បុរស​ពោះម៉ាយ​ប្រចណ្ឌ​សង្សារ​ជា​អ្នក​មេម៉ាយ​ យក​សាំង​គំរាម​ដុត​ផ្ទះ

បុរស​ពោះម៉ាយ​ប្រចណ្ឌ​សង្សារ​ជា​អ្នក​មេម៉ាយ​ យក​សាំង​គំរាម​ដុត​ផ្ទះ



ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ បុរស​ជា​សង្សារ​លួចលាក់​បាន​យក​សាំង​១​ដប​ចាក់​ដុត​គំរាម ក៏​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុងផ្ទះ​តៀម​លក់​គ្រឿងទេស​មួយ​កន្លែង បណ្តាល​ឱ្យ​រលាក​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ធ្ងន់ធ្ងរ ចំណែក​ស្ត្រី
ជា​ម្តាយ​បាន​រលាក​ប្រមាណ​៥០​ភាគរយ រីឯ​អីវ៉ាន់​គ្រឿងទេស​ឆេះ​អស់យ៉ាង​ច្រើន​សន្ធិ​ក​ផង​ដែរ​នៅ​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។

ក្រោយ​ពេល​កើតហេតុ ពីរ​នាក់​ម្តាយ​និង​កូនស្រី ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​អ្នក​ជិតខាង​ចាប់​ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​មុន​នឹង​ប្រគល់​ជូន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ។

លោក លឹ​ម ហាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សុខ រ៉ា​ម៉េ​ត អាយុ​៤៨​ឆ្នាំ ចំណែក​ស្ត្រី​មេម៉ាយ​រង​គ្រោះ​ឈ្មោះ លី សុ​គ​ន្ធា អាយុ​២៤​ឆ្នាំ ឆេះរ​លាកខ្លួន​៥០​ភាគរយ ចំណែក​កូនស្រី​ឈ្មោះ ម៉ៅ សុខ​ឡី អាយុ​១០​ឆ្នាំ ជា​កូន​ប្តី​ដើម បាន​ឆេះរ​លាកខ្លួន​ធ្ងន់ធ្ងរ ចំណែក​អីវ៉ាន់​លក់ដូរ​មួយ​ចំនួន​បាន​ឆេះ​ខូចខាត​ផង​ដែរ ។ ទាំងអស់​គ្នា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ សុខ រ៉ា​ម៉េ​ត ជា​ជន​ដៃដល់​បាន​និយាយ​ថា ខ្លួន​មានការ​អន់ចិត្ត​ជាមួយ​សង្សារ ដោយ​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​គេ​ក៏​បាន​យក​សាំង​១​ដប​ចំណុះ​១​លី​ត្រ​ចាក់​លើ​ដី​ក្នុង​តូប​លក់​អីវ៉ាន់​របស់​នាង ហើយ​កេះ​ដែកកេះ​ដុត​កំញើញ ក៏​បណ្តាល​ឱ្យ​ឆាបឆេះ​តូប និង​ឆេះ​ទាំង​២​នាក់​ម្តាយកូន​តែ​ម្តង ។ ចំពោះ​មូលហេតុ​វិញ​គឺ​មក​ពី​ការ​ប្រចណ្ឌ ។

លោក លឹ​ម ហាក់ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​ភូមិ​បាន​ជួយ ពន្លត់ភ្លើង​ដែល​ឆេះ​តូប​លក់​អីវ៉ាន់​នោះ និង​បាន​នាំ​គ្នា​ព្រួត​ចាប់ខ្លួន​ជន​ដៃដល់​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់ តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ ។

តាម​ការ​ស្រាវជ្រាវ​របស់​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ស្រី្ត​រង​គ្រោះ​គឺជា​អ្នក​មេម៉ាយ និង​មាន​សង្សារ​លួចលាក់​ជាមួយ​ជនសង្ស័យ​ខាងលើ ដោយ​មិន​បាន​រៀប​ការ ឬ​សែនព្រេន​នឹង​គ្នា​ទេ​។ ស្ត្រី​រង​គ្រោះ​បាន​លែងលះ​ប្តី​ទើបតែ​បាន​២​ឆ្នាំ​ប៉ុណ្ណោះ ។ មុន​ពេល​មាន​ករណី​នេះ​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​១០ សីហា ពីរ​នាក់​សង្សា​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ម្តង​ហើយ ដោយ​បុរស​ជា​ជន​ដៃដល់​បាន​វាយ​ស្ត្រី​មេម៉ាយ​នោះ​មួយ​ដៃ ។ បន្ទាប់​មក​នៅ​យប់​ថ្ងៃ​ទី​១២ សីហា បុរស​ជា​សង្សារ​បាន​ទៅ​ឈ្លោះប្រកែក​គ្នា​មួយ​សា​ទៀត ហើយ​បុរស​នោះ​បាន​យក​ដប​សាំង​ចាក់​លើ​ដី​រួច​យក​ដែកកេះ​មក​កំញើញ​ដុត ក៏​បណ្តាល​ឱ្យ​ឆាបឆេះ​អីវ៉ាន់​ក្នុង​តូប និង​ឆេះ​ខ្លួនប្រាណ​ស្ត្រី​នោះ រួម​ទាំង​កូនស្រី​តែ​ម្តង ៕