Q&A: ស្វាមី​ប្រាប់ថា​មាន​ស្នេហា​ជាមួយ​អ្នកធ្វើការ​ជាមួយ តើ​ឱ្យ​ខ្ញុំ​គួរ​ដោះស្រាយ​យ៉ាង​?​

6 Videos


ស្ត្រីមានវិបត្តិ
គាត់បានបង្ហាញទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់នៅចំពោះមុខមិត្តរួមការងារហើយមកនិយាយប្រាប់នាងខ្ញុំថាគាត់ចង់រស់នៅជាមួយស្ត្រីនោះដោយស្នើឱ្យនាងខ្ញុំទទួលយក ។ នាងខ្ញុំស្មានថាគាត់និយាយលេងសើច ប៉ុន្តែគាត់ថែមទាំងបាននិយាយប្រាប់បងប្រុសរបស់នាងខ្ញុំទៀតផង ។

ស្វាមី និង នាងខ្ញុំស្រឡាញ់គ្នាជាច្រើនឆ្នាំទើបរៀបការ ។ នាងខ្ញុំជឿជាក់និងមានសុភង្គលជាមួយគាត់ជាខ្លាំងព្រោះគាត់យកចិត្តទុកដាក់តែពីគ្រួសារនិងការងារ ។ ក្រោយមកទំនាក់ទំនងរបស់យើងក៏ហាក់ដូចជាមិនបានល្អដូចមុននិងមានការព្រងើយកន្តើយដាក់គ្នារហូតដោយមិនដឹងខ្លួន ។

បន្ទ្ទាប់ពីបង្កើតកូនបានពីរនាក់មនោសញ្ចេតនាប្តីប្រពន្ធនៅតែមិនបានប្រសើរឡើង ។ ក្រោយមកស្វាមីនាងខ្ញុំរកបានការងារថ្មីដែលនៅឆ្ងាយពីគ្រួសារគាត់ត្រូវជួលផ្ទ្ទះដោយឡែកដើម្បីស្នាក់នៅពេលនោះនាងខ្ញុំត្រូវនៅផ្ទ្ទះមើលថែកូនៗ ។

មិនយូរប៉ុន្មានគាត់មានស្រីហើយនាងក៏ទៅនៅជាមួយគាត់ ។ មិនតែប៉ុណ្ណោះប្តីនាងខ្ញុំថែមទាំងមិនបានក្រែងរអែងនៅ ពេលបង្ហាញទំនាក់ទំនងស្នេហានេះនៅចំពោះមុខមិត្តរួមការងារទៀតផង ។ ប៉ុន្មានខែក្រោយមកប្តីនាងខ្ញុំក៏ប្រាប់នាងខ្ញុំដោយត្រង់ៗថាគាត់មានស្រីហើយចង់ឱ្យនាងខ្ញុំព្រមទទួលស្គាល់នាងនោះទៀតផង ។ ជាងនេះទៅទៀតគាត់ថែមទាំងបានប្រាប់បងប្រុសរបស់នាងខ្ញុំអំពីរឿងនេះទៀតផង ។ រយៈពេលប្រហែល ២ ឆ្នាំក្រោយមកស្រីថ្មីរបស់ប្តីនាងខ្ញុំបង្កើតបានកូនម្នាក់ប៉ុន្តែប្តីនាងខ្ញុំថាគាត់មិនដែលយកចិត្តទុកដាក់ឬទៅសួរសុខទុកនាងនោះទេ ។

ប្រការនេះធ្វើឱ្យនាងខ្ញុំអរផងខ្លាចផងព្រោះស្រីម្នាក់ដែលអាចធ្វើឱ្យគាត់ក្បត់ប្រពន្ធក្បត់កូនបែរជាមិនទទួលបានការ យកចិត្តទុកដាក់ពីគាត់ តើនាងខ្ញុំនិងកូនៗអាចនឹងមានលទ្ធផលដូចស្រីរបស់គាត់ដែរឬយ៉ាងណា ? នាងខ្ញុំចង់លែងលះប៉ុន្តែនៅស្រឡាញ់និងនៅសង្ឃឹមថាថ្ងៃណាមួយលោកប្តីនឹងវិលត្រលប់មករកភាពដើមវិញ ។

ចំពោះស្ត្រីមានវិបត្តិ
ប្រសិនបើអ្វីដែលនាងនិយាយជាការពិត«ប្រជាប្រិយ»គិតថាស្វាមីរបស់នាងជាមនុស្សអត្មានិយម គឺស្រឡាញ់និងតម្រូវចិត្តតែលើខ្លួនឯង ។ គាត់មិនត្រឹមតែមិនស្រឡាញ់នាងប៉ុណ្ណោះទេ ថែមទាំងមិនគោរពនាងដែលជាភរិយាពេញច្បាប់ទៀតផង ។ នៅក្នុងគ្រួសារមួយដែលប្តីប្រពន្ធមិនគោរពគ្នាទៅវិញទៅមកវាមិនខុសអ្វីទៅនឹងការបែកបាក់គ្នានោះទេ ។

បុរសម្នាក់ដែលបានជ្រើសរើសស្រីផ្សេងដោយប្រាប់ប្រពន្ធត្រង់ៗហើយនោះប្រាកដណាស់ថាគាត់លែងស្រឡាញ់នាងដូចមុនទៀតហើយ តាមពិតគាត់គ្រាន់តែនៅមានមនោសញ្ចេតនាជាមួយកូនៗតែប៉ុណ្ណោះ ។ ដូច្នេះបើតាមការយល់ឃើញរបស់«ប្រជាប្រិយ»នាងប្រហែលជាគួរ គិតអំពីខ្លួនឯងនិងកូនៗឱ្យបានច្រើនជាជាងគិតដល់ស្វាមី ព្រោះថាគាត់ពេលនេះលែងនៅជាស្វាមីល្អដូចដើមរបស់នាងទៀតហើយ ។ ម្យ៉ាងទៀតប្រសិនបើនាងនៅតែទ្រាំលេបថ្មលេបក្រួសតទៅទៀតមិនយូរប៉ុន្មាននាងប្រហែលជាលែងទប់ទល់សម្ពាធផ្លូវចិត្តទៀតបានឡើយ ពេលនោះមិនដឹងថានឹងមានបញ្ហាអ្វីកើតឡើងនោះទេ ។

បើនាងយល់ថាខ្លួននៅតែស្រឡាញ់គាត់ ហើយនៅតែសង្ឃឹមថាគាត់នឹងវិលត្រលប់មករកភាពដើមវិញនោះអ្វីដែលនាងត្រូវធ្វើជាជំហានដំបូងគឺត្រូវស្វែងយល់អំពីទំនាក់ទំនងពិតប្រាកដរវាងស្វាមីនិងប្រពន្ធចុងរបស់គាត់ព្រមទាំងទំនាក់ទំនងផ្សេងៗរបស់គាត់ ។ នៅពេលដឹងប្រាកដថាគាត់មិនមានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេងពេលនោះនាងអាចសម្រេចចិត្តរង់ចាំការវិលមករកភាពដើមរបស់គាត់ ។ ផ្ទុយទៅវិញប្រសិនបើរកឃើញថាគាត់មានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេងក្រៅពីប្រពន្ធចុងទៀតនោះ វាដល់ពេលដែលនាងគួរនិយាយញក្យថា «លែងលះ» ប្រសិនបើនាងមិនចង់ឱ្យខ្លួនឯងមានបញ្ហាផ្លូវចិត្តដោយសារតែរឿងស្នេហាតទៅទៀតនោះ ៕