ក្រសួង​ព័ត៌មាន​​ព្រមាន​​ចាត់​ការ​​លើ​​​អាចារ្យ A រឿង​​នារី​«ខារាអូខេ»

ខណៈនេះ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការសោតទស្សន៍ ទទួល​បន្ទុក​លើកិច្ចការវិទ្យុ និង​ទូរទស្សន៍ កំពុង​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​មួយ ដើម្បី​ចាត់ការ​ទៅ​លើ​ពាក្យសម្តី របស់អាចារ្យ A ឬ​លោក សេង ប៊ុនវ៉េង នាយក​វិទ្យុ ABC ដែល​បាន​ថ្លែង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ទាក់ទង​នឹង​ស្ត្រី​បម្រើ​ការងារ នៅ​តាម​ហាង​ខារាអូខេ និង​ដែល​ក្រសួង​គិត​ថា បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​ស្ត្រី។ នេះ​បើតាម​ការ​អះអាង របស់​អ្នក​នាំ​ពាក្យ​ក្រសួង លោក អ៊ុក គឹមសេង។
ក្រសួង​ព័ត៌មាន​​ព្រមាន​​ចាត់​ការ​​លើ​​​អាចារ្យ A រឿង​​នារី​«ខារាអូខេ»

នាយកវិទ្យុ ABC លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A។ (រូបថត ហ្វេសប៊ុក)

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក អ៊ុក គឹមសេង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាននិយាយថា ក្រសួងព័ត៌មាននៅពេលនេះ កំពុងរៀបចំកិច្ចប្រជុំមួយ ដើម្បីចាត់ការ ទៅលើការ​ធ្វើ​អត្ថាធិប្បាយ​មួយ របស់នាយកវិទ្យុ ABC លោក សេង ប៊ុនវ៉េង ហៅអាចារ្យ A ដែលបានលើកពីស្ត្រីបម្រើការ នៅ​តាម​ហាង​ខារាអូខេ​ថា​ «គួរលក់ខ្លួន ឲ្យអ្នកមានលុយ​ ជាជាងបន្តអង្គុយកំដរ (ឬផឹកស្រាបៀរ) ជាមួយ​ភ្ញៀវ»។

អត្ថាធិប្បាយ​របស់​លោក​អាចារ្យ A បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហាកន្លងមក ដើម្បីតបទៅ​នឹង​សំណួរ របស់និស្សិតឆ្នាំទី៣ម្នាក់ ដែលកំពុងបម្រើការ ក្នុងហាងខារ៉ាអូខេមួយ។ និស្សិតរូបនោះ បានសួរ​លោក​ថា៖ «បើ​សិន​​ជាមានកូនអ្នកមាន ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើយើងត្រូវធ្វើយ៉ាងម៉េច»? លោកអាចារ្យ A ដែល​សម្បូរ​​ដោយ​​វោហា​ស័ព្ទ​ស្រាប់​ផង បានថ្លែងតបវិញ បែបវាហីថា៖ «រវាងយើងអង្គុយផឹក (ស្រា ឬស្រាបៀរ) រាល់​ថ្ងៃ និង​សុខ​ចិត្ត​លក់​ខ្លួន ឲ្យ​សេដ្ឋី​ហ្នឹង យកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង»។

សំដីរបស់លោក សេង ប៊ុនវ៉េង បានបង្កឲ្យមានប្រតិកម្មពីគ្រប់ទិស ទាំងនៅតាមបណ្ដាញសង្គម ទាំងពី​សំណាក់​​មន្ត្រីធ្វើការផ្នែកស្ត្រី របស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ ពួកគេសុទ្ធតែបានលើកឡើង រិះគន់​តប​​ទៅ​​លោក​​អាចារ្យ A វិញថា នាយកវិទ្យុរូបនេះ បានធ្វើឲ្យប៉ះពាល់​ដល់រូបភាពជាស្ត្រី ដល់សិទ្ធិស្ត្រី និង​បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការ​លក់ខ្លួន នៅក្នុងសង្គមកាន់តែច្រើនឡើង។ មន្ត្រីខ្លះទៀត បានចោទប្រកាន់ថា លោក​អាចារ្យ A កំពុង​បំផុស​ឲ្យ​​ធ្វើ​សញ្ចារកម្ម។

អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានបរិហារការធ្វើ​អត្ថា​ធិប្បាយ​​នោះ ថាបានប៉ះពាល់ទៅដល់ ច្បាប់ពេស្យាចារ្យ និងច្បាប់ឯកពន្ធភាព ។ អ្នកស្រីបានពន្យល់ថា អ្នក​ដែល​​យក​​លុយ ឬ​របស់​ផ្សេងៗ ជាថ្នូរដើម្បីរួមភេទ ទោះបីភាគីស្រ្តីយល់ព្រម ឬមិនយល់ព្រមក៏ដោយ ត្រូវ​តែ​មាន​ទោស។ អ្នកស្រី​បាន​និយាយ​ថា៖ «ប្រសិនបើបុរសក ដែលជាសេដ្ឋី គាត់យករបស់ ឬលុយកាក់ឲ្យទៅនាង សួរថា តើ​គាត់​មាន​ទោស​ឬអត់? គាត់ត្រូវមានទោស ពីបទពេស្យា ដែលមានចែងក្នុងមាត្រា២៣ នៃច្បាប់ស្តី​ពី​ការ​​ជួញ​ដូរ​​មនុស្ស។»។

ចំពោះក្រសួងព័ត៌មានវិញ បានប្រតិកម្មនឹងការលើកឡើង របស់លោក សេង ប៊ុនវ៉េង នេះ ដោយអះអាងថា កំពុង​​រងចាំសេចក្ដីសម្រេច ពីកិច្ចប្រជុំរបស់គណកម្មការ​សោតទស្សន៍ ទទួលបន្ទុកលើកិច្ចការវិទ្យុ និង​ទូរទស្សន៍​​​ជា​មុន​សិន។ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ដែលអះអាងថា លោកក៏បានស្ដាប់ឮ​ផ្ទាល់​ត្រជៀក នូវ​​សេចក្ដី​អត្ថាធិប្បាយ​ដែរ​នោះ បានអះអាងថា៖ «ក្រសួងកំពុងតែពិចារណាថា តើត្រូវ​រៀបចំ​ដំណើរ គេ​ហៅ​ថា ណែនាំ​យ៉ាង​ម៉េច ចំពោះអត្ថាធិប្បាយកាលពីម្សិល (សម្តីអាចារ្យA!) ខ្ញុំក៏បាន​ស្តាប់ឮ​នឹង​ត្រចៀក​ដែរ ហើយ​យើង​កំពុង​គិត​ថា យើងគួរធ្វើរបៀបម៉េច»។

លោក អ៊ុក គឹមសេង បានសង្កត់ធ្ងន់ថា៖ «ការ (ធ្វើ)​អត្ថាធិប្បាយ​ មិន​គិត​មុខ គិតក្រោយបែបនេះ អាចនឹង​ប៉ះ​ពាល់ ដល់សិទ្ធិសេរីរបស់ប្អូនៗជាស្ត្រី»៕