អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រង​ការ​រិះគន់​ជុំវិញ​វិធានការ​ដោះស្រាយ​ជម្លោះ​ដីធ្លី

សកម្មជន​ដីធ្លី និង​មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​ពោធិ៍សាត់ សង្កេត​ឃើញ​ថា អាជ្ញាធរ​មិន​សូវ​ខ្វល់​ដោះស្រាយ​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​ទេ ថែម​ទាំង​បន្ធូរ​ដៃ​ចំពោះ​អ្នក​រំលោភ​ចូល​កាន់​កាប់​ដី​រដ្ឋ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​ជន​ដែល​រំលោភ​កាន់កាប់​លើ​ដី​របស់​រដ្ឋ ហើយ​បន្ត​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ដែល​នៅ​សេសសល់។

សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ​ថា បញ្ហា​សង្គម ជា​ពិសេស​បញ្ហា​ដីធ្លី​នៅ​បន្ត​ញាំញី​ពលរដ្ឋ​តាម​ស្រុក​មួយ​ចំនួន​នៅ​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រមុខ​រដ្ឋាភិបាល ដូច​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​បញ្ហា​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​អស់​សង្ឃឹម​ចំពោះ​ថ្នាក់​ដឹក​នាំ។ ជម្លោះ​ដីធ្លី​ច្រើន​ករណី​នៅ​តែ​បន្ត​អូស​បន្លាយ​ដូចជា​នៅ​ស្រុក​វាលវែង ភ្នំ​ក្រវាញ និង​ស្រុក​ក្រគរ។

សកម្មជន​ដីធ្លី និង​ជា​តំណាង​សហគមន៍​ព្រៃឈើ​ឃុំ​ក្បាលត្រាច លោកស្រី ឡោន ស៊ីវី ថ្លែង​ថា លោកស្រី​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ចំពោះ​សកម្មភាព​ចុះ​មូលដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​ដើម្បី​ស្វែង​យល់​ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ​ទុក្ខ​លំបាក​របស់​ជន​រងគ្រោះ​ពិត​ប្រាកដ ឬ​អ្នក​ដែល​មិន​គាំទ្រ​គណបក្ស​កាន់​អំណាច មិន​ត្រូវ​បាន​គេ​មើល​ឃើញ ឬ​យក​ទៅ​ដោះស្រាយ​ឲ្យ​ឡើយ៖ «ចុះ​ពាក្យ​ប្ដឹង​រឿង​ដីធ្លី​ស្រុក​ក្រគរ មិន​ទាន់​ចប់​ណា! ដូច​នៅ​ឃុំ​ឈើតុំ ឃុំ​ស្នាអន្សា អី​នៅ​តែ​រឿងរ៉ាវ​រហូត​ដដែល។ ចង់​ទៅ​ជួប (លោក ហ៊ុន សែន) ក៏​មិន​បាន​ជួន​ដែរ គ្រាន់​តែ​អង្គរក្ស​គេ​មិន​ដឹង​ជា​ប៉ុន្មាន​សង្កាត់​ទេ។ កុំ​ថា ឡើយ​ទៅ​ដល់​នាយករដ្ឋមន្ត្រី សូម្បី​ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​ក៏ដោយ បើ​គាត់​មាន​ចេតនា​ចង់​ដោះស្រាយ​វា​មិន​យូរ​ទេ បើ​មិន​មាន​ចេតនា​ចង់​ដោះ​ទេ វា​នៅ​តែ​ហ្នឹង​យើង​ហ៊ាន​រើ​បន្តិច​គេ​រឹត»

ចំណែក​សកម្មជន​ម្នាក់​ទៀត លោក គុជ វ៉េង ឲ្យ​ដឹង​ថា អ្នក​​ស្រឡាញ់​យុត្តិធម៌​សង្គម ឬ​ផល​ប្រយោជន៍​រួម​ត្រូវ​បាន​គេ​រក​រឿង​ចោទ​ប្រកាន់ ហើយ​និន្ទា​ថា ជា​មនុស្ស​ខូច​ដើម្បី​បង្វែរ​សាច់​រឿង​ផ្សេង។ លោក​ថា ជាក់ស្ដែង​សកម្មភាព​ឈូស​ឆាយ និង​ដុត​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​នៅ​ស្រុក​ភ្នំក្រវាញ កំពុង​កើ​ត​មាន​ច្រើន​ករណី ប៉ុន្តែ​អាជ្ញាធរ​មិន​ខ្វល់​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ធនធាន​ធម្មជាតិ​អស់​សង្ឃឹម៖ «បញ្ហា​ត្រូវ​បាន​លាក់បាំង​ទាំង​អស់ ដោយសារ​ប្រជាពលរដ្ឋ​រាល់​ថ្ងៃ​នេះ​លែង​តវ៉ា​ហើយ​គាត់​ថា ពេល​តវ៉ា​ទាមទារ​ផល​ប្រយោជន៍​រួម វា​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​លើ​គាត់​ដដែលៗ។ គេ​មិន​លើក​កម្ពស់​អ្នក​ដែល​ការពារ​ទេ គេ​បែរ​គាប​សង្កត់​អ្នក​ការពារ ហើយ​លើក​ស្ទួយ​អ្នក​ដែល​កាប់​បំផ្លាញ​ទៅ​វិញ។ ខ្ញុំ​អត់​ចង់​ឲ្យ​យក​ចំណុច​ការពារ​ព្រៃឈើ ឬ​បង្កើត​សហគមន៍​ព្រៃឈើ​ដោយ​ទៅ​គំរាម​កំហែង​យក​ដី​ពលរដ្ឋ​មក​ធ្វើ​ដូច​នៅ​ឃុំ​ស្នា​អន្សា​អី​ទេ ខ្ញុំ​អត់​ចង់​បាន​ទេ​បើ​ធ្វើ​អ៊ីចឹង»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ បញ្ជាក់​ថា ករណី​ជម្លោះ​ដីធ្លី​គេ​មិន​អាច​កំណត់​ចំនួន ឬ​កំណត់​ពេល​វេលា​ជាក់​លាក់​ថា នឹង​ដោះស្រាយ​ចប់​នៅ​ពេល​ណា​​ទេ ព្រោះ​ករណី​ជម្លោះ​ដីធ្លី​​កើត​មាន​ឡើង​ថ្មីៗ​ទៀត។

លោក​ថា អាជ្ញាធរ​មិន​ចង់​អូស​បន្លាយ​រឿង​ដីធ្លី ឬ​រក្សា​ភាព​ស្ងប់ស្ងាត់​មិន​ចាត់​វិធានការ​ចំពោះ​អ្នក​រំលោភ​កាន់​ដី​រដ្ឋ ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត​នោះ​ទេ៖ «ការ​ពិត​អ្នក​ថា​ចេះ​តែ​ថា​ទេ! នៅ​តែ​មាន​វិធានការ​ក្ដៅ ព្រោះ​រាជរដ្ឋាភិបាល សម្ដេច​មក​ម្សិលមិញ​ក៏​ដាក់​វិធានការ​ក្ដៅ​ដែរ ចំពោះ​អ្នក​ដែល​រំលោភ​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​តាម​រយៈ​អាជ្ញាធរ ឬ​គណៈកម្មការ​គ្រប់គ្រង​ដីធ្លី។ ករណី​ចាស់​នៅ​តែ​ឃុំ​ថ្មដា (ស្រុក​វាលវែង) យើង​កំពុង​ដោះ​មីន រៀបចំ​ដី​ជូន​គាត់​ហើយ ហើយ​រឿង​ទី​២ នៅ​ភូមិ​ជ្រៃក្រឹម (ស្រុក​ភ្នំក្រវាញ) នៅ​សល់​ជាង ២០​គ្រួសារ ដោយសារ​គាត់​មិន​ទាន់​ពេញ​ចិត្ត​តាម​អាជ្ញាធរ​ដែល​បាន​ផ្ដល់​ដី​ជូន»

ទោះជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន សង្កេត​ឃើញ​ថា វិធានការ​ក្ដៅ​ចំពោះ​អ្នក​រំលោភ​កាន់​កាប់​លើ​ដី​របស់​រដ្ឋ ហើយ​ល្បឿន​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​បាន​ធ្លាក់​ចុះ នៅ​មុន​ពេល​រដូវ​ឃោសនា​បោះ​ឆ្នោត​ចូល​មក​ដល់​ម្ដងៗ។ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់ ឬ​ប្រើ​វិធានការ​ក្ដៅ​ជា​ជាង​ការ​សម្របសម្រួល នឹង​កើត​មាន​ក្រោយ​បោះ​ឆ្នោត​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។