង​​ពិធី​បំពាក់​ឯកសណ្ឋាន​ពេទ្យ និង​ការ​ធ្វើ​សច្ចាប្រណិធាន សម្រាប់​សិស្ស​មហាវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​កាល​ពី​ពេល​កន្លងមក​  ឯកឧត្ដម សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ ធា គ្រុយ ធ្លាប់​លើកឡើង​ថា ក្រៅ​ពី​ចំណេះដឹង ជំនាញ សមត្ថភាព ផ្នែក​វេជ្ជសាស្ត្រ និង​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ គ្រូពេទ្យ​ត្រូវ​តែ​មាន ឬ​​ប្រកាន់​ភ្ជាប់​នៅ​គុណធម៌ និង​សីលធម៌ ដើម្បី​ជួយ​​សង្គ្រោះ​ជីវិត​មនុស្ស និង​លើកស្ទួយ​វិស័យ​សុខាភិបាល​កម្ពុជា ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង៕

 

សូមចុចអាន៖  ធា គ្រុយ៖ “គ្រូពេទ្យ​ បើ​គ្មាន​សីលធម៌ គ្រោះថ្នាក់​បំផុត​គ្រូពេទ្យ​ពូកែ”

 

អត្ថបទ៖ វិបុត្រ