បើ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា កុំ​នាំ​កូន​ឱ្យ​ឈ្លោះ​គ្នា​តាម​ដែរ​ និពន្ធដោយ : សច្ចវិទូ       August-13-2016, 9:59 pm         40

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បើ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា កុំ​នាំ​កូន​ឱ្យ​ឈ្លោះ​គ្នា​តាម​ដែរ​​ភ្នំពេញ​៖ នៅលើ​ពិភពលោក​នេះ​គ្មាន​គ្រួសារ​ណាមួយ​ដែល​អាច​គេច​ផុតពី​ការខ្វែងគំនិត​គ្នា ឬ​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​ឡើយ​។ ជម្លោះ​ខ្លះ​តូចតាច​អាច​ដោះស្រាយបាន ឯ​ជម្លោះ​ខ្លះទៀត​ធំ​មិនអាច​ដោះស្រាយបាន ឬ​មិនអាច​សម្របសម្រួល​បាន​រហូតដល់​មានការ​លែងលះគ្នា ជាដើម​។ តើ​មាន​វិបាក​អ្វីខ្លះ​កើតចេញពី​ការបែកបាក់​គ្នា​នេះ​?

​ជាទូទៅ គេ​បាន​រកឃើញថា ការបែកបាក់​គ្រួសារ ឬ​ប្ដី​ប្រពន្ធ អាច​បណ្ដាលមកពី​មូលហេតុ​ជាច្រើន ដូចជា ការ​ប្រចណ្ឌ ភាពមិនស្មោះត្រង់​(​សេចក្ដី​សេ្ន​ហា ឬ​ទ្រព្យសម្បត្តិ​) អំពើហិង្សា​(​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ​) ការ​ញៀន​ស្រា ញៀន​គ្រឿងញៀន ញៀន​ល្បែងស៊ីសង ការ​ភ្លើតភ្លើន​នឹង​ការសប្បាយ​ហួសហេតុ ភាពលម្អៀង​ទៅរក​សាច់ញាតិ​ម្ខាងៗ និង ការជ្រៀតជ្រែក​ពី​ឪពុកម្ដាយ សាច់ញាតិ ឬ​អ្នកជិតខាង ជាដើម​។​

​ក្នុង​ករណីខ្លះ ក្រោយពេល​បែកបាក់ ភាគី​ប្ដី​ប្រពន្ធ​ខ្លះ ក្លាហាន ហ៊ាន​និយាយ​ការណ៍​ពិត សារភាព​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស ដែលជា​មូលហេតុ​នាំទៅដល់​ការបែកបាក់ និង​ការទទួលខុសត្រូវ​ចំពោះ​ផល​នៃ​ការបែកបាក់​របស់​ពួកគេ​។ ប្ដី​ប្រពន្ធ​ប្រភេទ​នេះ បើទោះបីជា​បាន​បែកបាក់​គ្នា ឬ​លែងលះគ្នា តាមផ្លូវ​ច្បាប់ ឬ​តាម​ទម្លាប់​ក៏ដោយ ក៏​ពួកគេ​មិន​យកគ្នា​ជាស​ត្រូវ​ដែរ​។ ពួកគេ​សុខចិត្ត​បែងចែក​ទ្រព្យសម្បត្តិ​(​ករណី​មានទ្រព្យ​រួម​) ព្រម​ទទួល​កាតព្វកិច្ច​ចិ​ញ្ជឹ​ម​កូន​តាមច្បាប់​កំណត់ ឬ​តាម​ទឹក​ចិត្តជា​ឪពុកម្ដាយ និង​នៅតែ​រាប់អាន​គ្នា​ជា​មិត្ត ទាំង​អតីត​គូ​សម្ព័ន្ធ​និង​សាច់ញាតិ​ទាំងសងខាង​។     

​ប៉ុន្តែ ភាគី​ប្ដី​ប្រពន្ធ​ខ្លះទៀត ក្រោយពេល​បែកបាក់ ពួកគេ​ពុំ​ក្លាហាន ហ៊ាន​និយាយ​ការណ៍​ពិត សារភាព​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស ដែលជា​មូលហេតុ​នាំទៅដល់​ការបែកបាក់​នោះឡើយ ហើយ​ពួកគេ​ក៏​មិន​ទទួលខុសត្រូវ​ចំពោះ​ផល​នៃ​ការបែកបាក់​របស់​ពួកគេ​ដែរ​។ មិនតែប៉ុណ្ណោះ ពួកគេ​បាន​ព្យាយាម​មួលបង្កាច់ ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក​។ អតីត​គូ​សម្ព័ន្ធ​ប្រភេទ​នេះ មិន​គ្រាន់តែ​បានចាត់ទុក​គ្នា​ជាស​ត្រូវ​ប៉ុណ្ណោះ​ទេ សូម​ប្បី​តែ​សាច់ញាតិ​ទាំងសងខាង​ក៏បាន​ក្លាយទៅជា​មនុស្ស​ដែលមាន​អរិភាព​ជាមួយគ្នា​ដែរ​។ លើសពីនេះ​ទៀត រឿង​ដែល​ពួកគេ​មិនគួរ​ធ្វើ​នោះ ក៏​ពួកគេ​បានធ្វើ​ដែរ ពោលគឺ​ក្នុងករណី​ភាគី​ណាមួយ​ដណ្ដើមយក​កូន​បាន ឬ​ត្រូវបាន​តុលាការ​ផ្ដល់​សិទ្ធិ​ឱ្យ​ថែរក្សា​កូន ភាគី​នោះ​ព្យាម​រារាំង​មិនឱ្យ​កូន​ជួប​ជាមួយ​ឪពុក​ឬ​ម្ដាយ ឬ​សាច់ញាតិ​ខាង​ប្ដី ឬ​ប្រ​ព្ធ និង​ថែមទាំង​ព្យាយាម​បណ្ដុះ​គំនិត​ឱ្យ​កូន​ស្អប់​ឪពុក​ឬ​ម្ដាយ​របស់គេ ដោយ​លើក​ហេតុផល​បែបនេះ ឬ​បែប​នោះ ជាដើម​។​

​តាមពិតទៅ គ្រួសារ​មួយ​មាន​សុខដុម ឬ​បែកបាក់​មិនមែន​អាស្រ័យ​លើ​កូនៗ​នោះទេ វា​អាស្រ័យ​លើ​ឥរិយាបថ ការចាត់ចែង​គ្រួសារ និង​ការសម្រេចចិត្ត​របស់​ប្ដី​ប្រពន្ធ ឬ​ឪពុកម្ដាយ​។ ប្រសិនបើ​កូន​នៅ​តូចៗ​ទៀត ពួកគេ​រឹតតែ​មិន​ទាក់ទង​នឹង​ការបែកបាក់​គ្រួសារ​នោះ​ទាល់តែសោះ​។ ផ្ទុយទៅវិញ ពួកគេ​គឺជា​អ្នករងគ្រោះ​ដោយសារតែ​ទង្វើ ការសម្រេចចិត្ត និង​ការ​លែងលះ​របស់​ឪពុកម្ដាយ​របស់គេ​។ ការណ៍​ដែល​ពួកគេ​ក្លាយជា​ក្មេង​ដែល​ខ្វះ​ការ​កក់ក្ដៅ​និង​ការថែរក្សា​ពី​ឪពុក​ឬ​ម្ដាយ វា​ជា​រឿង​កំសត់​មួយ​ទៅហើយ ចុះ​ហេតុ​ក៏មាន​ឪពុក​ឬ​ម្ដាយ​ខ្លះ ព្យាយាម​បញ្ចុះបញ្ចូល​កូន​របស់ខ្លួន​ឱ្យ​ស្អប់​ឪពុក​ឬ​ម្ដាយ​របស់ខ្លួន​ទៀត​។​

​ដើម្បី​កុំឱ្យ​កូន​ដែល​ស្ថិតក្នុង​គ្រួសារ​បែកបាក់​រវាង​ឪពុក​និង​ម្ដាយ បន្ត​ក្លាយជា​អ្នករងគ្រោះ​ដោយ​អយុត្តិធម៌​ដោយ​ស្វះ​ភាពកក់ក្ដៅ​ពី​ឪពុក​ឬ​ម្ដាយ គ្មាន​អ្នក​ឧបត្ថម្ភ និង​ផ្គត់​ផ្គង​ឱ្យ​រៀន​រៀនសូត្រ ឪពុកម្ដាយ​ដែល​បាន​លែងលះគ្នា ត្រូវតែ​ហ៊ាន​ទទួលស្គាល់​ការណ៍​ពិត និង​ទទួលខុសត្រូវ​ចំពោះ​ផល​នៃ​ការបែកបាក់​របស់ខ្លួន​។ លើសពីនេះ​ទៀត ពួកគេ​ត្រូវ​បែងចែក​ឱ្យដាច់​រវាង​ទំនាក់ទំនង​របស់​ប្ដី​ប្រពន្ធ និង​ទំនាក់ទំនង​របស់​កូនៗ​ជាមួយ​ឪពុកម្ដាយ​។ តាមពិត បើទោះបីជា​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ត្រូវបាន​កាត់ផ្ដាច់​ក៏ដោយ ក៏​ទំនាក់ទំនង​មនោសញ្ចេតនា និង​សេចក្ដីស្រឡាញ់​រវាង​កូន​និង​ឪពុកម្ដាយ​មិនអាច​កាត់ផ្ដាច់​បានទេ​បើ​យោងទៅតាម​គោលការណ៍​សីលធម៌ សិទ្ធិមនុស្ស និង​ច្បាប់​រដ្ឋ​។ ហេតុនេះ ឪពុក​ឬ​ម្ដាយ​ទាំងឡាយណា ដែល​ព្យាយាម​បញ្ចុះបញ្ចូល​កូន​របស់ខ្លួន​ឱ្យ​ស្អប់​ឪពុក​ឬ​ម្ដាយ និង​មិនឱ្យ​កូន​មាន​ទំនង​ទំនង​ជាមួយ​សាច់ញាតិ​របស់គេ គួរ​ចៀសវាង​ឱ្យបាន​៕