ចោរ​មួយ​ក្រុម​ចូល​ប្លន់​ថៅកែ​រោងចក្រ​បង្ហូរឈាម​គ្នា​ពេញ​បន្ទប់

រាជធានី​ភ្នំពេញ ៖ ចោរ​មួយ​ក្រុម​បាន​ចូល​ប្លន់​ក្នុង​រោងចក្រ ធ្វើ​ឱ្យ​ថៅកែ​ជា​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​រង​របួសធ្ងន់ និង​ចោរ​ម្នាក់​ក៏​របួសធ្ងន់​ដែរ ចំណែក​បក្សពួក​៥​នាក់​ទៀត​ប្លន់​យក​បាន​លុយ​និង​របស់​មាន​តម្លៃ​រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល ។ ករណី​នេះ ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា  នៅ​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ​កន្លែង​ជាប់​របង​វត្ត​អង្គ​តា​មិ​ញ ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​និយាយ​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ គេ​បានឮ​សំឡេង​ឆ្កែ​ព្រុស​យ៉ាង​ខ្លាំង និង​សំឡេង​ស្រែក​ឱ្យ​ជួយ​ផង ទើប​អ្នក​ភូមិ​នាំ​គ្នា​ចេញ​មក​មើល​ក៏​ឃើញ​ជន​ម្នាក់​ប្រឡាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់​រង​របួសធ្ងន់ ដេក​ដួល​នៅ​លើ​ស្មៅ​ជាប់​របង​រោងចក្រ ។ ពេល​ឃើញ​បែប​នេះ ពួក​គាត់​សួរនាំ​ក៏​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​មាន​គ្នា​៦​នាក់​បាន​ចូល​លួច​ក្នុង​រោងចក្រ ។ ខណៈ​ពេល​ផ្លោះ​របង​ចូល​ក្នុង​រោងចក្រ មាន​ម្នាក់​ជា​អ្នក​នៅ​ចាំ​មើលផ្លូវ​និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៥​នាក់​ទៀត​បាន​សម្រុកចូល​ទៅ​ក្នុង​រោងចក្រ​លួច​យក​របស់របរ និង​របស់​មាន​តម្លៃ តែ​ត្រូវ​ថៅកែ​ជា​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ដឹង​ចេញ​មក​ប្រវាយប្រតប់ ទើប​ពួក​គេ​វាយ​ឲ្យ​រង​របួសធ្ងន់ ទាំង​២​នាក់ ។

ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្នាក់​នៅ​ក្នុង​រោងចក្រ​ដែរ ភ័យ​ពេក​បាន​រត់ឡើង​ទៅ​ពួន​លើដំបូល​រោងចក្រ​មិន​មាន​រង​របួស​ទេ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រោងចក្រ​មាន​ជនជាតិ​ចិន​ស្នាក់​នៅ​៣​នាក់ គឺ​២​នាក់​ប្តី​ប្រពន្ធ និង​បុរស​ម្នាក់ ។ ចំណែក​ក្រុម​ចោរ​មាន​គ្នា​៦​នាក់ តែ​ចូល​ទៅ​ធ្វើ​សកម្មភាព​នៅ​ក្នុង​រោងចក្រ​៥​នាក់ ។ ក្រោយ​ពេល​កើតហេតុ​ជន​៥​នាក់​បាន​រត់គេច​ខ្លួន​ទៅ​បាត់​អស់ នៅ​សល់​តែ​ម្នាក់​បាន​ដើរ​តាម​របង​និង​ធ្លាក់​ពីលើ​របង​បាក់ជើង​រង​របួសធ្ងន់ ទើប​រត់​មិន​រួច ។ ភ្លាម​ៗ​នោះ​ដែរ អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​មាន​ជនជាតិ​ចិន​២​នាក់​បើករថយន្ត​១​គ្រឿង​មក​ដល់​បើកទ្វារ​ចូល​ទៅ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ដួល​នៅ​ជាប់មាត់​ទ្វារ​បន្ទប់ រង​របួស​បាក់ជើង​និង​បែកក្បាល​ហើយ​មាន​ញញួរ​មួយ​នៅ​ជិត​នោះ​ផង ។ ចំណែក​បុរស​ជា​ប្តី​នៅ​ខាងក្នុង​បន្ទប់​ប្រឡាក់​ឈាម​ពេញ​ខ្លួន​បែកក្បាល និង​បាក់ជើង​ដូច​គ្នា ។

តាម​ចោរ​ម្នាក់​ដែល​ចាប់​បាន​សារភាព​ថា​រូបគេ​ឈ្មោះ ចេក ច​ន្នី អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន ពួក​គេ​បាន​មក​លួច​ម្តង​ហើយ ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើ គឺ​លួច​បាន​ទូរស័ព្ទ​ដៃ​និង​ឡេ​ប​ថប​១​គ្រឿង ។ បន្ទាប់​ពី​មានការ​បាត់​ទូរស័ព្ទ​និង​ឡេ​ប​ថប ថៅកែ​ក៏​បញ្ឈប់​សន្តិសុខ​ម្នាក់​នោះ​ពី​ការងារ ហើយ​សន្តិសុខ​នោះ​ក៏​ស្ថិត​ក្នុង​ចំណោម​ពួក​គេ​ទាំង​៦​នាក់​នេះ​ដែរ ។

ចោរ​បាន​សារភាព​ទៀត​ថា នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ពួក​គេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង និង​ទៅ​ជក់​ថ្នាំ​ញៀន​នៅ​ត្រពាំង​ឈូក មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រួច​ហើយ​បបួល​គ្នា​ចូល​ក្នុង​រោងចក្រ​ដើម្បី​លួច​លុយ​និង​សម្ភារ​ម្តងទៀត ។

ចោរ​សារភាព​ទៀត​ថា ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​រោងចក្រ ស្រាប់តែ​ថៅកែ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ដឹង​ទាន់​ក៏​មានការ​ប្រវាយប្រតប់​គ្នា បណ្ដាល​ឱ្យ​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​ព្រោះ​ធ្លាក់​ពីលើ​របង​បាក់ជើង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ។ ចំណែក​ជនសង្ស័យ​ចោរ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ដោយឡែក​របស់​មាន​តម្លៃ​និង​លុយ ត្រូវ​ពួក​ចោរ​ដែល​គេចខ្លួន​រួច​នោះ​យក​ទៅ​អស់ហើយ ។ ជុំវិញ​ករណី​ខាងលើ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ៕