ក្រុម​គ្រូពេទ្យ​ភ្នែក​អូស្ត្រាលី​នឹង​ផ្ដល់​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​គិត​​ថ្លៃ

គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ជូន​ដំណឹង​ថា នៅ​មន្ទីរពេទ្យ​នេះ ក្រុម​គ្រូពេទ្យ​ភ្នែក​អូស្ត្រាលី នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ រយៈ​ពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​១៥ ដល់​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា​នេះ។

វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ-​សូវៀត អ្នកស្រី​វេជ្ជបណ្ឌិត ឱ ធីតា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ និង​ភ្នែក​ដុះ​កន្ទុយ​ថ្លែន​ប៉ុណ្ណោះ៖ «ប្រជាជន​គ្រប់​ខេត្ត​ឱ្យ​គាត់​អញ្ជើញ​មក ក្រុម​គ្រូពេទ្យ​ខ្មែរ​រៀបចំ​ទទួល​ប្រជាជន​ខ្មែរ​ទាំង​អស់​ទូទាំង​ប្រទេស​ហ្នឹង រៀបចំ​កត់​ឈ្មោះ ពិនិត្យ​ជាង ហើយ​ក្រុម​គ្រូពេទ្យ​អូស្ត្រាលី ក៏​គាត់​ពិនិត្យ​ជូន ហើយ​និង​គាត់​ទទួល​វះ​កាត់​ជូន។ គេ​មក​មួយ  team (ក្រុម) របស់​គេ​ហ្នឹង​រៀបចំ​វះ​កាត់​ជូន​តែម្ដង។ ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​មក​បក ព្រោះ​អី​អូស្ត្រាលី គាត់​មិន​ងាយ​មាន​ពេល​ចុះ​មក​អ៊ីចឹង​ទេ។ បើ​គិត​ទៅ ក្នុង​មួយ​ថ្ងៃ​មួយ​រយ​នាក់​ហ្នឹង គាត់​ធ្វើការ​ព្រឹក​ផង​ល្ងាច​ផង មិន​ធ្វើការ​មួយ​ទេ»

កម្មវិធី​នេះ​ជា​កិច្ចសហការ​រវាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត និង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ភ្នែក​នៃ​អង្គការ​ប្រទេស​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា ស៊ីសា (CISA=Cambodian International Socialite Australia)។

វេជ្ជបណ្ឌិត ឱ ធីតា ឱ្យ​ដឹង​ដែរ​ថា កម្មវិធី​ពិនិត្យ និង​វះកាត់​ឥត​បង់​ថ្លៃ​នឹង​មាន​មួយ​លើក​ទៀត​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​២២ ដល់​ថ្ងៃ​ទី២៤ សីហា។ អ្នក​ស្រី​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​ជំងឺ​ភ្នែក​ឡើង​បាយ និង​ភ្នែក​ដុះ​កន្ទុយ​ថ្លែន​ឱ្យ​រួសរាន់​មក​ទទួល​សេវា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។