រកមុខយូរហើយ! ២ថ្ងៃមុន​បាត់អស់​៣០០ដុល្លារ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ចាប់ខ្លួន​ ​និង​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សា​សួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ កាលពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៣ ​សីហា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​​បន្ទាប់​ពី​ត្រូវគេតាមទាន់​កំពុង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់ ផ្ទះ​ជួល​​មួយ​របស់​ខ្លួន​លួច​យក​ទ្រព្យសម្បត្តិ ដែល​​​ជនសង្ស័យ​នៅ​មិន​ទាន់​យក​បាន​អ្វី​នៅឡើយទេ ប៉ុន្តែ​កាលពី​២​​ថ្ងៃមុន ជន​រង​គ្រោះ​បាន​​បាត់​លុយ​អស់​ចំនួន​៣០០​ដុល្លារ​ម្ដង​រួច​មក​ហើយ ដែល​សង្ស័យ​ថា ជន​នោះ​ជា​អ្នក​លួច ទើប​ពេល​តាម​ទាន់ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង​។ 

ជនសង្ស័យឈ្មោះ​សួង វាសនា អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ចំណែក​ជន​រង​គ្រោះដែល​ជា​ម្ចាស់​បន្ទប់ឈ្មោះខឹ​ម ណេ​ត អាយុ​៣១​ឆ្នាំ ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ក្នុងភូមិ​កើត​ហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ ក្នុងភូមិ​ចាន់ ឃុំ​ច្រនាង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ហើយ​កាលពី​២​ថ្ងៃមុន​ ត្រូវ​ចោរលួច​អស់​លុយ​ចំនួន៣០០​ដុល្លារ​ម្ដង​មក​ហើយ​។

បុរស​ម្ចាស់​បន្ទប់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ទៅ​ធ្វើ​ការងារនៅ​ក្នុង​រោងចក្រ លុះដល់​ពេល​កើតហេតុ​ ក្រោយ​ពេលចេញពី​ធ្វើការ​ត្រឡប់​ទៅ​ដល់​ផ្ទះឃើញ​ទ្វារ​ចំហរ ខ្លួន​ក៏​បានស្ទុះ​ចូល​ទៅ​មើល ឃើញ​ជនសង្ស័យ​​កំពុង​ស្ថិត​នៅ​ក្នុង​នោះ និង​កំពុង​រើ​កកាយ​អីវាន់ ​ទើប​ខ្លួន​ចាប់​នាំទៅ​ប្រគល់​ឲ្យ​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ។

ទោះបីជា​ពេល​នេះ ជន​នោះ​មិន​ទាន់​លួច​បាន​អ្វី​ក៏​ដោយ ប៉ុន្តែ​ខ្លួន​មានការ​សង្ស័យ​ថា ជន​នោះ​គឺជា​អ្នក​លួច​លុយ​របស់​ខ្លួន កាលពី​ថ្ងៃមុន​ចំនួន​៣០០​ដុល្លារ​ម្ដង ហើយ​ពេល​នេះ​ ញ៉ាម​ទើប​ចូល​លួច​ម្ដងទៀត​៕