ប្អូន​ជី​ដូន​មួយ​ ខៀវ សុខារ៉ាវី ត្រូវ​ជនមិន​ស្គាល់​មុខបាញ់​ស្លាប់មុន​នេះ

តាម​លោក​ សាន ប៊ុនធឿន រាយការណ៍​មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​មក​ថា ប្អូន​ជីដូន​មួយ​ម្នាក់​របស់​តារា​សម្ដែង ខៀវ សុខារ៉ាវី ត្រូវ​បាន​បាញ់​សម្លាប់​មុន​នេះ នៅ​ក្នុង​ Star Mart មួយ​ក្នុង​ផ្ទះ​របស់​តារា​សម្ដែង​នេះ​តែ​ម្ដង។

 

ប្អូន​ជី​ដូន​មួយ​ ខៀវ សុខារ៉ាវី ត្រូវ​ជនមិន​ស្គាល់​មុខបាញ់​ស្លាប់មុន​នេះ

 

ខៀវ សុខារ៉ាវី រ(រូបថត៖ហ្វេសប៊ុក)

 

សាន ប៊ុនធឿន បាន​អធិប្បាយ​ទៀត​ថា លោក​បាន​ទទួល​ដំណឹង​​នេះពី​​តារា​ស្រី​ខាង​លើ​នេះ​ផ្ទាល់ ទើប​លោក​ធ្វើ​សេចក្ដី​រាយការណ៍​ភ្លាម​ៗ។ ដូច​គ្នា​នឹង​ការ​រាយ​ការណ៍​​របស់​លោក សាន ប៊ុនធឿន ដែរ ខៀវ សុខារ៉ាវី បាន​ប្រាប់ Sabay តាម​ទូរសព្ទ​អម្បាញ់មិញ​នេះ​ថា ពិត​ជា​មាន​ហេតុការណ៍បាញ់​ប្រហារ​លើ​សាច់​ញាតិរបស់​នាង​មែន។

 

“គេ​បាញ់​ប្អូន​ជីដូន​ខ្ញុំ​បង ឥឡូវ​គេ​ដាច់​ខ្យល់​ទៅ​ហើយ…”។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ប្រមាណ​ជា​កន្លះ​ម៉ោង​មុន​នេះ នៅ​នឹង​ក្នុង​ម៉ាត​ ក្នុង​ផ្ទះ ខៀវ សុខារ៉ាវី តែ​ម្ដង ដែល​មាន​ទីតាំង​នៅ​ម្ដុំ​មាត់​ទន្លេ។តារា​ស្រី​រូប​នេះ​ប្រាប់​ថា ប្អូន​ជីដូន​មួយ​នាង​ឈ្មោះ ដារ័ត្ន មាន​អាយុ ប្រមាណ​ជាង ២០​ឆ្នាំ ប៉ុន្តែ​នាង មិន​ទាន់​ដឹង​ថា ដើម​ហេតុ​បណ្ដាល​មក​ពី​អ្វី​​នៅ​ឡើយ​ទេ។

 

ក្រៅ​ពី​ប្អូន​ជីដូន​មួយដែល​បាត់បង់​ជីវិត ប្អូន​ប្រុស​បង្កើត​របស់ ខៀវ សុខារ៉ាវី ឈ្មោះ ខៀវ ថនវណ្ឌី ត្រូវ​ប៉ូលីស​ឃាត់​ខ្លួនយក​ទៅ​សាក​សួរ​​ដែរ៕

 

អត្ថបទ៖ ទារិកា